ចេន សាយចៃ បង្ហើប​មហិច្ឆតា ក្រោយ​ទទួល​បាន​សញ្ញាប័ត្រអនុបណ្ឌិត​

  • 2018-03-16 06:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ តារាចម្រៀង​ខ្មែរសុរិន្ទ អ្នក​នាង ចេន សាយចៃ ទទួលសញ្ញាប័ត្រ ​ថ្នាក់​អនុបណ្ឌិត​លើ​ជំនាញ​សិល្បៈ ក្នុង​ការ​ស្រាវជ្រាវ អភិវឌ្ឍ សហគមន៍ កម្មវិធី​សិល្បៈ​ទស្សនីយភាព​បុរាណ ពី​សាកលវិទ្យាល័យ Surindra Rajabhat ក្នុង​ខេត្ត​សុរិន្ទ។ បន្ទាប់​ពី​ទទួល​សញ្ញាប័ត្រ​នេះ អ្នកនាងបាន​បង្ហើប​ក្ដី​បំណង​លើ​ជំនាញ​ដែល​ខ្លួន​​រៀន​នេះ ​ថា ខ្លួន​ចង់​ក្លាយ​ទៅ​ជាសាស្ត្រាចារ្យ​សិល្បៈ ដើម្បី​បណ្ដុះ​បណ្ដាល​លើ​ជំនាញ ​សិល្បៈ​ដែលខ្លួន​មាន​ទៅ​ក្មេង​ជំនាន់​ក្រោយ​ខ្លាំង​ណាស់ នៅ​ថ្ងៃ​អនាគត។​

អ្នក​នាង ចេន សាយចៃ បាន​ចំណាយ​ពេល​​៥ឆ្នាំ ដើម្បី​សិក្សា​លើ​ជំនាញខាង​លើ បន្ទាប់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​រូប​នេះ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​​ផ្នែក​កសិកម្ម នៅ​សាកលវិទ្យាល័យ Surindra Rajabhat ដដែល​នោះ។ តារា​ចម្រៀង​វ័យ​៤២ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​ខ្លួន​បាន​ធ្វើ​ឡើង​ជា​២ភាសា គឺ​ភាសា​ថៃ និង ភាសា​អង់គ្លេស ក្នុង​នោះ​​ការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ នាង​ក៏​បាន​ប្រើ​ពេល​​៥ឆ្នាំ​ដូច​ថ្នាក់​អនុបណ្ឌិត​​ផង​ដែរ។

នៅ​ថ្នាក់​អនុបណ្ឌិត​នេះ អ្នក​នាង ចេន សាយចៃ បាន​​​ជ្រើស​រើស​ថ្ងៃចុង​សប្ដាហ៍ ក្នុង​នោះអ្នក​នាង​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​សិក្សា​នៅ​សាកលវិទ្យាល័យ​២ឆ្នាំ និង ការ​ចុះ​ស្រាវជ្រាវ សរសេរ​និក្ខេបបទ​៣ឆ្នាំ ។ អ្នក​នាង​ទើប​តែ​ការពារ​សារណា​បញ្ចប់ ប្រហែល​៥ខែ​មុននេះ ហើយថ្ងៃនេះអ្នកនាង​ទទួល​សញ្ញាប័ត្រ​។​

តាម​ការ​បញ្ជាក់​ពី ចេន សាយចៃ តារា​ចម្រៀង​រូប​នេះ មិន​ទាន់​មាន​បំណង​បន្ត​យក​ថ្នាក់​បណ្ឌិត​ទៀត​នោះ​ទេ ដោយ​រង់​ចាំ​មើល​សិន ។

ព្យាយាមសិក្សា​រហូត​ដល់​ទទួល​បាន​សញ្ញាប័ត្រ​​កាន់​ក្នុង​ដៃ​​រហូត​ដល់​ទៅ២​នេះ អ្នក​នាង ចេន សាយចៃ បញ្ជាក់​ថា ខ្លួន​មិន​មាន​បំណង​ចង់​ក្លាយ​ជា​មន្ត្រីរាជការ​ឡើយ ព្រោះ​គ្មាន​ពេល​ចូល​បម្រើ​ការងារ​ពេញ​ម៉ោង ដូច​ដឹង​ស្រាប់ ជា​អ្នក​សិល្បៈ​បែប​នេះ គឺ​រវល់​ខ្លាំង។

បំណង​​ចម្បង​​នោះ គឺ​​អ្នក​នាង ចង់​ចេះ​ចង់​ដឹងនូវ​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ និង​កំពុង​តែ​​ដើរ​លើ​អាជីព​មួយ​នេះ ជា​ច្រើន​ឆ្នាំ​មក។ ដូច​បាន​លើក​ឡើង​​ខាង​លើ ប្រសិន​បើ​ថ្ងៃ​អនាគត អ្នក​នាង​មាន​ពេល​ហើយ សាកលវិទ្យាល័យ​ចង់​ឲ្យ​​អ្នក​នាង​បង្រៀន អ្នក​នាង ចេន សាយចៃ បញ្ជាក់​ថា ខ្លួន​ស្វាគមន៍​ក្នុង​ការ​ចូល​រួម​បណ្ដុះ​បណ្ដាល ដើម្បី​ចែក​ចំណេះ​ដឹង​​ទៅ​ដល់​​ក្មេង​ជំនាន់​ក្រោយ៕​​​

អត្ថបទៈ ស៊ុនហួត