បាត់​មុខ​ប៉ុន្មាន​ឆ្នាំ នេត សុចរិយា ត្រឡប់​មក​វិញ​ប្រកាស​ជំនួញ​ធំ​ពាក់​ព័ន្ធ​នឹង​សូត្រ​ខ្មែរ

  • 2018-02-28 03:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយដែល នេត សុ​ចរិយា បាន​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​ជាមួយ​មិត្ត​ប្រុស ដោយ​ទើប​តែ​ពេល​នេះ នាង​ក៏​បាន​ប្រកាស​ពី​ការ​វិល​ត្រឡប់​ជាមួយ​នឹង​ផែន​ការ​ជំនួញ​ធំ​ដុំ​មួយ ពាក់​ព័ន្ធ​នឹង​សូត្រ​ខ្មែរ។

នៅ​លើ​បណ្ដាញ​សង្គម នេត សុចរិយា បាន​ប្រាប់​ថា ឥឡូវ​នាង​បាន​ត្រឡប់​មក​វិញ​ហើយ។ បន្ថែម​ពី​លើ​នេះ តារា​ស្រី​តូច​ច្រឡឹង បាន​ប្រាប់ Sabay បន្ថែម​ថា នាង​នឹង​វិនិយោគ​ជំនួញ​មួយ​ឆាប់​ៗ គឺ​រង្វង់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​រៀប​ចំ​ផែនការ​រយៈ​ពេល​យូរ​មក​ហើយ។

ជំនួញ​នោះ គឺ​នាង​គ្រោង​បើក​ហាង​លក់​របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ធ្វើ​ពី​សូត្រ​ខ្មែរ ដែល​មាន​ជា​អាថ៌ ខ្នើយ ភួយ ជា​ដើម ជា​ប្រភេទ​ប្រើ​សម្រាប់​ការ​តុប​តែង​ក្នុង​ផ្ទះ (Home Decor)។ ហាង​នេះ​មាន​ឈ្មោះ​ថា “NATRIYA HOMESILK” និង​មាន​ទី​តាំង​នៅ​ម្ដុំ​វិមាន​ឯករាជ្យ។ យ៉ាង​នេះ​ក្ដី ចរិយា បាន​បដិសេធ​បញ្ចេញ​ពី​ទុន​ប្រើ​សម្រាប់​ចំណាយ​លើ​មុខ​ជំនួញ​ដំបូង​របស់​ខ្លួន​នេះ។

ជុំ​វិញ​ការ​បើក​មុខ​របរ​ប្លែក​ក្នុង​រង្វង់​សិល្បករ​ខ្មែរ​នេះ អតីត​ពិធី​ការិនី​ទូរទស្សន៍​រូប​នេះ ប្រាប់​ថា ជា​អ្វី​ដែល​នាង​ស្រឡាញ់ និង​ចង់​ប្រើ​ចំណែក​ខ្លះ​ដែល​ខ្លួន​អាច​ធ្វើ​បាន ជួយ​លើក​ស្ទួយ​ផលិត​របស់​ខ្មែរ។ "និយាយ​ទៅ​ខ្ញុំ​ស្រឡាញ់​មុខ​របរ​នេះ​យូរ​ហើយ កាល​ខ្ញុំ​នៅ​រៀន​មហាវិទ្យាល័យ ក៏​ខ្ញុំ​ធ្វើ​ការ​ខាង​ហ្នឹង​ដែរ អីចឹង​ខ្ញុំ​ស្រឡាញ់​តាំង​ពី​ហ្នុង​មក ម្យ៉ាង​ក៏​ចង់​លើក​កម្ពស់​សូត្រ​ខ្មែរ​យើង​ដែរ ព្រោះ​ឃើញ​ថា ឥឡូវ​គេ​បាន​ងាក​សូត្រ​បរទេស​ចង់​អស់​ហើយ តែ​តាម​ពិត​សូត្រ​ខ្មែរ​យើង​ល្អ​ណាស់​ បើ​ទោះ​ថ្លៃ​បន្តិច​ក៏​ដោយ!”។

ចរិយា បន្ត​ថា ទន្ទឹម​នឹង​ខ្មែរ​យើង​ងាក​ទៅ​ប្រើ​ផលិត​បរទេស​មាន សូត្រ​របស់​ចិន សូត្រ​ជប៉ុន វៀតណាម ថៃ​ជា​ដើម នាង​កត់​សម្គាល់​ឃើញ​ថា បរទេស​បែរ​ជា​ចូល​ចិត្ត​ប្រើ​សូត្រ​ខ្មែរ​ទៅ​វិញ បើ​ទោះ​ជា​មាន​តម្លៃ​ថ្លៃ​បន្តិច ប៉ុន្តែ​គុណភាព​ល្អ​ជាង។ "សំខាន់​ពួក​គេ​ឲ្យ​តម្លៃ​លើ​សូត្រ​យើង ព្រោះ​ខ្មែរ​យើង​ល្បី​ខាង​សូត្រ​នេះ សំខាន់​របស់​យើង​ធ្វើ​ពី​ដៃ​ផ្ទាល់​មួយ​សរសៃ​ៗ ទម្រាំ​បាន ពួក​គេ​ឲ្យ​តម្លៃ​លើ​ការ​ព្យាយាម និង​អត់ធ្មត់។ អីចឹង​ហើយ ខ្ញុំ​តែ​ចង់​ឲ្យ​មាន​សូត្រ​ខ្មែរ​ច្រើន​លើ​ទីផ្សារ​ចឹង​ណា​បង!”។

នេត សុចរិយា បាន​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ស្រុក​អំឡុង​ឆ្នាំ ចុង​ឆ្នាំ២០១៥ បន្ទាប់​ពី​នាង​បើក​ចំហ​ទំនាក់​ទំនង​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​សិង្ហបុរី​ ម៉ាឡេស៊ី និង​អូស្ត្រាលីមក។ រយៈ​ពេល​បាត់​មុខ​នេះ តារា​ស្រី​រូប​នេះ បញ្ជាក់​ថា នាង​បាន​ទៅ​រស់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជាមួយ​គូ​ស្នេហ៍​២​ឆ្នាំ​មក​ហើយ។ នាង​ទើប​តែ​វិល​ចូល​ស្រុក​វិញ​ថ្មី​ៗ ដើម្បី​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​ខាង​លើ។ ដោយ​ឡែក​គូ​ស្នេហ៍​របស់​នាង នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ឡើយ ដោយ​សារ​តែ​មិត្ត​ប្រុស​រូប​នោះ ជាប់​កិច្ចការ​ការងារ​នៅ​ទី​នោះ​ដែរ៕

អត្ថបទ៖ ទារិកា