រន្ធត់ណាស់! បាក់ស្ពានក្បែរសាកលវិទ្យាល័យ ក្នុងរដ្ឋ Florida ស្លាប់និងរបួសច្រើននាក់ (មានវីដេអូ)

  • 2018-03-16 01:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤ នាក់​បាន​ស្លាប់ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ស្ពាន​ថ្មើរ​ជើង​មួយ​ខ្សែ ដែល​ស្ថិត​នៅ​ក្បែរ​សាកលវិទ្យាល័យ Florida International University បាន​បាក់​ស្រុត​ចុះ​មក។

ជាមួយ​គ្នា​នេះ​ដែរ យ៉ាង​ហោច​ណាស់​មាន​ឡាន​ចំនួន ៨ គ្រឿង ដែល​ស្ថិត​នៅ​ក្រោម​ស្ពាន​ត្រូវ​បាន​កម្ទេច និង​មនុស្ស ៩ នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក Rick Scott អាជ្ញាធរ​រដ្ឋ Florida បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា «រឿង​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​ឥឡូវ​នេះ គឺ អធិស្ឋាន​សម្រាប់​បុគ្គល​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ និង សមាជិក​គ្រួសារ​ដែល​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់»។

លោក Scott បាន​បន្ថែម​ទៀត​ថា រដ្ឋ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​កំណត់​ពី​មូលហេតុ​បង្ក ថា​តើ​មក​ពី​បច្ចេកទេស​សាងសង់​ឬ​ក៏​យ៉ាង​ណា។

គួរ​បញ្ជាក់​ថា ស្ពាន​សម្រាប់​ថ្មើរ​ជើង​នោះ ទើប​តែ​ត្រូវ​បាន​គេ​ដំឡើង កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ប៉ុណ្ណោះ ដើម្បី​បង្កើន​សុវត្ថិភាព​នៅ​លើ​ផ្លូវ​មមាញឹក​មួយ ដែល​សិស្ស​នៃ​សាកលវិទ្យាល័យ​ខាង​លើ ធ្លាប់​ត្រូវ​រថយន្ត​បុក​ស្លាប់​កាល​ពី​ឆ្នាំ​មុន៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង