​គម្លាត​ពិន្ទុ​រវាង​ក្លឹប​លេខ ១ និង​ក្លឹប​បាត​តារាង​ មាន​សភាព​ឆ្ងាយ​កប់​នៅ​អង់គ្លេស និង​អ៊ីតាលី

  • 2018-03-13 12:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ ក្នុង​បណ្ដា​លីគ​ធំៗ​នៅ​អឺរ៉ុប Premier League របស់​អង់គ្លេស និង Serie A របស់​អ៊ីតាលី មាន​គម្លាត​ខ្លាំង​ជាង​គេ​រវាង​ក្លឹប​លេខ ១ និង​ក្លឹប​បាត​តារាង។

នៅ​លីគ​កំពូល​អង់គ្លេស ក្លឹប​កំពូល​តារាង Manchester City មាន​ពិន្ទុ​ដល់​ទៅ ៨១ ខណៈ​ក្លឹប​លេខ ២០ West Bromwich Albion មាន​ត្រឹម​តែ ២០​ពិន្ទុ​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា គម្លាត​ពី​កំពូល​តារាង​ទៅ​បាត មាន​រហូត​ដល់​ទៅ ៦១ ពិន្ទុ ក្រោយ​លេង​បាន ៣០​ប្រកួត​លីគ។

ដូច​នៅ​អង់គ្លេស​ដែរ គម្លាត​រវាង​ក្លឹប​លេខ ១ និង​លេខ ២០ នៅ​លីគ​កំពូល​អ៊ីតាលី​គឺ ៦១ ពិន្ទុ។ ក្លឹប​លេខ ១ Juventus មាន​ពិន្ទុ​ចំនួន ៧១ ចំណែក​ឯ​ក្លឹប​ដែល​កំពុង​ស្ថិត​នៅ​បាត​តារាង​លីគ​វិញ​គឺ Benevento មាន​ត្រឹម ១០ ពិន្ទុ។

ដោយ​ឡែក លីគ​កំពូល​អេស្ប៉ាញ​ស្ថិត​នៅ​លេខ​រៀង​បន្ទាប់។ គម្លាត​រវាង​ក្លឹប​លេខ ១ និង ក្លឹប​លេខ ២០ គឺ ៥៩ ពិន្ទុ ពោល​គឺ ២​ពិន្ទុ​ប៉ុណ្ណោះ តិច​ជាង​លីគ​ធំៗ​ទាំង​ពីរ​ដែល​បាន​រៀបរាប់​ខាង​លើ។ ក្លឹប​អ្នក​មាន​បុណ្យ Barcelona ឈរ​កំពូល​តារាង La Liga ជាមួយ​នឹង​ពិន្ទុ​ដល់​ទៅ ៧២។ ឯ Malaga ដែល​កំពុង​ឈរ​នៅ​បាត​តារាង​វិញ មាន​ត្រឹម ១៣​ពិន្ទុ។

ងាក​មក​មើល Ligue 1 របស់​បារាំង​វិញ គម្លាត​រវាង​ ក្លឹប​លេខ ១ PSG (៧៧ពិន្ទុ) និង ក្លឹប​លេខ ២០ Metz (២០ពិន្ទុ) គឺ ៥៧ ពិន្ទុ។

ចំណែក​ឯ Bundesliga របស់​អាល្លឺម៉ង់​វិញ គម្លាត​ពិន្ទុ​ហាក់​មាន​តិច​ជាង​គេ បើ​ធៀប​នឹង​លីគ​កំពូល​ទាំង ៤​ខាង​លើ។ ក្លឹប​លេខ ១ Bayern Munich (៦៦ ពិន្ទុ) បាន​ឃ្លាត​ពី​ក្លឹប​បាត​តារាង FC Koln (១៧ ពិន្ទុ) ចំនួន ៤៩ ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា ខុស​ពី​បណ្ដា​លីគ​ខាង​លើ​ដែល​មាន​ ២០ ក្រុម លីគ​កំពូល​អាល្លឺម៉ង់​មាន​តែ ១៨​ក្រុម​ប៉ុណ្ណោះ ដែល​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​លីគ​មួយ​នេះ មាន​ពិន្ទុ​ឃ្លាត​តិច​ជាង​លីគ​ធំៗ​ដទៃ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី