ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១៤ យ៉ាងពីសេចក្ដីស្លាប់ មនុស្សភាគច្រើនមិនធ្លាប់ដឹង

  • 2018-03-20 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែល​មិន​អាច​កែប្រែ​បាន​នៅ​ក្នុង​ពិភពលោក​នេះ គឺ​ជា​សេចក្តី​ស្លាប់​។ សេចក្តី​ស្លាប់ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​គេច​ផុត​បាន មិន​ថា​អ្នក​នោះ​មាន ក្រ ស ខ្មៅ អាក្រក់ ឬ​ល្អ​នោះ​ទេ។

ខាង​ក្រោម​នេះ​គឺ​ជា ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១៤ យ៉ាងអំពីសេចក្ដីស្លាប់ដែលអ្នកមិនធ្លាប់ដឹង ៖

១. មានមនុស្ស​ប្រហែល ១៥៣ ០០០ នាក់ ស្លាប់​ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោក

ក្នុង​ចំណោម​មនុស្ស ១១៣ នាក់ មាន​ម្នាក់​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ។ ​ផ្អែក​លើ​អត្រា​នេះ ​ការ​ប៉ាន់​ប្រមាណ​អំពី​អត្រា​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​លើពិភពលោក​មាន​ចំនួន​ដូច​ខាង​ក្រោម ៖

  • ១,៧៨ នាក់ ក្នុង​មួយ​វិនាទី
  • ១០៧ នាក់ ក្នុង​មួយ​នាទី
  • ៦ ៣៩០ នាក់ ក្នុង​មួយ​ម៉ោង
  • ១៥៣ ០០០ នាក់ ក្នុង​មួយថ្ងៃ
  • ៥៦.០ លាន​នាក់ ក្នុងមួយឆ្នាំ
  • ៣,៩ ពាន់លាននាក់ ក្នុងមួយឆាកជីវិតជាមធ្យម (៧០ ឆ្នាំ)

២. ការស្លាប់ដោយសារត្រីឆ្លាម

ពិភពលោក​ទាំង​មូល ដឹង​ថា​ត្រី​ឆ្លាម​ជា​ត្រី​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត។ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល នៅ​ពេល​ដឹង​ថា​ក្នុង​មួយ​ឆ្នាំ មនុស្ស​ប្រហែល ១២ នាក់​បាន​ស្លាប់​ដោយ​សារ​ត្រី​ឆ្លាម ខណៈ​មនុស្ស​​​​សម្លាប់​ត្រី​ឆ្លាម​វិញ​ប្រហែល ១១ ៤១៧ ក្បាល​ក្នុង​មួយ​ម៉ោង។

៣. សត្វ​ដែល​មិនស្លាប់

ខ្ញែរសមុទ្រ Turritopsis Dohrnii ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ ជា​សត្វ​ដែល​មាន​ជីវិត​អមត ក្នុង​ពិភពលោក​នេះ។

៤. ការ​ស្លាប់ដោយ​សារ​អក្សរ​ដ៏​គគ្រិច​របស់​គ្រូពេទ្យ

តាម​ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា ការ​សរសេរ​អក្សរ​ខ្ជះខ្ជា​របស់​គ្រូ​ពេទ្យ បាន​សម្លាប់​មនុស្ស​រហូត​ជាង ៧ ០០០ នាក់​ជា​រៀង​រាល់​ឆ្នាំ។

៥. ការឲ្យ​ចំណីសត្វត្មាត

សហគមន៍ Zoroastrain Parsi ក្នុង​ប្រទេស ឥណ្ឌា តែង​យក​សាកសព​ទៅ​ឲ្យ​សត្វ​ត្មាត​ស៊ី​ ជា​ជាង​យក​ទៅ​កប់ ឬ​ដុត​ចោល។

៦. អ្នក​ប្រើ​ដៃ​ឆ្វេងភាគច្រើនស្លាប់នៅវ័យក្មេង

តាម​ស្ថិតិ​មួយ​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ដៃ​ឆ្វេង​ភាគច្រើន​ស្លាប់​លឿន​ជាង​បី​ឆ្នាំ បើ​ប្រៀប​ធៀប​ទៅ​អ្នក​ប្រើ​ដៃ​ស្ដាំ។

៧. សាកសពជាង ២០០ នៅលើភ្នំ Everest

ភ្នំ Everest ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​មាន​​មនុស្ស​ជា​ច្រើន​លាន​នាក់​ព្យាយាម​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា មាន​​មនុស្ស​ជាង ២០០ នាក់​ហើយ​ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​ឡើង​ភ្នំ​ដ៏​ខ្ពស់​នេះ។

៨. សង្គ្រាម​លោកលើកទី ២

សង្គ្រាម​លោក​លើក​ទី ២ ត្រូវ​បាន​ស្គាល់​ថា​ជា​សង្គ្រាម​ដ៏​គ្រោះ​ថ្នាក់ និង​បំផ្លិចបំផ្លាញ​ខ្លាំង​បំផុត។ ក្នុង​នោះ មាន​មនុស្ស​ប្រុស ៨០% ដែល​កើត​នៅ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩២៣ ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម។

៩. ការធ្វើអត្តឃាតច្រើនបំផុត

មនុស្ស​ជា​ច្រើន បាន​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​មាន​បញ្ហា និង​វិបត្តិ​ដោះ​ស្រាយ​មិន​ចេញ​ក្នុង​ជីវិត​របស់​ពួក​គេ។ ក្នុង​នោះ​ផង​ដែរ ទី​ក្រុង New York មាន​អត្រា​មនុស្ស​សម្លាប់​ខ្លួន​ច្រើន​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​នឹង​ក្រុង​ផ្សេង​ក្នុង​ពិភពលោក។

១០. ស្ត្រីត្រូវបានសម្លាប់​ជារៀងរាល់ម៉ោងក្នុង​ប្រទេស ឥណ្ឌា

ថ្លៃ​បណ្ណាការ គឺ​ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ប្រទេស ឥណ្ឌា។ ស្ត្រី​ត្រូវ​បាន​​គេ​សម្លាប់​ជា​រៀង​រាល់​ម៉ោង ដោយ​សារ​តែ​ថ្លៃ​បណ្ណាការ​នេះ។

១១. មាន​មនុស្ស​ម្នាក់ ស្លាប់​ជារៀងរាល់ម៉ោងដោយសារគ្រឿងស្រវឹង

តាម​តួលេខ​ដែល​បាន​រក​ឃើញ​ក្នុង​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ម្នាក់​​ស្លាប់​ជា​រៀង​រាល់​ម៉ោង​ដោយ​សារ​តែ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

១២. ជារៀងរាល់ ១,៥ នាទី មាន​ស្ត្រី​ម្នាក់ស្លាប់ ក្នុងអំឡុងពេល​​ពពោះ

ដោយ​សារ​តែ​កង្វះ​ខាត​ការ​ព្យាបាល​ត្រឹមត្រូវ និង​វេជ្ជសាស្ត្រ បាន​ធ្វើ​ឲ្យ​មាន​ស្ត្រី​ម្នាក់​ស្លាប់​រៀង​រាល់ ១,៥ នាទី ក្នុង​អំឡុង​ពេល​ពពោះ។

១៣. កុមារ ២០ ០០០ នាក់ស្លាប់ជារៀងរាល់ថ្ងៃដោយសារការអត់ឃ្លាន

ជា​រៀង​រាល់​ថ្ងៃ ភាព​ក្រី​ក្រ និង​ការ​អត់​ឃ្លាន​ ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ក្នុង​ពិភពលោក។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត គឺ​មាន​កុមារ ២០ ០០០ នាក់​ស្លាប់​ដោយ​សារ​ការ​អត់​ឃ្លាន​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ទូទាំង​ពិភពលោក។

១៤. មាន​ការ​សម្លាប់​ខ្លួន​ម្ដងក្នុង​រយៈ​ពេល ៤០ វិនាទី

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​សម្លាប់​ខ្លួន​ក្នុង​រយៈ​ពេល ៤០ វិនាទី​ម្ដង នៅ​ទូទាំង​ពិភពលោក៕

ចុចអាន ៖

ប្រភព៖ wonderslist   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម