មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ បិទបញ្ចប់ដោយបន្សល់ទុកសន្យាមួយ

  • 2018-03-12 03:45:23
  • ចំនួនមតិ 1 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

អស់រយៈពេល ៦ ថ្ងៃមកហើយ មហោស្រពភាពយន្តអន្តរជាតិលើកទី៨ បានដាក់បង្ហាញខ្សែភាពយន្តល្បីៗរបស់អន្តរជាតិ និង​មានខ្លះថតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងភាពយន្តជម្រើសរបស់កម្ពុជាក្នុងឆ្នាំ ២០១៧ថ្មីៗ ដែលមានជាង ១៦០ ចំណងជើង។ ខ្សែភាពយន្តទាំងនោះចាក់បញ្ចាំងនៅទូទាំងបណ្តារោងភាពយន្តក្នុងរាជ​ធានី​ភ្នំពេញប្រកបដោយភាពជោគជ័យ។

លោក Cedric Eloy និងលោក ជា សុភា

នៅថ្ងៃបិទបញ្ចប់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លោក Cedric Eloy នាយកគ្រប់គ្រងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រកាសឱ្យដឹងថា ឆ្នាំនេះមហោស្រពទទួលបានការ​គាំ​ទ្រ ​និង​មាន​អ្នកចូលរួមទស្សនាភាពយន្ត ក៏ដូចជាជួយផ្សព្វផ្សាយ​ពី​មហោស្រព​លើស​ពីឆ្នាំទៅ ៧០% ដែលជាចំនួន​មួយ​គួរ​ឱ្យ​គត់​សម្គាល់​។ លោក Cedric Eloy និង​សហការីរៀប​ចំមហោស្រព​នេះ ក៏សន្យា​ថា​មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ក្នុងខែ មីនា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ម្តងទៀតជា​មួយភាពយន្តថ្មីៗ និងគ្រប់រសជាតិសម្រាប់ទស្សនា។

ឯកឧត្តម គង់ កន្តារ៉ា

ថ្លែងក្នុងឱកាសបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨ នេះឯកឧត្តម គង់ កន្តារ៉ា រដ្ឋលេខ​ធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​កោតសរសើរដល់​ការ​ខិត​ខំ​រៀប​ចំ​មហោស្រព​ភាពយន្តអន្តរជាតិ​កម្ពុជា​​នេះរហូតដល់ទទួលបានជោគជ័យ។ ឯកឧត្តម បន្តទៀតថា ការផ្សព្វផ្សាយភាពយន្តនៅកម្ពុជានេះជាកត្តាជំរុញឱ្យ​វិស័យ​ភាពយន្តកម្ពុជា ​រឹត​តែមាន​កំណើត ជា​ពិសេស​ការ​ដោះដូរ​បទ​ពិសោធន៍​ ចំណេះដឹង និងអរិយធម៌ វប្បធម៌ជាតិទៅវិញទៅមកតាមរយៈខ្សែភាពយន្ត។

​ក្នុង​ពិធីបិទនោះដែរ ក៏មាន​ការ​ប្រកាស​ពី​ពាន​រង្វាន់​ដែល​ធ្វើឡើងដោយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា សម្រាប់​ផលិតករភាពយន្តមានទេពកោសល្យ ពានរង្វាន់តួឯកប្រុសឆ្នើម និងតួឯកស្រីឆ្នើម ជាមួយនិងពានរង្វាន់ប្រជាប្រិយមហាជនទៅលើភាពយន្តខ្លីរបស់ Soyo មួយក្នុងចំណោម១១ ចំណងដែលមាន ៦ ចំណងជើងចាក់បញ្ចាំងក្នុងមហោស្រពនេះ។

ក្នុងរាត្រីដ៏មានន័យនោះ ក៏មានការជប់លៀងបិទកម្មវិធីដែលរៀបចំដោយក្រុមតន្ត្រី Klap Ya Handz រាំកម្សាន្តរហូតដល់ម៉ោង ១២ យប់ ជាមួយផលិតករភាពយន្ត អ្នកគាំទ្រមហោស្រព ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងារស្ម័គ្រចិត្តមហោស្រពភាពយន្តអន្តរជាតិកម្ពុជាទាំងអស់ទៀតផង៕


អត្ថបទ៖ Sunny