ចែក​ឲ្យ​ដាច់ Ultrabook និង Laptop ខុស​គ្នា​បែប​ណា​

  • 2018-03-12 03:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ultrabook មាន​កម្រាស់​ស្តើង ស្រាល ដំណើរការ​លឿន ហើយ​ក្រុមហ៊ុន Intel លើក​ឡើង​ថា Device នេះ​អាច​នឹង​ពេញនិយម​ជាង Laptop ធម្មតា។ ខណៈ Laptop ធម្មតា នៅ​មាន​ប្រើ​ព្រោងព្រាត តែ​មិន​ប្រាកដ​នោះ​ទេ ពេល​អនាគត​ដោយសារ​កំណើន Ultrabook ផ្តល់​ជម្រើស​ច្រើន​ជាង​នេះ​។ 

Laptop ធម្មតា មាន​ច្រើន​ទម្រង់​រូបរាង និង​ទំហំ ដោយ​អាច​មាន​អេក្រង់​ពី ១០ ទៅ​ ២០ អ៊ីង ខណៈ​ទម្ងន់​អាច​ពី ០.៩ ទៅ ៨​គីឡូក្រាម បំពាក់​ដោយ Hardware និង មុខងារ​ច្រើន​ជម្រើស​។ ចំណែកឯ Ultrabook អាច​ថា​ជា​សាច់​ញាតិ​របស់ Laptop ប៉ុណ្ណោះ​។ 

បច្ចុប្បន្ន Laptop អេក្រង់ ១៥.៦ អ៊ីង មាន​ការ​និយម​ភាគច្រើន ងាយស្រួល​ក្នុង​ការ​បំពេញ​ការងារ​ទូទៅ ដូចជា ប្រើ​អ៊ីនធឺណិត ជជែក​កម្សាន្ត​ជាមួយ​មិត្តភក្ដិ ស្តាប់​តន្ត្រី មើល​វីដេអូ លេង​ហ្គេម និង​ការងារ​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​ទម្ងន់​ស្រាល ងាយ​យក​តាម​ខ្លួន ពេល​ត្រូវការ​ប្រើ​ខាងក្រៅ​ផង​ដែរ​។ 

Ultrabook មើល​ទៅ​ដូច​នឹង Notebook ធម្មតា គ្រាន់​តែ​តម្រូវ​មាន​លក្ខខណ្ឌ​ជាក់លាក់​ខ្លះ ឲ្យ​សម​នឹង​ឈ្មោះ​។ Ultrabook ត្រូវការ​មាន​កម្រាស់​ស្តើង ១៨ មីលីម៉ែត្រ ឬ​តិច​ជាង​នេះ ជាមួយ​អេក្រង់ ១៤​ អ៊ីង និង ២៣ មីលីម៉ែត្រ ជាមួយ​អេក្រង់ ធំ​ជាង​នេះ​, បង្កើត​លើ ULV Hardware Platform និង​ប្រើ Storage ល្បឿន​លឿន​ដូចជា SSDs ហើយ​អាច​ដំណើរការ​បាន​យ៉ាង​តិច ៥ ម៉ោង ពេល​សាក​ប្រើ​មួយ​ដង​។ មួយ​វិញ​ទៀត អាច​ប្រើ​បច្ចេកវិទ្យា​របស់ Intel មួយ​ចំនួន​ដូចជា Anti-Theft ឬ Identity Protection Technology សម្រាប់​សុវត្ថិភាព​។

ភាព​ស្រដៀង​គ្នា Ultrabook និង Laptop

Ultrabook និង Laptop ធម្មតា មាន​រូបរាង ក៏​ដូចជា​តួ​ស្រដៀង​គ្នា មាន​អេក្រង់​, Keyboard, Ports, Hardware ផ្សេងៗ ហើយ​មុខងារ​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ ដោយ​ដូច​នឹង Laptop ភាគច្រើន Ultrabook ប្រើ Windows និង​កម្មវិធី​នានា​របស់ Microsoft ចាប់​ពី​កម្មវិធី​ធម្មតា ដល់​កម្មវិធី​ធំៗ ឬ​ហ្គេម​។ 

Ultrabook មាន​វត្តមាន​មិនមែន ដើម្បី​ប្រកួត​ប្រជែង​នឹង Laptop ធម្មតា អាច​ថា​ជា​មិត្ត​។ Ultrabook ស្តើង ល្បឿន​លឿន និង​ប្រើ​បាន​យូរ​ជាង ហើយ​ការ​ប្រើប្រាស់​ដូច​នឹង Laptop ធម្មតា​។ 

ភាព​ខុស​គ្នា Ultrabook និង Laptop

Ultrabook មាន​កម្រាស់​ស្តើង ស្រាល ឧទាហរណ៍ សម្រាប់​អេក្រង់ ១៣.៣ អ៊ីង Ultrabook ភាគច្រើន​មាន​ទម្ងន់​តិច​ជាង  ១.៣ គីឡូក្រាម និង​កម្រាស់​ស្តើង​អាច​ដល់ ១៨ មីលីម៉ែត្រ​។ 

ខណៈ Laptop ធម្មតា​ ក្រាស​ជាង អាច​មាន​ទម្ងន់ ១.៨ គីឡូក្រាម ឡើងលើ លើកលែងតែ Notebook លក្ខណៈ​ Premium​ តែ​មាន​តិចតួច​ប៉ុណ្ណោះ​។ 

វីដេអូ៖

Ultrabook មាន​អេក្រង់ ១៤ អ៊ីង មាន​កម្រាស់ ១៨ មីលីម៉ែត្រ ឬ​តិច​ជាង​នេះ ខណៈ​ទំហំ​អេក្រង់ ១៤ និង ១៥.៦ អ៊ីង អាច​មាន​កម្រាស់ ២១ មីលីម៉ែត្រ។ ហើយ​បើ​មាន Touchscreen លើ Ultrabook អាច​មាន​កម្រាស់ ២៣ មីលីម៉ែត្រ។ 

សមាសធាតុ​កម្រិត​ខ្ពស់​ជាច្រើន ដូចជា​ ម៉ាញេស្យូម អាលុយមីញ៉ូម កាបូន Fiber កញ្ចក់ និង​ធាតុ​មួយ​ចំនួន​ទៀត ធម្មតា​ឃើញ​មាន​លើ Ultrabook ខណៈ​កម្រ​ប្រទះ​លើ Laptop ធម្មតា លើកលែង​តែ Laptop កម្រិត​ចុងក្រោយ​។ 

Keyboard

Ultrabook ភាគច្រើន​មាន Keyboard រាក់ ដោយ​សារ​តែ​កម្រាស់​វា​ស្តើង ខណៈ Laptop ធម្មតា​មាន​ចន្លោះ​ច្រើន​ងាយស្រួល​បំពាក់ Keyboard ហើយ​ក៏​ងាយស្រួល​ចុច​ប្រើ​ផង​ដែរ​។

តែមាន Ultrabook ជាច្រើន​នៅ​តែ​មាន Keyboard ល្អ ខណៈ Laptop ជាច្រើន​ប្រើ​មិន​មាន​ផាសុកភាព​នោះ​ទេ​។ 

Hardware និង​ល្បឿន​

Ultrabook ត្រូវការ​បង្កើត​នៅ​លើ Intel ULV Platform ហើយ​ដោយសារ​វា​ស្តើង ធម្មតា​មាន Graphic ជាប់។ 

Notebook ធម្មតា មាន​ជម្រើស ច្រើន​តាំង​ពី​ប្រើ Chip ធម្មតា ទៅ​ល្បឿន​លឿន ហើយ​ក៏​អាច​ប្រើ Graphic ដាច់​បាន​ផង​ដែរ​។​

ULV Platform អាច​ជំរុញ​ល្បឿន​បាន​ល្អ ជា​ពិសេស​ពេល​ប្រើ RAM សម​ល្មម និង Storage ល្បឿន​លឿន ដូចជា SSD ជាដើម​។ វា​ក៏​ជួយ​កំណត់​តុល្យភាព​រវាង ថាមពល និង​ភាព​ងាយស្រួល​ប្រើ ដោយ​អាច​ប្រើ​ល្បឿន​លឿន ខណៈ​មិន​សូវ​ចុះ​ថាមពល​ថ្ម​។ 

អាយុជីវិត​ថ្ម​

Ultrabook អាច​ប្រើ​បាន​យូរ​ជាង ដោយ​គ្រាន់​តែ​លើ Ultrabook ចាស់ៗ​មួយ​ចំនួន ដំណើរការ​បាន​យ៉ាង​តិច ៥ ម៉ោង ក្រោយ​សាក​មួយ​ដង​។ Ultrabook បំពាក់ Chip Haswell ថ្មីៗ អាច​ប្រើ​ធម្មតា​ ៩ ម៉ោង​, មើល​វីដេអូ ៦ ម៉ោង​ជាង និង ទុកចោល (Sleep) បាន​ដល់ ៧​ ថ្ងៃ។ 

ដើម្បី​សន្សំ​កន្លែង Ultrabook ភាគច្រើន​មិន​អាច​ដោះ​ថ្ម ឬ​គ្រឿង​ផ្សេងៗ បាន​ងាយស្រួល​ដូច Laptop ធម្មតា​នោះ​ទេ​។ តែ​មិនមែន​ថា មិន​អាច​ដែរ គ្រាន់​តែ​ត្រូវ​ប្រើ​កំលាំង​បន្តិច ដោយ​ត្រូវ​ការ​ទុលវីស​។

លក្ខណៈ​លម្អិត​ផ្សេងៗ​

Ultrabook ស្តើង ហើយ​ឆាប់​ក្តៅ​ពេល​ប្រើ​យូរ ពិសេស​ពេល​ប្រើ Graphic ដាច់។ Ultrabook ត្រូវការ​ល្បឿន Boot លឿន តិច​ជាង ៧ វិនាទី ដូច្នេះ​ទើប​ត្រូវ​ប្រើ Storage ល្បឿន​លឿន​ដូចជា SSD។  ហើយ​វា​ក៏​ត្រូវការ​ប្រើ​បច្ចេកវិទ្យា​សុវត្ថិភាព​កំណត់​ដោយ​ក្រុមហ៊ុន Intel ផង​ដែរ ដោយ​អាច​ជួយ​កំណត់​ទីតាំង ពេល Ultrabook ត្រូវ​បាន​គេ​លួច​។ 

រន្ធ Port ភ្ជាប់នឹង Device ផ្សេង​មាន​ដែន​កំណត់ នេះ​ដោយសារ​រាង​ស្តើង មិន​មាន​ចន្លោះ​ច្រើន​សម្រាប់​រន្ធ​ទាំងនេះ ដូច​នឹង អ្នក​ធ្លាប់​ប្រើ​លើ Laptop ធម្មតា​នោះ​ទេ​។ 

បច្ចុប្បន្ន​ Ultrabook មាន​អេក្រង់​ចាប់​ពី ១១.៦ អ៊ីង ទៅ ១៥.៦ អ៊ីង។ ជម្រើស​កម្រិត​ខ្ពស់​ភាគច្រើន មាន​មុខងារ​ដូចជា អេក្រង់​គុណភាព​ខ្ពស់ និង Touchscreen។ 

Laptop ធម្មតា​អាច​មាន​អេក្រង់​ចាប់​ពី ៧ ឬ ៨ អ៊ីង ទៅដល់ ២០ អ៊ីង ហើយ​មាន​ជម្រើស​អេក្រង់​ច្រើន​។ 

តម្លៃ

Laptop ធម្មតា​អាច​មាន​តម្លៃ​ចាប់​ពី ១០០​ ដុល្លារ ដល់​រាប់ពាន់​ដុល្លារ ខណៈ Ultrabook ថោក​បំផុត​ក៏ ៤០០ ដុល្លារ​ដែរ ហើយ​អាច​ដល់​រាប់ពាន់​ដុល្លារ​ទៅ​តាម​កម្រិត​សមត្ថភាព​។ 

Ultrabook ហាក់​មាន​តម្លៃ​ថ្លៃ​ជាង ដោយ​អ្នក​ទទួល​បាន តួ​ស្តើង ស្រាល ងាយស្រួល​យក​តាម​ខ្លួន ថ្ម​ប្រើ​បាន​យូរ និង​មាន​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ផង​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.ultrabookreview.com/154-ultrabooks-versus-regular-laptops/

ប្រភព៖ ultrabookreview   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី