ហុក សុជីវ័ន្ត ប្រាប់ចំណុចពិសេស កីឡាករកូរ៉េខាងជើងជួយក្រុមវិសាខាបានច្រើន
- 2018-03-20 01:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុក សុជីវ័ន្ត ប្រាប់ចំណុចពិសេស កីឡាករកូរ៉េខាងជើងជួយក្រុមវិសាខាបានច្រើន
ចន្លោះមិនឃើញ
ក្រុមចំណូលថ្មី វិសាខា កំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែ៣ប្រកួតបើកឆាកមិនទាន់ចាញ់ ហើយមិនទាន់មានក្រុមណាស៊ុតពួកគេចូលនោះទេ។
ក្រុមដែលដឹកនាំដោយលោក ហុក សុជីវ័ន្ត មួយនេះ ក្រោយពីបានឈ្មោះឡើងលេងលីគកំពូលមក កាលពីរដូវកាលដោះដូរកីឡាករបាននាំចូលកីឡាករជាច្រើនទាំងក្នុងស្រុកនិងបរទេស ដែលសុទ្ធតែមានបទពិសោធច្រើនមែនទែន។ តួយ៉ាងដូចជា ទៀង ទិនី ងយ ស្រ៊ីន និងរស់ សំអឿន អីជាដើម សុទ្ធតែកីឡាករក្នុងស្រុកលេងជោគជាំជាច្រើនឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឱ្យពួកគេលេងល្អ និងមានតំបន់បម្រើប្រយុទ្ធល្អថែមទៀតនោះ គឺការនាំយកកីឡាករកូរ៉េខាងជើងពីក្រសួងការពារជាតិ ដែលធ្លាប់លេងនៅកម្ពុជារួចហើយ។
ចំពោះទម្រង់លេង និងចំណុចពិសេសរបស់កីឡាករកូរ៉េខាងជើងនេះដែរ លោក ហុក សុជីវ័ន្ត ដែលជាគ្រូបង្វឹកផ្ទាល់បាននិយាយថា៖ “កីឡាករកូរ៉េខាងជើង មានវិន័យល្អខ្លាំងជាងកីឡាករដទៃ។ សមត្ថភាព យើងមិនអាចថាពួកគេល្អដាច់កីឡាករបរទេសផ្សេងទេ ប៉ុន្តែកត្តាវិន័យខ្លាំងនេះ អាចធ្វើឱ្យពួកគេរៀបចំខ្លួនបានល្អគ្រប់ប្រកួត។ មួយទៀត យើងមិនចាំបាច់ទៅតឿន ឬនិយាយអ្វីត្រូវធ្វើឱ្យហ្វឹកហាត់ចប់នោះទេ ពួកគេចេះរៀបចំខ្លួនឯង មិនចេះដើរលេងផ្ដេសផ្ដាសឡើយ”។
កីឡាករកូរ៉េខាងជើងទាំង៥នាក់របស់វិសាខារួមមាន Choe Myong Ho, Jang Song Hyok, Ri Hyok Chol , Kim Kyong Hun និងកីឡាករ Pak Song Chol ។ តាំងពីនាំចូលកីឡាករ៥នាក់នេះ ក៏ដូចជាមានឈ្មោះបានលេងនៅលីគកំពូលកម្ពុជាមក ក្រុមមួយបានបង្ហាញភាពខ្លាំងរបស់ខ្លួនជានិច្ច និងបានយកឈ្នះក្រុមខ្លាំងៗជាច្រើនទាំងមិត្តភាពនិងលេងផ្លូវការ។
មួយវិញទៀតក្រោយស្មើគ្នា ០-០ ជាមួយភ្នំពេញក្រោន ក្រុមវិសាខា នៅរក្សាកំណត់ត្រារបស់ខ្លួនដដែល ដោយ៣ប្រកួត មិនទាន់មានក្រុមណាអាចទាត់ចូលពួកគេបាននៅឡើយទេ ហើយក៏មិនទាន់ស្គាល់បរាជ័យដែរ៕