ក្រសួងវប្បធម៌ខ្មែរ ប្រតិកម្ម​​​យ៉ាងណា ក្រោយឡាវស្នើ​ដាក់​ក្បាច់​រាំវង់​​ក្នុង​​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក?

  • 2018-03-13 10:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន The Laotian times ចុះ​ផ្សាយ​ថ្ងៃ​ទី ១២ មីនា​ឆ្នាំ​២០១៨ ថា​ ឡាវ​បាន​សម្រេចស្នើ​ដាក់​បញ្ចូល​ ក្បាច់​រាំវង់​ ដែល​ជា​ភាសា​ឡាវ ថា ឡាំវង់ (Lam vong ) ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ បញ្ហានេះការបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះរាំវង់ជាចង្វាក់ប្រជាប្រិយដ៏ពេញនិយមរបស់ខ្មែរ។

(Lam vong )

ឆ្លើយតបទៅនឹងរឿងដ៏ក្តៅគគុកនេះឯកឧត្ដម ថៃ នរៈ​សត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈថា ក្រសួង​មិន​​ដឹង​ជា​ត្រូវ​ប្រតិកម្មចំ​ពោះ​ឡាវ​​ ដែលស្នើ​ដាក់​បញ្ចូល​ចង្វាក់រាំវង់​ ចូល​ជា​ក្នុង​​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​យ៉ាងម៉េចនោះទេ ព្រោះ​នេះ​ជា​សម្បត្តិ​វប្បធម៌​ដែល​ជាតិ​សាសន៍​ដទៃមាន​លក្ខណៈស្រដៀង​ខ្មែរ។

ឯកឧត្ដម ថៃ នរៈ​សត្យា រដ្ឋ​លេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌

ឯកឧត្ដមថា វប្បធម៌​នៅ​ក្នុង​ប្រទេស​ជិត​​ខាង​ តែង​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​វាមាន​អត្ត​សញ្ញាណនៃ​ជាតិ​សាសន៍​មួយ​ យើង​មិន​អាច​ទៅ​ប្រតិកម្ម​អ្វី​ជាមួយ​គេ​នោះ​ទេ​។ «​​​បើគេ​គ្រាន់​តែ​ដាក់​សម្បត្តិ​វប្បធម៌​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​វប្ប​ធម៌​យើង គឺ​យើង​មិន​ដឹង​ត្រូវ​ទៅ​ប្រតិកម្ម​អ្វី​នឹង​ការ​ដាក់​បញ្ចូល​របស់​គេ​ទេ​អា​ហ្នឹង ពិត​មែន​តែ​មាន​ភាព​ស្រដៀង​គ្នា​ យើង​ទៅ​ហួង​ហែង​ក្នុង​ការ​ស្នើ​សុំ​ដាក់​បញ្ចូល​បេតិកភណ្ឌ​ពិភពលោក​នោះ​ វាក៏​អត់​ត្រឹម​ត្រូវ​ដែរ​»។​​​

លោក ព្រឿង ឈាង​ ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ

ជុំ​វិញ​ ប្រវត្តិ​ក្បាច់​រាំ​ លោក ព្រឿង ឈាង​ ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ​ថា​ តាម​ការ​ស្រាវជ្រាវ របស់​លោក និង​យោង​តាម​ឯកសារ​របស់​លោក​ពេជ្យ​ ទុំក្រវិល​​ ក្បាច់​រាំ​វង់មានដើម​កំណើត​ ក្នុង​ពិធី​សាសនារបស់​ជនជាតិ​ខ្មែរ​​ដើម​ គេ​ហៅ​ថា​រាំវង់​ភូមិ ​ដែល​មាន​អាយុកាល​ជា​យូរលង់មក​ហើយ​។

«ខ្មែរ​ដើម​យើង​គេ​មាន​ពិធី​រាំ​ដុំកង់​ ដែល​គេ​រាំជុំ​វិញ​ភ្នក់​ភ្លើង​ ក្រោយ​មក​ខ្មែរ​យើង​ក៏​​ចេះ​តែ​ទម្លាប់​រាល់​ពេល​​រាំ​កម្សាន្ត​ តែង​តែ​ដាក់​ផ្កា​ពណ៌​ក្រហម​ដាក់​នៅ​លើក​តុ​កណ្ដាល​វង់​រហូត​មក​ដល់​បច្ចុប្បន្ន​ ចំពោះ​ក្បាច់​រាំ​វិញ​វា​ច្បាស់​ណាស់​ពិត​ជា​មាន​ការ​ប្រែប្រួល​» លោក ព្រឿង ឈាង ថ្លែង។

ចង្វាក់​រាំ​វង់​នេះ​មិន​មែន​មាន​តែ​ប្រទេស​ឡាវ មួយ​ទេ ពោល​គឺ​កម្ពុជា​ក៏​មាន​ចង្វាក់​មួយ​នេះ​ដែល​​ខ្មែរ​ចាក់​ទុក​ជា​ចង្វាក់​ប្រជា​ប្រិយ​មួយ​ និយម​រាំ​កម្សាន្ត​ រាល់​ពេល​មាន​កម្ម​វិធី​ជួប​ជុំ​ទាំង​ក្រុង និង​ជនបទ៕

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី