ក្មេង​ស្រី​ឈ្នះ​​ស្បែក​ជើង​មាស​ជូន​គ្រាប់​បាល់​ដល់​ក្មេង​ស្រី​កម្ពុជា​

  • 2018-03-22 04:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ស្រីរ័ត្ន​ ដែល​​បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​នាម​​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ជួយ​ក្រុម​នារី​ខេត្ត​បាត់ដំបង​ឈ្នះ​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​ប្រកួត​លីគ​នារី​ឆ្នាំ​២០១៨​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​បាន​ជូន​គ្រាប់​បាល់​ដែល​នាង​រក​បាន​ដល់​ក្មេង​ស្រី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​រយៈ​ផេក​ SALT Academy – Cambodia ស្រី​រ័ត្ន​បាន​និយាយ​ថា នាង​សូម​ជូន​គ្រាប់​បាល់​ដែល​ស៊ុត​ចូល​ជួយ​​ដល់​​ក្មេង​ស្រី​ និង​ស្ត្រី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្មេង​ស្រី​ និង​ស្ត្រី​មាន​សិទ្ធិ​លេង​កីឡា​ផ្សេង​ៗ​ និង​ចូល​រួម​សកម្មភាព​ទាំង​អស់​ក្នុង​សង្គម ហើយ​ធ្វើ​​អ្វី​ៗ​បាន​ដូច​បុរស​ដែរ។

ស្រីរ័ត្ន (រូបថត៖ SALT Academy-Cambodia)

នៅ​លើ​ផេក​ដដែល​នាង​បាន​​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ និង​ បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​​នេះ។​ ប៉ុន្តែ​វា​មិន​មែន​ម្នាក់​ដែល​ឈ្នះ​ការ​ប្រកួត​នេះ​ទេ​ គឺ​ពួក​យើង​ធ្វើ​ការ​ងារ​ជា​ក្រុម​ និង​យើង​តែង​តែ​នៅ​ទី​នោះ​ទាំង​អស់​គ្នា រហូត​ដល់​ឈ្នះ​ការ​ប្រកួត។ ខ្ញុំ​មាន​មោទន​ភាព​សម្រាប់​ក្រុម​ទាំង​មូល​ដែល​បាន​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​សម្រាប់​ថ្ងៃ​នោះ។

ស្រី​រ័ត្ន​បាន​អរគុណ​ដល់​អង្គការ​សលត៍​​ដែល​បាន​បង្កើត​ឱកាស​ឲ្យ​នាង ក៏​ដូច​ជា​ក្មេង​ស្រី​ផ្សេង​ៗ​ទៀត​​ឲ្យ​បាន​សិក្សា​អប់រំ​ និង​បណ្តុះ​បណ្តាល​ក្មេង​ស្រី​ក្នុង​វិស័យ​បាល់ទាត់។ ក្រុម​បាល់ទាត់​នារី​ខេត្ត​បាត់ដំបង​បាន​ឈ្នះ​ជើង​ឯក​លីគ​នារី​ដែល​ឆ្នាំ​ទី​១​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​​បាល់ទាត់​នារី​ខេត្ត​កំពង់ស្ពឺ​ដោយ​លទ្ធផល​ ៣-១​ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ទី​លាន​បាល់ទាត់​ជាតិ​មេមត់៕

ក្រុម​នារី​បាត់ដំបង​ឈ្នះ​ជើងឯក​លីគ​នារី (រូបថត៖ SALT Academy-Cambodia)

អត្ថបទ៖ ជាន ចាន់រ៉ា