iPhone ស៊េរីចាស់ៗ តម្លៃធូរថ្លៃ ដែល​អាច​គិត​គូរ​ទិញ​បាន​ឥឡូវ​នេះ​​

  • 2018-03-07 02:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​iPhone 8/8 Plus និង iPhone X ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ Apple និង​ជា​ត្រកូល​​ iPhone ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ នា​ពេល​បច្ចុប្បន្ន។ យ៉ាងណាក្ដី​​ iPhone ស៊េរី​ចាស់ៗ​ចំនួន​ ៥ ម៉ូដែល​នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​តម្លៃ​ធូរ​ថ្លៃ​ ដែល​អ្នក​អាច​ពិចារណា​ទិញ​បាន។

៥. iPhone 6s Plus (ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ៥៥០ ដុល្លារ)

​​iPhone 6s Plus ជា​ iPhone ស៊េរី​ចាស់​ជាង​គេ​ ដែល​អ្នក​អាច​គិត​គូរ​ទិញ​នា​ពេល​នេះ​ ហើយ​វា​អាច​ជា​ជម្រើស​មិន​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន។ ​វា​មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ ដូច​ iPhone 7 Plus និង iPhone 8 Plus ប៉ុន្តែ​វា​ខ្វះ​ខាត​ចំណុច​មួយ​ចំនួន​ ដូច​ជា​កាមេរ៉ា​ភ្លោះ​សម្រាប់​ថត​រូប​បែប​ Portrait Mode។

iPhone 6s Plus ដូច​គ្នា​នឹង iPhone 6s ស្ទើរ​បេះ​បិត​​លើក​លែង​តែ​ទំហំ​អេក្រង់​ និង​ តម្លៃ។ ជា​មួយ​តម្លៃ​ iPhone 6s Plus អ្នក​អាច​ទិញ​បាន​ iPhone 7 ដែល​​ជា​ស៊េរី​ថ្មី​ជាង​ និង សមត្ថភាព​ខ្លាំង​ជាង។ ប៉ុន្តែ​មាន​ហេតុផល​ពីរ​ដែល​អ្នក​គួរ​ទិញ​ iPhone 6s Plus នា​ពេល​នេះ ទី​មួយ​​បើ​សិន​មិន​អាច​ដក​ចិត្ត​ពី​រន្ធ​កាស​ 3.5 mm និង​ទីពីរ​ប្រសិន​បើ​អ្នក​ស្រឡាញ់​ស្មាតហ្វូន​អេក្រង់​ធំ​ ប៉ុន្តែ​មាន​​ថវិកា​​ក្រោម​ ៦០០ ដុល្លារ។ ​

៤. iPhone 6s (ទំហំ​ ៦៤ GB តម្លៃ​ប្រហែល​ ៤៨០ ដុល្លារ)

នៅ​ខណៈ​នេះ​ iPhone 6s/6s Plus អាយុ​ជិត​ ៣ ឆ្នាំ​ហើយ​។ ខុស​ប្លែក​ពី​ម៉ូដែល​ Plus iPhone 6s ធម្មតា​មាន​ទំហំ​តូច​ស្រួល​កាន់​ ឯ​ 6s Plus ធំ​ពេក​ មនុស្ស​ភាគ​ច្រើន​ដែល​ប្រើ​ភ័យ​ខ្លាច​របូត​ចេញ​ពី​ដៃ។ បន្ថែម​ពី​នេះ​វា​មាន​តម្លៃ​ថោក​ជាង​ iPhone X ពាក់​កណ្ដាល​ឯណោះ ហើយ​វា​ជា​ iPhone ចុង​ក្រោយ​គេ​មាន​ទំហំ​ស្តង់ដារ​ និង​មាន​រន្ធ​កាស​ 3.5 mm។

៣. iPhone SE (ទំហំ​ ៣២ GB តម្លៃ​ប្រហែល​ ៣៥០ ដុល្លារ)

iPhone SE មាន​រចនាបថ​ និង​ទំហំ​ដូច​ជា​ iPhone 5s ប៉ុន្តែ​ល្បឿន​ខាង​ក្នុង​​ខ្លាំង​ដូច​ជា​ iPhone 6s។ វា​មិន​មែន​ជា​ iPhone ដែល​​លេច​ធ្លោ​ជាង​គេ ប៉ុន្តែ​ជា​ iPhone មាន​តម្លៃ​ថោក​ជាង​គេ។ ត្បិត​ថា​មាន​អាយុ​កាល​ជិត ២ ឆ្នាំ​ ប៉ុន្តែ​វា​នៅ​មាន​​ដំណើរ​ការ​ល្អ​សម្រាប់​ការ​ប្រើ​ប្រចាំ​ថ្ងៃ។

២. iPhone 7 (ទំហំ​ ៣២ GB តម្លៃ​ប្រហែល​ ៥៨០ ដុល្លារ)

បើ​យក​ iPhone 7 ​ប្រៀប​នឹង​ iPhone 8 ​ច្បាស់​ណាស់​ថា​ iPhone 8 ថ្មី​ជាង និង​មាន​រូបរាង​ស្អាត​ជាង ប៉ុន្តែ​ iPhone 7 ​អាច​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​បាន។ សមត្ថភាព​កាមេរ៉ា​ស្ទើរ​តែ​ដូច​គ្នា​នឹង iPhone 8, អេក្រង់​ទំហំ​ដូច​គ្នា និង​ធន់​នឹង​ទឹក។

មាន​​ចំណុច​ធំៗ​បី​ដែល​ធ្វើ​ឲ្យ​ iPhone 8 ខុស​ពី​ iPhone 7 ខ្លាំង ទី​មួយ​មិន​មាន​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ, អង្គ​ផ្ទុក​ទិន្នន័យ​របស់​ iPhone ​មាន​ចាប់​ពី​ ៣២ GB (iPhone 8 មាន​ចាប់​ពី​ ៦៤ GB) និង​ iPhone 7 ប្រើ​បន្ទះ​ឈីប​ចាស់​ A10។

iPhone 7 មាន​ជម្រើស​ពណ៌​ ៥ ខណៈ​ iPhone 8 មាន​ត្រឹម​ ៣ ហើយ​មាន​​ខ្នង​ខាង​ក្រោយ​ធ្វើ​ពី​អាលុយមីញ៉ូម​ រឹង​មាំ​ជាង​កញ្ចក់​លើ iPhone 8 និង​មាន​តម្លៃ​ថោក​ជាង iPhone 8 ចំនួន​ ១៥០ ដុល្លារ​ឯណោះ។

១. iPhone 7 Plus (ទំហំ​ ៣២ GB តម្លៃ​ប្រហែល​ ៧០០ ដុល្លារ)

iPhone 7 Plus មាន​គ្រប់​យ៉ាង។ មាន​កាមេរ៉ា​ភ្លោះ​សម្រាប់​ថត​រូប​ Portrait Mode, អេក្រង់​ទំហំ​ ៥,៥ អ៊ីញ, ធន់​នឹង​ទឹក និង​ថាមពល​ថ្ម​ស្ទើរ​តែ​ដូច​គ្នា​នឹង iPhone 8 Plus។ លើក​លែង​តែ​បន្ទះ​ឈីប​ស៊េរី​ចាស់​ និង​មិន​អាច​សាក​ថ្ម​ឥត​ខ្សែ​បាន​ iPhone 7 Plus ស្ទើរ​តែ​ដូច​គ្នា​បេះ​បិត​នឹង iPhone 8 Plus ហើយ​មាន​តម្លៃ​ថោក​ជាង​​ដល់​ ១៧០ ដុល្លារ​ឯណោះ។ ​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង