ដំបូង​បំផុត! រថយន្ត​ស្វ័យប្រវត្តិ​បើក​បុក​ស្ត្រី​ម្នាក់​ស្លាប់ ត្រូវ​បញ្ឈប់​ការ​ធ្វើ​តេស្ត​ភ្លាមៗ

  • 2018-03-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Uber បាន​បញ្ឈប់​ការ​ធ្វើ​តេស្ត​សាកល្បង​រថយន្ត​គ្មាន​មនុស្ស​បើក (ស្វ័យប្រវត្តិ) បន្ទាប់​ពី​មាន​១ ករណី​នៅ​ក្នុង​ចំណោម​រថយន្ត​សាកល្បង​ទាំង​​នោះ​បាន​បើក​បុក​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត នៅ​ទី​ក្រុង Tempe រដ្ឋ Arizona អាមេរិក។

ស្ត្រី​ជា​ជន​រង​គ្រោះ​មាន​ឈ្មោះ Elaine Herzberg អាយុ​៤៩​ឆ្នាំ បាន​ដើរ​ឆ្លង​កាត់​ផ្លូវ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ១០​យប់​​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨។ ខណៈ​កំពុង​ឆ្លង​ផ្លូវ ក៏​មាន​រថយន្ត Uber បើកបរ​ដោយ​ស្វ័យ​ប្រវត្តិ​១​គ្រឿង​មក​បុក​ចំ​គាត់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង Tempe បាន​បញ្ជាក់​ថា ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត ហើយ​ក្រុមហ៊ុន Uber ក៏​កំពុង​​ចូលរួម​សហការ​ស្រាវជ្រាវ​ផង​ដែរ។

ក្រោយ​យប់​កើត​ហេតុ​គឺ​នៅ​ថ្ងៃ​ទី​១៩​មីនា Uber បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្អាក​ដំណើរការ​សាកល្បង​រថយន្ត​គ្មាន​មនុស្ស​នេះ​ជា​បណ្ដោះ​អាសន្ន​សិន​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​ច្រើន​ដូចជា​នៅ​ទីក្រុង Pittsburgh, San Francisco, Tornoto និង Phoenix ជា​ដើម។ "ទឹក​ចិត្ត​របស់​ពួក​យើង​សូម​ផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ​សព​ផង។ ពួក​យើង​កំពុង​តែ​សហការ​គ្នា​យ៉ាង​ពេញ​ទំហឹង​ហើយ​ជាមួយ​មន្ត្រី​ក្នុង​តំបន់ ក្នុង​ការ​ស៊ើប​អង្កេត​ករណី​គ្រោះថ្នាក់​នេះ" នេះ​ជា​ការ​បង្ហោះ​របស់ Uber នៅ​លើ​បណ្ដាញ​សង្គម។

នេះ​ជា​ករណី​ដំបូង​គេ​ហើយ​ដែល​រថយន្ត​បើក​ស្វ័យ​ប្រវត្តិ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​យ៉ាង​ដូច្នេះ។ ករណី​គ្រោះថ្នាក់​នេះ​អាច​នឹង​បង្អាក់​ដំណើរ​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ដ៏​ក្មេង​ខ្ចី​នេះ (បច្ចេកវិទ្យា​បើកបរ​ស្វ័យ​ប្រវត្តិ ឬ​ហៅ​ថា autonomous technology) ដើម្បី​ទុក​ពេល​មួយ​រយៈ​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​​អ្នក​ប្រើប្រាស់។ ក្រៅ​ពី Uber នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​កំពុង​ចាយ​ទុន​ពាន់​លាន​ដុល្លារ​លើ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​ដូចជា Alphabet Inc., General Motors Co., និង Baidu Inc.៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ ឈាង​