ការ​ប្រកួត​សម្រស់​​មួយ ស្ត្រី​ខ្មែរ​អាច​មាន​ឱកាស​ឈ្នះ​ប្រាក់​ជាង​៦ម៉ឺន​ដុល្លារ

  • 2018-02-27 03:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​គ្រោង​នឹង​នាំ​ស្ត្រី​ខ្មែរ​ចំនួន​១៥រូប​ទៅ​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ​​មួយ​មាន​ឈ្មោះ​ថា Queen Of The Spa ដោយ​​រង្វាន់​ជើង​ឯក​នៃ​ការ​ប្រកួត​នេះ​មាន​ទឹក​ប្រាក់​សុទ្ធ៦ម៉ឺន​ដុល្លារ បូក​និង​មកុដ​ពេជ្រ​មាន​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោកជំទាវ​បណ្ឌិត ហង្ស បូរី គណៈកម្មការ​មួយ​រូប​ក្នុង​ចំណោម​គណៈកម្មការ​ជា​ច្រើន​រូប​ទៀត​​នៃ​ការ​ប្រកួត​នេះ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ជំទាវ​បណ្ឌិត ហង្ស បូរី ​នេះ​ជា​លើក​ទី​១ហើយ​ដែល​ប្រទេស​កម្ពុជា បាន​បញ្ជូន​នារី​ខ្មែរ​ទៅ​ចូល​រួម​កម្មវិធី Queen of The Spa ​នេះ ដោយ​ក្នុង​នោះ​ស្ត្រី​ខ្មែរ​ចំនួន​១៥រូប​ទៅ​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ​​មួយ​​នេះ។ កម្មវិធី​គ្រោង​នឹង​ធ្វើ​ការ​​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្ងៃ​ទី៩ ដល់ ​ថ្ងៃ​ទី១៣ ខែ មេសា ឆ្នាំ ២០១៨។ ប្រទេស​ដែល​នឹង​ត្រូវ​ចូល​រួម​ការ​​​ប្រកួត​នេះ​មាន ប្រទេស​ចិន តៃវ៉ាន់ កម្ពុជា និងកូរ៉េ​ខាង​ត្បូង។

លោក​ជំទាវ​ដដែល បាន​មាន​ប្រសាសន៍​ថា បេក្ខនារី​ដែល​ចូល​រួម​ការ​ប្រកួត​នេះ​មិន​សំដៅ​ទៅ​លើ​កញ្ញា​ឡើយ អ្នក​ដែល​មាន​ស្វាមី​រួច​ហើយ ក៏​អាច​ចូល​រួម​បាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​អាយុ​ចាប់​ពី​១៨ឆ្នាំ រហូត​ដល់​៣៥ឆ្នាំ។ បេក្ខនារី មិន​ត្រឹម​តែ​ត្រូវ​មាន​រូប​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​​កិរិយាមាយាទ​ល្អ​ផង​ដែរ។ ជា​មួយ​គ្នា​នោះ​ដែរ ក្រៅ​ពី​អាច​មាន​ឱកាស​បាន​ឈ្នះ​រង្វាន់ពី​កម្មវិធី បេក្ខនារីនឹង​បាន​យល់​ដឹងពី​បទ​ពិសោធ​ គន្លឹះ​នៃ​បច្ចេកវិទ្យាទំនើប ពាក់ព័ន្ធ​នឹង​ស្ត្រី ការ​ផ្ដល់​សេវា​កម្ម​ផ្នែក​កែ​សម្ផស្ស​លើ​ពិភពលោក​ផង​ដែរ។

សម្រាប់​ប្រទេស​កម្ពុជា​បេក្ខនារី ដែល​បាន​ចូល​​រួម ការ​ប្រកួត​មាន​​ចំនួន​៤៥រូប ក្នុង​នោះគណៈកម្មការ​ ជ្រើសរើស​យក​តែ​១៥​រូប​ទេ។ បេក្ខនារី​ទាំង​១៥​រូប​ដែលត្រូវ​បញ្ជូន​ទៅ​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​គណៈកម្មការ​សម្រេចជ្រើសរើស​នៅ​ឡើយ​ទេ គឺ​រង់ចាំ​ការ​បោះ​ត្នោត​តាម​អនឡាញ​បន្ថែម​ទៀត។

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ កញ្ញា ធី សុវណ្ណថា ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សកម្មជន​នយោបាយ​នោះ ក៏​ត្រូវ​បាន​ចូល​រួម​នៃ​ការ​ប្រកួត​កម្មវិធី​នេះ​ផង​ដែរ ហើយ​កញ្ញាត្រូវ​បាន​គណៈកម្មការ​សម្រេច​ជ្រើសរើស​​យក​ទៅប្រកួត​នៅ​ប្រទេស​កូរ៉េ ដោយ​ស្វ័យប្រវត្តិតែ​ម្ដង។

ចំពោះ​​ទឹក​ប្រាក់​​ជយលាភីក្នុង​កម្មវិធី​លោកជំទាវ​បណ្ឌិត ហង្ស បូរី ប្រាប់​ថា ពានរង្វាន់​ជើង​ឯកទទួល​បាន​ទឹក​ប្រាក់៦ម៉ឺន​ដុល្លារ និង​មកុដ​ពេជ្រ​មាន​តម្លៃ​ជាង​៣ម៉ឺន​ដុល្លារ។ លេខ​ទី២ ទទួល​បាន​ទឹក​ប្រាក់៣ម៉ឺន​ដុល្លារ។ លេខ៣ទទួល​បាន ១៥ ០០០ ដុល្លារ និង លេខ​៤ ទទួល​បាន​ ៥ ០០០ ដុល្លារ។ ទោះយ៉ាងណាលោកជំទាវ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា ច្បាស់​ជា​អាច​ដណ្ដើម​ពានរង្វាន់​ណា​មួយ​ក្នុង​កម្មវិធី​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ដេត ធន្នី