របស់យក្សមិនមែនមានតែនៅសៀមរាបណា បាត់ដំបងក៏មានដែរ
- 2018-03-12 09:53:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់យក្សមិនមែនមានតែនៅសៀមរាបណា បាត់ដំបងក៏មានដែរ
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តបាត់ដំបង និងអាជ្ញាធរខេត្ត នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំបំផុតលើកដំបូង ឈ្មោះថា សង្ក្រាន្តបាត់ដំបង២០១៨ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីទទួលទេវតាឆ្នាំថ្មី (ឆ្នាំច) និងអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ។
អ្វីដែលពិសេសក្នុងព្រឹត្តិការណ៍សង្ក្រាន្តប្រចាំខេត្តបាត់ដំបងលើកដំបូងនោះគឺ នឹងដាក់តាំងផ្លែម្នាស់ ដ៏ធំកម្ពស់៥ម៉ែត្រ ដោយយកផ្លែម្នាស់ចំនួន ៥ ០០០ផ្លែ មកផ្គុំចូលគ្នា និងផ្លែពោតកម្ពស់ ៥ម៉ែត្រ ដែលយកផ្លែពោតចំនួន ១០ ០០០ផ្លែ មកផ្គុំចូលគ្នាផងដែរ ។
ឯកឧត្តម ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ នៅខេត្តបាត់ដំបងនេះ ដើម្បីឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងខេត្តដែលទទូចសុំឲ្យខាង ស.ស.យ.ក និងអាជ្ញាធរខេត្តរៀបចំពិធីនេះ ព្រោះពួកគាត់កន្លងមក បានរអ៊ូរឿងពេលទៅលេង អង្គរសង្ក្រាន្តម្ដងៗថា នៅសៀមរាបធ្វើដំណើរឆ្ងាយ ហើយពិបាករកកន្លែងស្នាក់នៅ ព្រមទាំងឥវ៉ាន់លក់ថ្លៃថែមទៀតផង ។
ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្ដុំយុវជននៅ តាមបណ្ដាស្រុកនានា ក្នុងខេត្តនាំយកមកនូវផលិតផល ម្ហូបអាហារ របស់ប្រចាំតំបន់ ឬរបស់តណាងស្រុកខ្លួន មកដាក់តាំងក្នុងកម្មវិធី បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តឲ្យបានដឹង និងស្គាល់ ។
ក្រុមការងាររៀបចំអះអាងថា សង្ក្រាន្តបាត់ដំបងលើកដំបូងនេះ គ្រោងចំណាយ ២០ម៉ឺន ទៅ២៥ម៉ឺនដុល្លារ ឬអាចច្រើនជាងទៅតាមភាពជាក់ស្ដែង និងរំពឹងថាមានអ្នកចូលរួម ប្រមាណ១៥ម៉ឺន ទៅ១៦ម៉ឺននាក់។ រីឯទីតាំងវិញ នឹងរៀបចំនៅបរិវេណនៅវិទ្យាល័យនេតយ៉ង និងសាលាគរុកោសល្យខេត្ត ព្រមទាំងនៅតាមផ្លូវមួយចំនួន ជិតរង្វង់មូលលោកតាដំបងគ្រញូង៕