ចង់ឲ្យ Crush ចាប់ចិត្តលើអ្នកពេញទំហឹង សាកល្បង ៥ ស្នៀតនេះ!
- 2018-03-06 03:02:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យ Crush ចាប់ចិត្តលើអ្នកពេញទំហឹង សាកល្បង ៥ ស្នៀតនេះ!
ចន្លោះមិនឃើញ
មនុស្សលួចស្រឡាញ់គេតែម្ខាង គ្មានបំណងប្រាថ្នាអីក្រៅពីចង់ឲ្យគេមានចិត្តស្រឡាញ់ ឬចាប់អារម្មណ៍មកលើខ្លួនឯងវិញទេ។
ការទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាក់បាន មិនមែនត្រឹមតែការរៀបចំខ្លួនឲ្យទាក់ភ្នែកគេនោះទេ ប៉ុន្តែគឺត្រូវមានសកម្មភាពមួយចំនួនទៀតដែលអ្នកគួរអនុវត្តព្រមគ្នាដែរ។ ដូច្នេះហើយថ្ងៃនេះ យើងនឹងបង្ហាញតិចនិកមួយចំនួនដែលអាចឲ្យប្រិយមិត្តសាកល្បងអនុវត្តបានភ្លាមៗដើម្បីទាក់ទាញចំណាប់អារម្មណ៍ Crush៖
១. សម្លឹងមើលកែវភ្នែក Crush (Eye Contact)
ទំនាក់ទំនងខ្សែភ្នែកមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់បុរស។ ប្រសិនបើអ្នកចូលចិត្តគេ អ្នកគួរតែឲ្យគេដឹងខ្លះពីអារម្មណ៍របស់ខ្លួនដោយការសម្លឹងមើលកែវភ្នែករបស់គេ ព្រោះខ្សែភ្នែកអាចបង្ហាញន័យច្រើនជាងពាក្យសម្ដីទៅទៀត។ ការធ្វើពិសោធន៍មួយបានបង្ហាញថា ការសម្លឹងមើលកែវភ្នែកគ្នាពី១ទៅ២នាទី គឺគ្រប់គ្រាន់អាចឲ្យបុរសនិងនារីលង់ស្នេហ៍គ្នាទៅវិញទៅមកបាន។
២. រាប់អានមិត្តភ័ក្ដិរបស់ Crush
សាកល្បងសេពគប់រាប់អានមិត្តភ័ក្ដិរបស់គេ ដូច្នេះអ្នកនឹងមានឱកាសអាចស្គាល់ពីគេកាន់តែច្បាស់។ បើសិនជាអ្នកមានទំនាក់ទំនងល្អក្នុងចំណោមបក្សពួករបស់គេនោះ អ្នកនឹងទទួលបានពិន្ទុកាន់តែខ្ពស់។
៣. ដឹងពីចំណូលចិត្តរបស់ Crush
បុរសៗតែងមានអារម្មណ៍ល្អ និងសប្បាយចិត្តនៅពេលបានជជែកគ្នាពីអ្វីដែលពួកគេចូលចិត្ត ដូច្នេះហើយគេនឹងមានអារម្មណ៍ល្អជាមួយអ្នកដែរ បើអ្នកអាចដឹងច្រើនពីអ្វីដែលគេចូលចិត្ត និងអាចឲ្យអ្នកចូលស្និទ្ធជាមួយគ្នាកាន់តែរហ័ស។
៤. បើកភ្លើងខៀវសម្រាប់ Crush
នៅពេលអ្នកមានឱកាសបានស្និទ្ធស្នាលជាមួយមនុស្សដែលខ្លួនឯងលួចស្រឡាញ់ហើយ សូមព្យាយាមធ្វើយ៉ាងណាធ្វើឲ្យគេមានអារម្មណ៍ថាអ្នកជាមនុស្សដែលទុកចិត្តបាន និងជាមនុស្សដែលពឹងពាក់បាននៅពេលគេត្រូវការជំនួយ។ អាចនិយាយប្រាប់គេពីរឿងពិតផ្ទាល់ខ្លួនរបស់អ្នកខ្លះ ហើយបង្ហាញអាកប្បកិរិយាថាអ្នកមិនមានបញ្ហាឡើយសម្រាប់ការប៉ះពាល់រាងកាយ ដោយចៃដន្យដូចជាប៉ះដៃ ប៉ះស្មា ឬក្បាលគ្នា។
៥. ធ្វើជាខ្លួនឯង
ចំណុចសំខាន់បំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍ Crush គឺត្រូវធ្វើជាខ្លួនឯង កុំព្យាយាមផ្លាស់ប្ដូរចរិតទៅជាអ្នកដទៃ ព្រោះថាប្រសិនបើគេចាប់អារម្មណ៍អ្នកមែន គេប្រាកដជាចាប់អារម្មណ៍ដោយសារចរិតធម្មជាតិ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះសូមកុំព្យាយាមធ្វើអ្វីតាមអ្នកដទៃ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សផ្សេងដែលគេលែងចង់ទុកចិត្ត។
ជូនពរឲ្យឆាប់ទទួលបានក្ដីស្រឡាញ់ពី Crush ណា៎!