iPhone X Plus បើមានមុខងារទាំងនេះ ទាក់ចិត្តអ្នកប្រើមិនតិចទេ

  • 2018-03-11 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ Apple អនុវត្ត​តាម​កាលវិភាគ​ធម្មតា​ iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នៅ​ដើម​ខែ​កញ្ញា​ឆ្នាំ​នេះ​។ ខួប​ ១០ ឆ្នាំ​កាល​ពី​ឆ្នាំ​មុន​ Apple បាន​បង្ហាញ​វត្តមាន​ iPhone X, iPhone 8 និង​ 8 Plus។

ឆ្នាំ​ ២០១៨ Apple អាច​នឹង​ប្រើ​ Face ID លើ​ iPhone ថ្មី​ទាំងអស់​។ បើ​តាម​លោក​ Ming Chi Kuo អ្នក​វិភាគ​ដ៏​មាន​ឥទ្ធិពល​ និង​លោក​ Mark Gurman ពី​ Bloomberg អាច​មាន​ម៉ូដែល​អេក្រង់​ធំ​ពីរ​ OLED ៦.៥ អ៊ីង​ និង​ LCD ៦.១ អ៊ីង​ ភ្ជាប់​ជាមួយ​មុខងារ​ 3D Touch និង​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ តែ​តម្លៃ​អាច​ទាប​ជាង​ iPhone X។

ម៉ូដែល​ iPhone X អាច​នឹង​ឈប់​ផលិត​ ផ្អែក​លើ​ព័ត៌មាន​លេច​ធ្លាយ​ថា​ សម្រាប់​អេក្រង់​ OLED ៥.៨ អ៊ីង​ មាន​ការ​ធ្លាក់​ចុះ​។

Apple ប្រហែល​ជា​ប្រកាស​ចេញ​ iPhone ពីរ​ ឬ​ បី​ម៉ូដែល​ នៅ​ខែ​កញ្ញា​នេះ​ដាក់​ឈ្មោះ​អ្វី​នោះ​មិន​សូវ​សំខាន់​នោះ​ទេ​។ មុខងារ​លើ​ទូរសព្ទ​ម៉ូដែល​ទាំង​នោះ​ ទើប​ជា​ធ្នាក់​ទាក់​ចិត្ត​អ្នក​ប្រើប្រាស់​។​

ឧបករណ៍​ Virtual Reality(VR)

iOS 11 បាន​បន្ថែម​ ARKit របស់​ Apple ទៅ​កាន់​ iPhone 6S និង​ម៉ូដែល​ក្រោយៗ​ ហើយ​សន្ទុះ​កម្មវិធី​ Augmented Reality កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ App Store។

ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​លើឧបករណ៍​ VR។ ដូច្នេះ​ អាច​នឹង​ឃើញ​ឧបករណ៍​ សម្រាប់​ដាក់​ iPhone ស្រដៀង​នឹង​ Gear VR របស់​ Samsung។

មុខងារ​ Face ID លឿន​ជាង​មុន​

Face ID លើ​ iPhone X ដំណើរការ​បាន​ល្អ​ តែ​មិន​ទាន់​ប្រើ​បាន​រលូន​ដូច​ Touch ID នោះ​ទេ​។ Face ID ឆ្នាំ​នេះ​ អាច​នឹង​មាន​មុំ​ធំ​ និង​ល្បឿន​សម្គាល់​លឿន​ជាង​មុន​។

រន្ធ​ដោត​ USB Type-C

មាន​មនុស្ស​ជាច្រើន​អាច​នឹង​ខក​ចិត្ត​ បើ​ Apple ប្ដូរ​ពី​រន្ធ​ Lightning ទៅ​ប្រើ​ USB Type-C ដែល​បាន​ក្លាយ​ជា​ស្តង់ដារ​សម្រាប់​ទូរសព្ទ​ដទៃ​។

តែ​បើ​ប្ដូរ​ មាន​ន័យ​ថា​ អ្នក​ប្រើប្រាស់​ផលិតផល​ Apple អាច​សាក​ iPhone ពី​ MacBooks ជំនាន់​ថ្មី​ ដោយ​មិន​តម្រូវ​ Adapter។ ហើយ​នឹង​ជួយ​ដល់​ការ​សាក​ថ្ម​ទូរសព្ទ​ បាន​លឿន​ជាង​មុន​ផង​ដែរ​។

មាន​ខ្សែ​សាក​ថ្មី​

លើ​ទំព័រ​ Apple បាន​ពិពណ៌នា​ពី​ ល្បឿន​សាក​រហ័ស​ ដោយ​ថា​ ការ​សាក​បាន​លឿន​ ផ្ដល់​ភាព​ងាយស្រួល​ ក្នុង​ការ​សាក​ប្រើ​ iPhone X, iPhone 8 ឬ​ iPhone 8 Plus។

iPhone អាច​សាក​បាន​ដល់​ទៅ​ ៥០% ត្រឹម​ ៣០ នាទី​ ពេល​អ្នក​ប្រើ​ Apple USB-C ភ្ជាប់​ទៅ​កាន់​រន្ធLightning។

iCloud Storage អាច​មាន​ទំហំ​ធំ​ជាង​មុន​

ទំហំ​ File រូបភាព​ និង​វីដេអូ​ កាន់​តែ​ធំ​ទៅ​ៗ​លើ​ជំនាន់​ iPhone ថ្មី​នីមួយៗ​ ដូច្នេះ​ចង់​មិន​ចង់​ Apple អាច​នឹង​ផ្ដល់​ Storage ធំ​ជាង​មុន​ ក្នុង​តម្លៃ​ទាប​ ឬ​តម្លៃ​ដដែល​។

មុខងារ​ 3D Touch

មុខងារ​ 3D Touch បង្ហាញ​ដំបូង​ជាមួយ​ iPhone 6S ហើយ​អាច​នឹង​មាន​លើ​ iPhone ថ្មី​ក្រោយ​ៗ​ទៀត​ ជាវិធីងាយស្រួលក្នុងការប្រើកម្មវិធី​ ឬ Settings មួយចំនួន។

Chip លឿន​ជាង​មុន​

Apple តែងតែ​បង្កើន​សមត្ថភាព​ Graphic របស់​ iPhone រាល់​ពេល​ចេញ​ជំនាន់​ថ្មី​។

Chip A11 Bionic មាន​លើ​ iPhone 8, 8 Plus និង​ iPhone X បំពាក់​នូវ​បច្ចេកវិទ្យា​ 10 Nanometer process ផលិត​ដោយ​ ក្រុមហ៊ុន​តៃវ៉ាន់​ TSMC។

ព័ត៌មាន​លេច​ធ្លាយ​ថា​ TSMC នឹង​ផលិត​ Chip A12 ថ្មី បំពាក់​លើ​ iPhone ជំនាន់​ក្រោយ​ ដែល​បំពាក់​នូវ​បច្ចេកវិទ្យា​ 7 Nanometer process ល្បឿន​កាន់​តែ​លឿន​ជាង​មុន​។

iPhone 8 មាន​ RAM 2GB ខណៈ​ iPhone 8 Plus និង​ iPhone X មាន​ RAM 3GB។ ហើយ​ iPhone ថ្មី​អាច​នឹង​មាន​ RAM 4GB។ ក្រឡេក​ទៅ​មើល​ Galaxy S9 មាន​ RAM 4GB ហើយ​ S9 Plus មាន​ RAM ដល់​ទៅ​ 6GB។

មាន​អេក្រង់​ធំ​ជាង​មុន​

បើ​តាម​លោក​ Ming Chi Kuo អ្នក​វិភាគ​ដ៏​មាន​ឥទ្ធិពល​ Apple អាច​នឹង​ចេញ​ iPhone ថ្មី​មាន​អេក្រង់​ធំ​ជាង​ ៥.៨ អ៊ីង​។ ម៉ូដែល​ iPhone X Plus អាច​នឹង​មាន​អេក្រង់​ OLED ៦.៥ អ៊ីង​ និង​អាច​មាន​ម៉ូដែល​មួយ​ទៀត​មាន​អេក្រង់​ LCD ៦.១ អ៊ីង។

អាច​មាន​ Touch ID បង្កប់​ក្រោម​អេក្រង់​

​iPhone X ជា​ iPhone ដំបូង​គ្មាន​ប៊ូតុង​ Home ហើយ​ក៏​មិន​មាន​ Touch ID មុខងារ​ស្កេន​ក្រយៅ​ដៃ​នោះ​ដែរ​។

Apple ដូច​នឹង​ Samsung បាន​លើក​ឡើង​ថា​ នៅ​មាន​បញ្ហា​ច្រើន​ពេល​ដំណើរការ​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ពី​ក្រោម​អេក្រង់​។

Apple ប្ដូរ​មក​ផ្ដោត​លើ​មុខងារ​សម្គាល់​មុខ​ ដើម្បី​ជំនួស​ភារកិច្ច​ Unlock ទូរសព្ទ​។ យ៉ាងណាមិញ អាច​នឹង​មាន​ Touch ID បង្កប់​ពី​ក្រោម​អេក្រង់​ ព្រោះ​ទូរសព្ទ​ Vivo បាន​ចេញ​មុខងារ​នេះ​បាត់​ទៅ​ហើយ​។

ប្រើ​អេក្រង់​ Shatterproof (រឹងមាំ​)

អេក្រង់​ iPhone X ងាយ​នឹង​បែក​ ធ្លាក់​ត្រឹម​តែ​មួយ​ដង​ ដោយ​តម្លៃ​ដូរ​អេក្រង់​ថ្មី​ថ្លៃ​គួរសម​ដែរ​។

អ្នក​ប្រហែល​ជា​ចង់​ឃើញ​ iPhone បំពាក់​នូវ​អេក្រង់​មាន​ Shatter-resistant ពិត​ប្រាកដ​ដូចជា​ Motorola Z2 Force។

កាមេរ៉ា​កាន់​តែ​ខ្លាំង​ជាង​មុន​

មាន​មនុស្ស​មិន​តិច​ទេ​ សម្រេច​ចិត្ត​ទិញ​ iPhone X ផ្អែក​លើ​កត្តា​តែ​ពីរ​ប៉ុណ្ណោះ​ រូបរាង​ និង​កាមេរ៉ា​នេះ​ឯង​។

កាមេរ៉ា​ iPhone X ដំណើរ​ការ​បាន​ល្អ​ទាំង​មុខ​ និង​ក្រោយ​។ យ៉ាង​ណា​មិញ​ យើង​ចង់​ឃើញ​ សមត្ថភាព​របស់​វា​លើ​ស្ថានភាព​ងងឹត​ និង​មុខងារ​ពង្រីក​ កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​។

ថាមពល​ថ្ម​ល្អ​ជាង​មុន​

iPhone X បំពាក់​ Chip Processor លឿន​ និង​ប្រើ​អេក្រង់​ OLED តែ​ការ​សាកល្បង​ ឃើញ​ថា​ iPhone 8 Plus បែរ​ជា​ប្រើ​បាន​យូរ​ជាង​ (ថាមពល​ថ្ម​)។

មុខងារ​នេះ​គ្មាន​ថ្ងៃ​មាន​នោះ​ទេ​ តែ​បើ​មាន​កាន់​តែ​ល្អ​

iPhone មិន​ធ្លាប់​មាន​ផ្នែក​ខាងក្រោយ​អាច​ដោះ​បាន​ងាយស្រួល​ ក្នុង​ការ​ប្ដូរ​ថ្ម​ ឬ​បន្ថែម​មេម៉ូរី​កាត​នោះ​ទេ​។ តែ​គួរ​តែ​មាន​ ដើម្បី​មាន​ភាព​ងាយស្រួល​ពេល​ ថ្ម​ជួប​បញ្ហា​ ព្រោះ​មួយ​រយៈ​ក្រោយ​មក​នេះ​ iPhone ម៉ូដែល​ចាស់ៗ​មួយ​ចំនួន​ ដំណើរការ​យឺត​ ក៏​ដោយ​សារ​ថ្ម​នេះ​ឯង​។

អាច​មាន​វត្តមាន​ រន្ធ​កាស​

មាន​មនុស្ស​មួយ​ចំនួន​មិន​ឡើង​ជំនាន់​ iPhone ក៏​ដោយសារ​ គ្មាន​រន្ធ​កាស​ Headphone jack​ នេះ​ឯង​។ ដូច្នេះ​រំពឹង​ថា​ iPhone បន្ទាប់​ផ្ដល់​រន្ធ​កាស​ធ្លាប់​មាន​ពី​មុន​មក​វិញ​ ប៉ុន្តែ​ប្រហែល​ជា​ត្រឹម​ក្ដី​ស្រមៃ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន