បំបែកឯកត្តកម្មពីពលករតូចតាច ស្ត្រីខ្មែរទី១ក្លាយជាប៉ូលិសឆ្នើមនៅកូរ៉េខាងត្បូង

  • 2018-03-21 05:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តស៊ូ​តាំង​ពី​ពលករ​តូចតាច រហូត​ក្លាយ​ជា​ប៉ូលិស​ស្រី​នៅ​កូរ៉េ​ខាង​ត្បូង គឺ​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ សម្រាប់​ស្ត្រី​ខ្មែរ​មួយ​រូប។

អ្នកស្រីម៉ារ៉ា កណ្ដាល (រូបភាពផ្ដល់ឲ្យ)

អ្នកស្រី ​ម៉ារ៉ា ​ជា​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​បាន​ចូលកាន់តំណែង​ជា​ប៉ូលិសស្រីទី១​ នៅ​ក្នុង​តំបន់​វ៉នកុកតុង​ ទីក្រុង​អានសាន​ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង។ នេះ​អាច​និយាយ​បាន​ថា ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ពលករ​​តែ​ម្ដង ដែល​វិវត្តន៍​ខ្លួន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ​

(រូបភាពផ្ដល់ឲ្យ)

ប្រភព​ពី​ពលករ​ខ្មែរ​១រូប​​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​អ្នក​ស្រី​ ម៉ារ៉ា សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រាប់​Sabay​​តាម​សារ​អេឡិចត្រនិក ​នៅ​ព្រឹក​នេះ​ថា ​ពី​ដំបូង​ទ្បើយ ​អ្នកស្រី ម៉ារ៉ា ​គឺ​ជា​​ពលករ​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ។ ក្រោយ​មក​អ្នកស្រី​ម៉ារ៉ា​ បាន​រៀបការ​ជាមួយ​បុរស​កូរ៉េ​ម្នាក់​​ដែល​ជា​អ្នក​មាន​មុខ​មាត់​ម្នាក់ ហើយ​ក៏​បាន​ចូល​សញ្ជាតិ​កូរ៉េ​​ទៀត​ផង។

ដោយសារ​មាន​ចំណេះ​ដឹង​ទូទៅ និង​ភាសា​បរទេស ច្រើន​គួរ​សម​បូក​ផ្សំ​ជាមួយ​សមត្ថភាព​ផ្នែក​ទំនាក់​ទំនង​ផង​នោះ អ្នក​ស្រី​ម៉ារ៉ា ខិត​ខំ​តស៊ូ​ធ្វើ​ការ រហូត​​វិវត្តន៍​ខ្លួន ក្លាយ​ជា​ប៉ូលិស​ស្រី​ខ្មែរ​ដំបូង​គេ​នៅ​ប្រទេស​រីកចម្រើន។

(រូបភាពផ្ដល់ឲ្យ)

សូម​បញ្ជាក់​ថា​សមាជិក​ប៉ូលិស​ដែល​អាច​ចូល​ធ្វើការ​នៅ​ក្នុង​តំបន់​វ៉នកុកតុង​នោះ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​ល្បី​លំដាប់​ប្រទេស​កូរ៉េ​។ ក្នុង​នោះ​មាន​ដូចជា​អតីត​តារាK-POPរបស់​ប្រទេស​កូរ៉េខាងត្បូង​កាលពីឆ្នាំ​២០០៥ដូចជាKim Hyun-joong​និង​Heo Young-saeng​គឺ​ក្រុមSS501 ជាដើម។

យ៉ាង​ណា​ក្ដី​ជុំវិញ​ប្រវត្តិ​រឿងរ៉ាវ​តស៊ូ​របស់​ស្ត្រី​កម្ពុជា​រូប​នេះ Sabay នឹង​លម្អិត​នៅ​បន្ទាប់​ទៀត ដោយ​ខណៈ​នេះ​នៅ​មិន​អ្នក​ស្រី កំពុង​ជាប់​បំពេញ​ភារកិច្ច​នៅ​ឡើយ មិន​ទាន់​អាច​ផ្ដល់​បទសម្ភាស​បាន៕ ​​​

អត្ថបទ៖ ពៅ រក្សា​​​​​