កម្ពុជា-ចិន ចាប់ផ្ដើមសមយុទ្ធទ្រង់ទ្រាយធំនាព្រឹកនេះ

  • 2018-03-17 02:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា-ចិន រៀបចំសមយុទ្ធ​នាគមាស ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ផ្តោត​ទៅលើ​ការ​ប្រឆាំង​ភេរវកម្ម ​សង្គ្រោះ​បន្ទាន់ ​លំហាត់​បាញ់​គ្រាប់​ពិត​ និង​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​។ កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ​ រថ​ពាស​ដែក និង​គ្រឿង​បំពាក់​ផ្សេងៗ​ទៀត ដែល​សរុប​ទាំងអស់ មាន​ចំនួន​ ២៥​គ្រឿង​។ ចំណែក​កងទ័ព​កម្ពុជា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង រថ​ពាស​ដែក​ ៨​គ្រឿង។

ជាក់ស្ដែងយុទ្ធោបករណ៍​របស់​កងទ័ព​ចិន​សម្រាប់​សមយុទ្ធ​នាគ​មាស ទាំងនោះ​រួម​មាន​ដូចជា៖ រថពាសដែក​ចំនួន ៨គ្រឿង រថយន្ត​ដឹកជញ្ជូន​ចំនួន ៦​គ្រឿង ​រថយន្ត Jeep ចំនួន ៧​គ្រឿង ឡាន​ជួសជុល​រថពាស​ដែក ចំនួន ១គ្រឿង រថយន្ត​ដឹក​ទឹក​ស្អាត​ចម្រោះ​ចំនួន ១គ្រឿង រថយន្ត​ពេទ្យ ចំនួន ១​គ្រឿង និង​រថយន្ត​ដឹក​ទឹក​ចំនួន ១​គ្រឿង ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត។

នៅ​ក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា​មាន​កងទ័ព​ចំនួន ២៨០​នាក់ ខណៈ​ភាគី​ចិន មាន​ចំនួន ១៩០​នាក់។ សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃទី១៧ ខែ​មីនា នេះ នៅ​ភូមិ​សាស្ត្រ​តំបន់​​ភ្នំ​ធំ ម្រះព្រៅ ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទីតាំង​របស់​កងពល​អន្តរាគមន៍​លេខ​៧០។

សម​យុទ្ធ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​លោក​ឧត្តម​សេនីយ៍ទោ Zhang Jian មេបញ្ជាការ​តំបន់​ភូមិ​ភាគខាងត្បូង​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត