៣កន្លែងនៅកម្ពុជា ស្អាតបំផុតនឹកស្មានមិនដល់ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍
- 2018-03-18 04:09:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣កន្លែងនៅកម្ពុជា ស្អាតបំផុតនឹកស្មានមិនដល់ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍
ចន្លោះមិនឃើញ
សម្រស់ធម្មជាតិ៣កន្លែងនៅកម្ពុជា នៅមិនទាន់បានអភិវឌ្ឍជាតំបន់ទេសចរណ៍នៅឡើយ ប៉ុន្តែត្រូវបានប្រជាជនឧស្សាហ៍ទៅលេងកម្សាន្តទីនោះ ដើម្បីផ្ដិតយកទេសភាពដ៏ល្អឯកដូចរូបគំនូរ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ។ ខាងក្រោមនេះជាតំបន់ធម្មជាតិពីរកន្លែងទេសភាពស្អាតបំផុត កម្រមានអ្នកទៅដល់៖
១.ដីច្រោះនៅឧត្ដរមានជ័យទេសភាពដូចផ្ទាំងគំនូរ
មើលមួយភ្លែតស្មានតែនៅស្រុកគេ តាមពិតមិនមែនទេទេសភាពដ៏ស្រស់ស្អាតនេះ គឺស្ថិតនៅក្នុងប្រទេសកម្ពុជានៅ ភូមិខ្នាចឬស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទិដ្ឋភាពដ៏ស្រស់ស្អាតប្រៀបដូចរូបគំនូរនេះ គឺជាសម្រស់ធម្មជាតិពិតៗ នៃភ្នំពស់រលួសធំ ដែលជាទីតាំងធម្មជាតិមួយ នៅតាមខ្សែក្រវាត់ នៃបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដែលមានដីច្រោះបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យមិននឹកស្មានដល់។
សម្រស់ធម្មជាតិដ៏ស្រស់ស្អាតនេះ បានលាក់ខ្លួនពួនអាត្មា ជាយូរលង់ណាស់មកហើយ ប៉ុន្តែមិនសូវមានអ្នកណាទៅដល់ទីតាំងដ៏អស្ចារ្យនេះទេ។
២. ពើងតានន់ផ្ទាំងសិលាដូចប្រាសាទបុរាណនៅសៀមរាប
ផ្ទាំងសិលាធំៗ ជាច្រើនបង្គរបណ្ដាក់លើគ្នាជាច្រើនរាប់មិនអស់ រួមនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបដូចសម្រស់ក្រមុំព្រហ្មចារី អមដោយ រុក្ខជាតិខៀវខ្ចី កំពុងរីកលូតលាស់ បញ្ចេញសម្រស់ផ្កាធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យពើងតានន់ ដែលមិនសូវមានអ្នកស្គាល់ ប្រៀបដូចឋានសួគ៌លើដីអ៊ីចឹង។
តំបន់ទេសចរដ៏ប្រណិតនេះ មានទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចម្ងាយប្រមាណតែ ៨៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប។ កាលពីមុនទីតាំងខាងលើពិបាកធ្វើដំណើរដោយសារផ្លូវធ្វើមិនទាន់រួច ប៉ុន្តែបច្ចុប្បន្នការធ្វើដំណើរមានភាពងាយស្រួល មិនពិបាកទៀតទេ។ ក្រៅពីមានដំថ្មជាច្រើនត្រួតលើគ្នាជាច្រើនហើយខ្ពស់ បញ្ចេញរូបរាងដូចនឹងប្រាសាទបុរាណហើយនោះ នៅទីនោះមានអាស្រមរបស់ព្រះសង្ឃដែលគង់នៅលើភ្នំ មើលថែរក្សាកន្លែងដ៏ស្ងប់ស្ងាត់នោះទៀតផង។
៣. ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅសៀមរាប
បើតាមការឱ្យដឹងពីលោក ឡូយ សុវណ្ណ រស់នៅក្បែរភ្នំអំពិល ក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានធ្លាប់ប្រាប់មកកាន់ Sabay ថា នៅខែកញ្ញា រហូតដល់ខែតុលា ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅភ្នំអំពិល ចាប់ផ្ដើមរីកស្គុះស្គាយទៀតហើយ អ្នកដែលចូលចិត្តតំបន់ធម្មជាតិទេសភាពស្រស់ត្រកាលអាចទៅលេងកម្សាន្តបាន។
លោក ឡូយ សុវណ្ណ បានប្រាប់ទៀតថា បច្ចុប្បន្ននៅទីនោះមិនទាន់បានអភិវឌ្ឍ ជាតំបន់ទេសចរណ៍នោះទេ ភាគច្រើនអ្នកទៅលេងកម្សាន្តជាអ្នកស្រុកក្បែរនោះដែលស្គាល់តៗគ្នា។ ចំពោះភ្ញៀវទេសចរណ៍ ចង់ទៅលេងកម្សាន្តមិនអាចធ្វើដំណើរតាមរថយន្តបានទេ ត្រូវជួលគោយន្តអ្នកភូមិពាក់ស្នែងជិះពេញមួយថ្ងៃតម្លៃ ២០ដុល្លារប៉ុណ្ណោះ អាចជិះបានគ្នា២៤នាក់។
ទៅដល់ទីនោះភ្ញៀវទេសចរប្រាកដជាលង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុត មានវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក ជាពិសេសផ្កាចាហួយរំលេចពណ៌ផ្កាឈូកគួរឱ្យគយគន់ក្រៃលែង។ អ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារយកទៅញ៉ាំ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរក្នុងតម្លៃសមរម្យ និងជាអាហាររបស់ភូមិផ្ទាល់។
ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត៕