៦ ក្បាច់ ជួយឲ្យអ្នកពូកែភាសាអង់គ្លេស ដោយមិនបាច់អស់លុយរៀនថែម

  • 2018-03-27 06:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀន​ភាសា​អង់គ្លេស​យូរ​ហើយ​ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ប្រើ​ការ​មិន​បាន​មែន​ទេ? បើ​ដូច្នេះ​អ្នក​គួរ​ផ្លាស់​ប្ដូរ​វិធី​រៀន​របស់​ខ្លួន​ហើយ​ទើប​បាន។ ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​ពី​តិចនិក​ងាយ​ៗ​​មួយ​ចំនួន​ដែល​នឹង​ជួយ​ឲ្យ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ក្លាយ​ជា​អ្នក​ពូកែ​ភាសា​អង់គ្លេស​គ្រប់​គ្នា ប្រសិន​បើ​ព្យាយាម​អនុវត្ត​វា​ជា​ប្រចាំ។

១. ហ្វឹក​ហាត់​និយាយ​ម្នាក់​ឯង

វិធី​នេះ​គឺ​ល្អ​បំផុត សម្រាប់​អ្នក​ដែល​​ពូកែ​អៀន ឬមិន​ហ៊ាន​ចេញ​និយាយ​កាច់​តុង​ជាមួយ​អ្នក​ដទៃ។ ឆ្លុះ​កញ្ចក់ ហើយ​និយាយ​ជាមួយ​ខ្លួន​ឯង​តែ​ម្ដង យូរ​ៗ​ទៅ​អ្នក​នឹង​ថ្នឹក​មាត់​ដោយ​ឯកឯង។

២.​ ស្ដាប់​ចម្រៀង ព័ត៌មាន ឬ​វិទ្យុ​ជា​ភាសា​អង់គ្លេស

ជឿជាក់​ថា​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​មាន​ទម្លាប់​ស្ដាប់​ចម្រៀង ដើម្បី​កំដរ​អារម្មណ៍ បំបាត់​អផ្សុក ដូច្នេះ​គួរ​ងាក​មក​ស្ដាប់​ជា​ភាសា​អង់គ្លេស​តែ​ម្ដង។ ប៉ុន្តែ​​មិន​មែន​ស្ដាប់​តែ​ម្យ៉ាង​​ទេ​ណា៎ គួរ​ឆែក​មើល​ពាក្យ​ពិបាក​ៗ​ក្នុង​ទំនុក​ច្រៀង​ផង ទើប​រីក​ចម្រើន​បាន​លឿន។

៣. អាន​ព័ត៌មាន អត្ថបទ ឬប្រលោមលោក ជា​ភាសា​អង់គ្លេស

ការ​ហ្វឹកហាត់​អាន​ភាសា​អង់គ្លេស​ជួយ​ឲ្យ​យើង​​ទទួល​បាន​ចំណេះដឹង​កាន់​តែ​​ច្រើន និង​ទូលំទូលាយ ហើយ​ក៏​ទទួល​បាន​ពាក្យ​ថ្មី​ៗ​ល្អ​ៗ​ជា​ប្រចាំ​ដែរ។

៤. មើល​ភាពយន្ត រឿង​ភាគ ឬ​តុក្កតា​ជា​ភាសា​អង់គ្លេស

វិធី​នេះ​អាច​ឲ្យ​យើង​ចេះ​ស្ដាប់ និង​យល់​ភាសា​បាន​លឿន​បំផុត ជា​ពិសេស​​អាច​ស្ដាប់​បាន​នូវ​តុង​សំនៀង​ដើម​របស់​ម្ចាស់​ភាសា និង​យល់​ពី​ការ​ប្រើប្រាស់​ពាក្យ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ។

៥. ស្ថិត​នៅ​កន្លែង​ដែល​មាន​តែ​ជន​បរទេស

នេះ​ជា​វិធី​ដែល​អាច​បង្ខំ​ឲ្យ​ខ្លួន​ឯង​និយាយ​ភាសា​អង់គ្លេស​បាន​ច្រើន​បំផុត ព្រោះ​ថា​បើ​យើង​មិន​មែន​ជា​អ្នក​ពូកែ​និយាយ​អង់គ្លេស ហើយ​នៅ​ជុំវិញ​ខ្លួន​មាន​តែ​ជន​បរទេស ចង់​ឬ​មិន​ចង់​យើង​នឹង​ព្យាយាម​និយាយ ហើយ​យូរ​ៗ​នឹង​ទម្លាប់​និយាយ​ និង​ទំនាក់ទំនង​ជា​ភាសា​អង់គ្លេស​បាន​ងាយ​ស្រួល។

៦. រក​មិត្ត​ភ័ក្តិ​ជា​ជន​បរទេស​ដើម្បី​បាន​ជជែក​គ្នា

សាក​ល្បង​ហ្វឹក​ហាត់​និយាយ​ជាមួយ​មិត្ត​ជា​ជន​បរទេស​នៅ​សាលារៀន ឬ​កន្លែង​ធ្វើ​ការ​ល​មើល ហើយ​ឲ្យ​គេ​ជួយ​បង្រៀន​ភាសា​ឲ្យ​យើង​ខ្លះ ពុំ​ដូច្នោះ​ទេ អាច​ធ្វើ​ជា Guide នាំ​ពួក​គេ​ដើរ​លេង ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​ហ្វឹក​ហាត់​រៀន​ភាសា​អង់គ្លេស​របស់​យើង​ដែរ។ កុំ​ខ្មាស​អៀន​ក្នុង​ការ​រាប់​អាន​មិត្ត​ភ័ក្ដិ​ជា​ជនជាតិ​ផ្សេង​ ព្រោះ​​ក្រៅ​ពី​បាន​រៀន​ភាសា យើង​ក៏​អាច​ចែក​រំលែក​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

ការ​រៀន​ភាសា​គឺ​ត្រូវ​ការ​ការ​ហ្វឹកហាត់​ប្រើ​ប្រាស់​ជា​ប្រចាំ ដូច្នេះ​បើ​អ្នក​រៀន​ហើយ​កប់​ចោល​នោះ ទោះ​រៀន​រាប់​សិប​ឆ្នាំ​ទៀត​ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ។ ព្យាយាម​បង្កើត​ទម្លាប់​ទាំង​អស់​នេះ នឹង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ភាសា​​បាន​លឿន​ និង​មាន​ប្រសិទ្ធភាព មិន​ថា​ភាសា​អង់គ្លេស ឬ​ភាសា​ផ្សេង​ៗ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី