ល្បិច​បោក​ប្រាស់​តាម​អនឡាញ នៅ​កើត​មាន​ទៀតទេ​រហូត​មក​ដល់ពេលនេះ?​

  • 2018-03-15 02:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បិចអូសទាញ​ឲ្យ​ធ្វើ​ការងារ​​ក្រៅ​ម៉ោង​តាម​ប្រព័ន្ធ​អន​​​ឡាញ​ ដែល​​​ល្បី​ល្បាញ​​កាល​ពី៣ឆ្នាំឬ៤​ឆ្នាំ​​​​មុន​​ត្រូវ​បាន​​យុវជន​មួយ​ចំនួន​​កត់សំ​គាល់​ឃើញថា​ថម​ថយ​​មិន​ជាង​មុន​។ ​ថមថយ​ដោយ​សារ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត​​​​កាន់តែ​ច្រើន​ បាន​ដឹង​ពី​ល្បិចឆបោ​ករបស់​​ក្រុម​ទាំង​នោះ​។

យុវជន ថន សម្បត្តិ​ និស្សិ​ត​សាកលវិទ្យាល័យ​​ជាតិ​គ្រប់​គ្រង​ឱ្យ​ដឹង​ថា ជាច្រើន​​ដង​ខ្លួន​​​តែងបា​ន​​​​ទទួល​សា​រ​​​​តាម​រយៈ​​បណ្តាញ​សង្គម​​ ​Facebook ​ឲ្យ​ធ្វើ​​ការងា​រ​ក្រៅ​​ម៉ោង ​ដោយ​ទទួ​ល​បាន​ប្រាក់​ចំណូល​ច្រើន​ និង​មិនចាំ​បាច់​មាន​បទពិសោធ​ន៍​ការងារ​ និង​សញ្ញាបត្រអ្វីទាំងអស់​។ ប៉ុន្តែ​​លោក​ថា​អ្វីទាំងនេះ​លែ​ង​ជា​ការចាប់​អារម្មណ៍សម្រាប់​លោក​ និង​យុវជន​ផ្សេង​ទៀត​ហើយ ព្រោះជាល្បិច​ដដែល​ៗ​។ លោក​បន្តថា៖«ពេល​ខ្លះ​សារ​បែប​នេះ​គឺជាទម្រង់​តែ​មួយ​ ដែល​បាន​ផ្ញើ​ទៅមនុស្ស​ច្រើន​​គ្នា​ មិនត្រឹម​មិន​ជឿទេ ពេលខ្លះ​​ខ្ញុំ​មានអារម្មណ៍​ថារំខាន​ទៅ​វិញ​​​​​»។

ចំណែក​កញ្ញា ​ឡុង​ សម្ផស្ស​ និស្សិត​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ឱ្យ​ដឹង​ដែរ​ថា ​ការប្រើប្រាស់​សារ​បែប​នេះ​លែង​ជាចំណាប់​​អារម្មណ៍ប្រាកដ​មែន​ ប៉ុន្តែ​រឿង​មួយ​ដែល​យុវជន​នៅតែ​អាច​ធ្លោ​យ​បាន​គឺ​ល្បិច​​ឆបោក​​តាមរូបភាព​ផ្ញើ​លុយ​ដ៏ច្រើន​សន្ធឹក​ពី​ក្រៅ​ប្រទេស​ ពីមនុស្ស​ស្គាល់​គ្នា​នៅ​លើ​បណ្តាញសង្គម​​ Facebook ដែល​នេះ​​គឺជាល្បិច​បោក​ប្រភេទ​ថ្មី​មួយ​ ។

​កញ្ញ​ថា មិត្ត​ភក្កិ​របស់​កញ្ញា​ម្នាក់​បាន​​ចាញ់​បោក​​ប្រាក់​​អស់​ជាង ៥០០​ដុល្លារ​ ដោយ​សារ​ល្បិច​បោក​ពី​អ្នក​ប្រើប្រាស់​បណ្តាញសង្គមម្នាក់​ ដែ​លអះអាងថា ជា​អនិក​ជនខ្មែរ​ពីក្រៅ​ប្រទេស​អត់​មាន​​សាច់ញាតិ និង​បង​​ប្អូន​ ដោយ​សារ​​ស្លាប់ ​ក្នុងសម័យប៉ុលពត​។ ​គាត់​ជាមនុស្ស​ចូលចិត្ត​ធ្វើ​បុណ្យ​ និង​ការងារ​សង្គម​។

កញ្ញា​បន្តថា៖ «​ពេល​មួយ​​​​ម្នាក់​នោះ​បាន​សុំ​អាសយដ្ឋាន​​មិត្តភក្កិ​​ខ្ញុំ​ដូច​ជា​ ឈ្មោះពេញ លេខ​ទូរសព្ទ​ លេខ​ផ្ទះ​ និង​លេខ​ផ្លូវ​ ដើម្បីងាយស្រួល​ផ្ញើ​របស់​មក​ អាសយដ្ឋាន​​ទាំងអស់​នេះ​ ត្រូវ​បានជន​បោក​ប្រាក់​ម្នាក់​នោះ​ ​​ព្រីន​យកទៅបិត​នៅ​លើ​កេស​ឥវ៉ាន់​មួយ ដែលមើល​ទៅ​ឃើញ​លុយ​ដ៏ច្រើន​។ ប៉ុន្តែ​ដើម្បី​អាចទទួល​លុយ​ ម្នាក់​នោះតម្រូវឱ្យ​​ចេញ​សេវាដឹកជញ្ជូន​មានទឹក​ប្រាក់​ជាង​ ៥០០ដុល្លារ​​»។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​ស្រី​ អាវ វឌ្ឍនា​ ប្រធាន​ការិយាល័យ​​ប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា​បាន​ឱ្យ​ដឹង​ថា ផ្នែក​​ពាក់​ព័ន្ធកំពុង​ត្រៀម​រៀបចំ​ឯកសារជាវីដេអូ និង​សំឡេង​ ដើម្បីធ្វើ​ការផ្សព្វផ្សាយ​បន្តតាមវិទ្យុ ទូរទស្សន៍​ និងតាមបណ្តាញ​សង្គម​ជា​ការ​ពញ្ញាក់​ស្មារតី​​ដល់​អ្នក​ប្រើប្រាស់​បណ្តាញសង្គមឬ​ប្រព័ន្ធ​អន​ឡាញ​​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន។ ​

អ្នក​​ស្រី​ថា កន្លង​មក​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាធ្លាប់​​​ទទួលបាន​ពាក់បណ្តឹង​ស្រដៀង​គ្នា​​នឹង​ករណី​ខាង​លើ​ដែរ​​។ អ្នកស្រី​បន្តថា​៖ «ជន​បោកប្រាស់​ច្រើន​​បន្លំខ្លួន​ជាអនិក​ជន​នៅអាមេរិក​ ឬ​អង់គ្លេស​ និង​បានសាសង​សុំស្រលាញ់​ បន្ទាប់​មក​តម្រូវ​ឱ្យ​ផ្ញើឈ្មោះលេខ​ទូរសព្ទ និង​អាសយដ្ឋានថានឹង​ផ្ញើរបស់​ឱ្យ​ បន្ទាប់ម​ក​ដល់​ព្រលានយន្ត​ហោះ​ភូត​ថា​ គយ​តម្រូវ​ឱ្យ​បង់ពន្ធ​ឥវ៉ាន់ប៉ុណ្ណេះប៉ុណ្ណោះ ឬ​ឥវ៉ាន់ត្រូវ​ផ្ញើ​មកតាម​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​បែរ​ជាផ្ញើ​ទៅ​ព្រលាននៅសៀមរាប ហើយ​ជួប​នឹង​ឧបសគ្គផ្សេងៗ​តម្រូវឱ្យ​ផ្ញើ​លុយ​ទើប​បាន​របស់​នោះមក​​»។

អ្នក​ស្រី​បន្ថែមទៀត​ថា អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម Facebook ​គួរប្រុង​ប្រយ័ត្ន​​ និង​ មើល Profile ក្នុង​ Facebook ឱ្យ​បានច្បាស់​លាស់​​ និង​រក​ជំនួយ​ដើម្បី​​ប្រឹក្សាយោបល់​មុន​សម្រេចចិត្ត​ជឿ​​ ឬ​អាចទាក់ទង​មក​ ​នាយកដ្ឋានប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា​​ ពេល​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ការ​លួច(hack) ឬ​យក Facebook Account ផ្សេងៗ ដោយ​អាច​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ក្រសួង​មហាផ្ទៃ។ អ្នកស្រីថា​ប្រជាពល​រដ្ឋ​ក៏​អាច​ទាក់ទង​ទៅ​កាន់​លេខ 023 726 822 ឬ​ករណី​ទាន់​ហេតុការណ៍​អាច​ទាក់ទង​លេខ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​គឺ ១១៧ ឬ១១៨ បាន​ផង​ដែរ៕​

អត្ថបទដោយ៖ សុផល