មនុស្សស្រីគួរធ្វើរឿង ៥ យ៉ាងនេះ បើចង់ក្លាយជាមេដឹកនាំល្អម្នាក់ នៅកន្លែងធ្វើការ
- 2018-03-22 03:52:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីគួរធ្វើរឿង ៥ យ៉ាងនេះ បើចង់ក្លាយជាមេដឹកនាំល្អម្នាក់ នៅកន្លែងធ្វើការ
ចន្លោះមិនឃើញ
កើតជាមនុស្សស្រីក្នុងសម័យថ្មី អ្នកមិនអាចអង្គុយរង់ចាំភាពជោគជ័យដែលព្រហ្មលិខិតផ្ដល់ឲ្យដូចពីមុនឡើយ។ អ្នកត្រូវកសាងសមត្ថភាព ជំនឿចិត្ត ដើម្បីសម្រេចគោលដៅគ្រប់យ៉ាងដែលអ្នកប្រាថ្នានៅក្នុងជីវិតការងារដោយខ្លួនឯង។ អ្នកមិនចាំបាច់ត្រូវកើតមកជាមួយភាពជាអ្នកដឹកនាំពីកំណើតឡើង ឲ្យតែព្យាយាមរៀនសូត្រចំណុច ៥ យ៉ាងខាងក្រោម ធានាថាភាពជាអ្នកដឹកនាំរបស់អ្នកនឹងលេចធ្លោខ្លាំងមិនខាន៖
១.ស្គាល់ពីរបៀបដឹកនាំផ្ទាល់របស់ខ្លួន
ដំបូងអ្នកត្រូវរៀនស្គាល់ស្ទីលដឹកនាំរបស់ខ្លួនជាមុនសិន។ ជាអ្នកគ្រប់គ្រងគេ អ្នកមិនអាចរំពឹងចង់បានការគាំទ្រ ឬចូលចិត្តពីកូនចៅគ្រប់គ្នាឡើយ។ របៀបដឹកនាំបែបសុទិដ្ឋិនិយម និងពូកែលើកទឹកចិត្តពិតជាវិធីក៏ល្អ ប៉ុន្តែអ្នកក៏ត្រូវតែរឹងមាំ ម៉ត់ចត់ផងដែរ ដើម្បីរក្សាតុល្យភាពអំណាចរបស់ខ្លួន។
២.ពូកែក្នុងការគ្រប់គ្រងពេលវេលា
ការចេះគ្រប់គ្រងពេលវេលា គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកគ្រប់គ្រង។ រាល់កិច្ចការទាំងអស់អ្នកត្រូវផ្ដោតទៅលើប្រសិទ្ធភាព និងផលិតភាពជាចម្បង។ អ្នកត្រូវបង្កើតបញ្ជីការងារអាទិភាព និងថ្ងៃផុតកំណត់របស់កិច្ចការនីមួយៗដែលអ្នកកំពុងទទួលខុសត្រូវ។
៣.បែកចែកការងារឲ្យកូនចៅ
ចំណុចពិសេសរបស់មេដឹកនាំល្អ គឺពូកែក្នុងការបែងចែកការងារឲ្យកូនក្រុមខ្លួន។ មិនត្រឹមតែអ្នកអាចធូរស្រាលខ្លះ អ្នកថែមទាំងអាចលើកទឹកចិត្តពួកគេឲ្យចេះទទួលខុសត្រូវ និងរីករាយជាមួយការរួមចំណែកសម្រាប់ជោគជ័យឬបរាជ័យរបស់ក្រុមថែមទៀតផង។ អ្នកត្រូវចេះប្រើ ទុកចិត្ត និងចេះវាស់ស្ទង់ពីសមត្ថភាពកូនចៅរបស់ខ្លួនឲ្យបានច្បាស់។
៤.លើកទឹកចិត្ត
ជៀសមិនផុត អ្នកប្រាកដជាត្រូវដោះស្រាយបញ្ហារកាំរកូស ជម្លោះ ការអន់ចិត្ត ដែលតែងតែកើតឡើងរវាងសមាជិកក្នុងក្រុមឬក៏ខ្លួនអ្នកផ្ទាល់។ ទោះជាយ៉ាងណា ជាមេដឹកនាំម្នាក់ អ្នកមិនដាក់ទោសទណ្ឌ ឬស្ដីបន្ទោសខ្លាំងៗរហូតធ្វើឲ្យពួកគេបាក់ទឹកចិត្តឡើយ។ អ្នកត្រូវចេះប្រើពាក្យសម្ដី ដើម្បីកែប្រែស្ថានការណ៍ពីអាក្រក់ មកល្អវិញ ដោយនៅតែឲ្យពួកគេប្រឹងប្រែងបន្តទៅមុខទៀត។
៥.ការសហការជាក្រុម
ការងារក្រុមកាន់តែរីកចម្រើន នៅពេលបរិយាកាសក្នុងក្រុមមានភាពរីករាយ ជាមួយកិច្ចការរួមដែលពួកគេកំពុងធ្វើ។ អ្នកអាចបើកការប្រជុំប្រចាំសប្ដាហ៍ ដើម្បីកសាងស្មារតីក្រុម ចែករំលែកព័ត៌មាន ក៏ដូចជាជំរុញចិត្តពួកគេឲ្យត្រេកអរជាមួយស្នាដៃខ្លួន ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនឲ្យក្រុមហ៊ុនទាំងមូល៕
ចុចអាន៖