ស្មាន​មិន​ដល់ អ្នក​រើស​អេតចាយ​ក៏មាន​តំបន់​កាន់​កាប់​ដែរ

  • 2018-03-03 01:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរ​រើស​អេត​ចាយ​​មាន​អ្នក​ប្រ​កប​មិន​តិចទេ​​នៅទីក្រុង​ភ្នំពេញ ហើយ​អ្នក​ប្រ​កប​របរនេះ​ខ្លះ​ដើរ​រើស​ពេល​ថ្ងៃ និង​ខ្លះ​ដើរ​រើស​ពេល​យប់​។ ទោះយ៉ាងណា​អ្នក​រើស​អេតចាយ​មិន​មែន​ចេះ​ដែរ​ដើររើស​បាន​គ្រប់​កន្លែង​ដែល​ខ្លួន​ចង់​នោះទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អតីត​អ្នក​រើស​អេត​ចាយ​ម្នាក់។

(លោក គង់ សុខលីម អតីតអ្ន​កប្រកប​របរ​រើសអេតចាយ និង​បច្ចុប្បន្ន​ជា​បុគ្គលិក​ផលិត​ធ្យូងអនាម័យ​នៅ​សហគ្រាសសង្គម​មួយ​នៅ​ម្តុំស្ទឹងមានជ័យ ភ្នំពេញ)

លោក គង់ សុខលីម បាន​បោះ​បង់​របរ​រើស​អេត​ចាយ​​ប្រាំ​បី​ឆ្នាំ​មក​ហើយ ក្រោយ​ពី​លោក​បាន​ទទួល​ការងារ​នៅ​ក្នុង​សហគ្រាស​សង្គម​មួយ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ។ លោក​ថា​របរ​រើសអេត​ចាយ​មិន​បាន​ផ្តល់​ចំណូល​ទៀង​ទាត់​ដល់​លោក​នោះទេ ដោយថា​ពេល​ខ្លះ​លោក​រកបាន​តែ​១៥ ០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

លោក​បន្ថែមថាៈ «របរហ្នឹងអត់ទៀង ជួន​រកបាន ជួន​អត់ ពេល​ខ្លះបាន​១៥ ០០០​រៀល បើ​ថ្ងៃ​មាន​​បុណ្យទាន គេរើ​ផ្អះអីគេចេះតែឲ្យយើង បាន​ដល់​៥ម៉ឺន​រៀល»។

លោក​ឲ្យ​ដឹង​ទៀតថា​លោក​ចេញ​រើស​អេត​ចន្លោះពី​ម៉ោង​៥ល្ងាចទៅ​ដល់​ម៉ោង​១២​យប់ ឬ​ទល់​ភ្លឺ​ក៏មាន។ ចំពោះ​ការ​ដើរ​រើស​នេះទៀត​សោត​លោក​ថា​មិនមែនចេះ​តែ​ដើររើសនោះទេ ពោល​គឺមិនអាច​ដើរ​ចូល​តំបន់​អ្នក​ដទៃនោះទេ។

លោក​ឲ្យ​ដឹងថាៈ «បើ​ដើរ​លើ​ផ្លូវធំបាន តែ​ផ្លូវតូចអត់ទេ គេស្តីឲ្យ(អ្នករើសអេតចាយដូចគ្នា) ផ្លូវគេ​ធ្លាប់​ដើរ មាន​ផ្លូវ​របស់គេ យើង​មិន​ចេះ​តែ​ទៅ​រើសទេ...មិនមាន​អ្នកកំណត់ទេ តែផ្លូវគេធ្លាប់រើស»។

ដោយ​សារតែ​របរនេះ​មិន​អាចទ្រទ្រង់​ជីវភាព​បាន លោក គង់ សុខលីម បាន​សម្រេច​ឈប់​ប្រ​កប​របរ​នេះ នៅពេល​ត្រូវ​បានសហគ្រាស​សង្គម​មួយ​ជ្រើសរើស​ឲ្យ​មក​ធ្វើជាបុគ្គលិក​ផលិត​ធ្យូងអនាម័យ​​នៅ​ម្តុំ​ស្ទឹងមានជ័យ៕ ​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម