ដឹងពាក្យ​ទាំងនេះខ្លះក៏បាន​ កុំ​ឲ្យពេលទៅលេងកំពតឮ​ហើយ​ធ្វើ​មុខបែបឆ្ងល់

  • 2018-03-18 00:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​កំពត​​ក៏ដូចជា​ប្រ​ពល​រដ្ឋនៅខេត្ត​ផ្សេងទៀត​តែងមាន​ប្រើគ្រាម​ភាសា​របស់​ខ្លួន​ក្នុងការ​ប្រាស្រ័យទាក់ទង​គ្នា​ប្រ​ចាំថ្ងៃ ដែលពាក្យ​ពេចន៍​មួយចំនួន​ធ្វើឲ្យ​អ្នក​ចំណូលពីខាងក្រៅពិបាក​យល់។

​បើ​តាម​វចនានុក្រមសម្តេច​ព្រះសង្ឃរាជ ជួន ណាត ពាក្យថា​ «គ្រាម» មាន​ន័យ​ថា​ ប្រ​ជុំភូមិ ស្រុក ឬពួក។ គ្រាមភាសា ជាភាសា​អ្នក​ស្រុក គឺ​សំដី​ដែល​អ្នក​ស្រុក​ភូមិ​នីមួយ​ៗ​និយាយ​តាម​ទម្លាប់ ល្អៀង​ពី​អក្សរ ឬ ពី​ពាក្យ​ដើម។ នេះ​បើតាម​ការពន្យល់​ក្នុង​វនានុក្រម​ដដែល។

សម្រាប់​លោក ជឿន បូរ៉ា ជាអ្នក​ខេត្ត​កំពត និង​ជានិស្សិត​ទើបបញ្ចប់ថ្នាក់បរិញ្ញបត្រខាង​អក្សរសាស្រ្ត​ខ្មែរ​ផង​នោះលើក​ឡើ​ង​ថា​លោក​ធ្លាប់​និយាយភាសា​អ្នកខេត្ត​របស់​លោក​ជាមួយ​មិត្ត​ភក្តិ​កាល​នៅ​រៀន​មហាវិទ្យា​ល័យ ហើយថា​មិត្តភក្តិទាំងនោះបាន​សើចលោក​ទៀត​ផង។

លោកថា​មិត្តភក្តិ​សើច ក៏​ដោយ​សារសំនៀង​ខុសប្លែក ឬជាពាក្យ​ប្លែក​ពីអ្នកនៅ​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​មួយ​ចំនួន​ទៀត។ ទោះយ៉ាង​ណា​លោក​ចាត់ទុក​ថា​ពាក្យ​ពេចន៍គ្រាមភាសានេះក៏បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់អ្នក​ខេត្ត​លោក​ផង​ដែរ។

លោក​ពន្យល់​ពាក្យ​ខ្លះៗថា «ចៃណា» អ្នកខេត្ត​កំពតសំដៅ​ដល់​ ពាក្យ​ថា «ប៊ិះ ឬវិះ» ចំណែកពាក្យថា​ «កុន» សំដៅ​លើ​ពាក្យថា «ប្រ​ញ៉ាប់»។ លោក​បន្តថា ដូចជាពាក្យថា«ម៉ូតូអូម» គឺ​សំដៅលើ​ «ម៉ូតូឌុប» ពាក្យថា​ «ខែអូង» សំដៅលើ​ «លោកខែ ឬព្រះចន្ទ» ចំណែក​ពាក្យ​ថា​ «មិត» លោក​ថា​សំដៅលើពាក្យ ថា«រត់» និង​ពាក្យ​ថា​ «គឺមិនគឺ» គឺសំដៅ​លើ​ពាក្យ​ថា​ «ពិតឬមិនពិត»។

ក្រៅពី​ពាក្យ​ទាំងនេះ អ្នកខេត្ត​កំពត​រូបនេះ​ថា​នៅមាន​ពាក្យ​មួយចំនួន​ទៀត ដែល​លោក​មិន​អាច​រៀបរាប់បាន​អស់៕

អត្ថបទដោយ៖ គីម សាយ