តារាភាពយន្តមានឈាមជ័រជាខ្មែរ៥រូប កំពុងមានឈ្មោះបោះសំឡេងនៅហូលីវូដ

  • 2018-03-16 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ចុប្បន្ននៅហូលីវូដ ដែលជាបណ្តាញផ្សព្វផ្សាយភាពយន្តអន្តរជាតិធំជាងគេក្នុងលោក ក៏មានតួសម្តែងល្បីៗ មួយចំនួនកំពុងប្រាប់គេថាមានមោទនៈភាពជាខ្មែរ ហើយខាងក្រោមជាតួសម្តែងមួយចំនួនដែល Sabay សូមលើកយកមកបង្ហាញ។

១. សិល្បករសម្តែង Elodie Yung មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិបារាំង កើតនៅក្នុងប្រទេសបារាំង ទីក្រុងប៉ារីស នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៨១។ Elodie Yung ទទួលបានបរិញ្ញាប័ត្រច្បាប់ ហើយបានបន្តថ្នាក់សម្តែងល្ខោន (LAMDA) និងថ្នាក់ដូរ្យតន្ត្រី នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

នាងចាប់ផ្តើមអាជីពជាអ្នកសម្តែងដំបូងនៅប្រទេសបារាំង ដោយសម្តែងជា តួ "Laura Maurier" ក្នុងខ្សែភាពយន្តរបស់ទូរទស្សន៍បារាំង ដែលមានចំណងជើងថា ​«LES BLEUS» និងតួអង្គ "Tao'' ដែលសម្តែងជាតួឃាតកដ៏ខ្លាំងពូកែម្នាក់ ក្នុងរឿង «DISTRICT 13 UL – TIMATUM» ដែលជាភាពយន្តមានការគាំទ្រខ្លាំងបំផុតរបស់អ្នកដឹកនាំរឿង Lus Besson។​

Yung ក៏បានសម្តែងក្នុងរឿង “THE HITMAN’S BODYGUARD” របស់ផលិតកម្មហូលីវូដ ជាមួយ Samuel L. Jackson និងជាតួអង្គ “Miriam Wu” ក្នុងរឿង “THE GIRL WITH THE DRAGON TATTOO” ជាតួ “Jinx” ក្នុងរឿង “GI JOE 2: RETALIATION” សម្ដែងជាមួយ Dwayne Johnson ។ ថ្មីៗនេះ នាងក៏សម្តែងក្នុងរឿង “GODS OF EGYPT” ដឹកនាំដោយ Alex Proyas រួមសម្ដែងដោយ Gerard Butler(300) និង Nikolaj Coster-Waldau (Games of Thrones)។

២. Jean-Paul Ly ​ជា​តារា​សម្ដែង​ឈុត​គ្រោះថ្នាក់​ (Stunt) ​​​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ ចិន និងមានសញ្ជាតិបារាំង។ លោកកើតនៅ ក្រុង​ Lyon ​ប្រទេស​បារាំង ហើយបាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង​ "Lucy”,​ “Snow White and the Huntsman” និង​ "Street Fighter Assasin' Fist” ​។

ក្រោយមកទៀតភាពល្បីល្បាញ និងជំនាញសម្តែងក្បាច់គុន បាននាំ Jean Paul Ly ក្លាយជាតួអង្គសម្តែងឈុតគ្រោះថ្នាក់ និងវាយតប់ក្បាច់ប្រដាល់ដូចជារឿង «Doctor Strange» រឿង «Now you see me 2» និងភាពយន្តហូលីវូដមួយចំនួនទៀត។

ត្រឡប់មកដល់កម្ពុជាជាលើកទី ២ បន្ទាប់ពីជោគជ័យលើការសម្តែង រឿង «Jailbreak» បន្ចុច្បន្នតារាសម្តែងរូបនេះកំពុងថតរឿង «The Prey» ដែលមានតួនាទីជា Choreography ឬ អ្នកពិនិត្យក្បាច់គុនរបស់តួសម្តែង។

៣. លោក ចាន់ ម៉ូរីស ( Maurice Chan) មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​។ លោកមាន​វ័យ៤០ឆ្នាំប្លាយ ​ហើយ​សព្វ​ថ្ងៃ​ជា​ប្រធាន​ក្រុម Cascade Demo ដែលជាក្រុមសម្តែងក្បាច់គុន និងសម្តែងជាតួ (Stunt)។ ​លោក Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​។

ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា គាត់​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ របស់​ហូលីវូដ​។ រឿងដំបូងដែល​រូប​គាត់​សម្ដែង​​មាន​ចំណង​ជើង​ថា​ "Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ ដែល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​គាត់​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​រួម​មាន ​"From Paris with Love (2010)”, ​”District 13 Ultimatum (2009)” ​និង​ "Lucy (2014)”។

៤. លោក ណុប ដារ៉េន (Daren Nop) ក៏​ជា​សមាជិក​ក្រុម Stunt វ័យក្មេង Cascade Demo ហើយ​រូបគេធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​ភាពយន្ត​មាន​ចំណង​ជើង​ថា" Lucy” ទទួល​បាន​ការ​ពេញ​និយម​ពេញ​ពិភព​លោក​ដោយ​រក​ចំណូល​បាន​ជាង ៤៦៣ ​លាន​ដុល្លារ​អាមេរិក។

ក្រៅពីនោះ លោក ណុប ដារ៉េន ក៏បង្ហាញខ្លួនក្នុងខ្សែភាពយន្តបែបវាយប្រហារ ជាតួ Stunt និងជា Choreography ឬ អ្នកពិនិត្យក្បាច់គុណ ក្នុងភាពយន្តខ្លីមួយមានចំណងជើង ថា «Shadow of 13»។ ​លោក Maurice Chan ​ជា​អ្នក​នាំ​យុវជនម្នាក់នេះ ​ចូល​ទៅក្នុង​ក្រុម ដែលជា​ឱកាសសម្រាប់ ដារ៉េន ​សម្ដែង​​​ Show ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​នៅ​ក្នុង​ភាពយន្ត​ផង។

៥. យុវជន ប៉ាល់ មុន្នី វ័យ២៧ឆ្នាំ គឺជាសិស្សរៀនសម្តែងភាពយន្តដំបូងនៅហូលីវូដ ក្នុងសាលកវិទ្យាល័យសិល្បៈរបស់សហរដ្ឋអាមេរិក Upright Citizen's Brigade (UCB) និងថ្នាក់អនុវត្តន៍សម្តែង បច្ចេកទេសសម្តែង នៅក្នុង Playhouse West។

យុវជននេះធ្លាប់សម្តែងក្នុងភាពយន្តខ្លី នៅសាលាខាងលើ ដែលជាគម្រោងរឿងខ្លី ដូចលំហាត់ហ្វឹកហាត់មួយដែរ និងសម្តែងជាតួអង្គមួយចំនួនក្នុងរឿងភាគទូរទស្សន៍នៅអាមេរិក។ មុន្នី ក៏ប្រាប់ឱ្យដឹងដែរថា បន្ចុច្បន្នកំពុងត្រៀមខ្លួន ថតរឿងខ្នាតធំមួយជាមួយផលិតកររបស់ហូលីវូដ ដែលអាចនឹងចេញផ្សាយនៅលើ Netflix។ តែមុន្នី សុំមិនបញ្ចេញចំណងជើងសិន ព្រោះវាស្ថិតក្នុងកុត្រារបស់អ្នកផលិតភាពយន្ត៕

អត្ថបទ៖ Sunny