មក​មើល Drone យក្ស​ដែល​មាន​សមត្ថភាព​លើស​ពី​អ្វី​ ដែល​អ្នក​ធ្លាប់​ដឹង

  • 2018-03-27 08:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត Drone ធុន​ធ្ងន់​របស់​ប្រទេស​ឡាតវី​ (Latvia) Aerones បាន​បង្ហាញ​នូវ Drone ស៊េរី​ថ្មី​ ដែល​អាច​មាន​សមត្ថភាព​បាញ់​រំលាយ​ទឹក​កក​ពី​តួប៊ីន​ខ្យល់​បាន។

Drone នេះ​មាន​ស្លាបចក្រ​រហូត​ដល់​ទៅ​ ៣៦ ហើយ​អាច​យោង​វត្ថុ​នានា​បាន​ដល់​ទៅ ២០០ គីឡូក្រាម។ វា​ខុស​ប្លែក​ពី Drone ទូទៅ ដោយ​សារ​តែ​វា​អាច​ហោះ​ហើរ​ប៉ុន្មាន​ម៉ោង​ក៏​បាន​តាម​ចិត្ត​ចង់ ព្រោះ Drone នេះ​មាន​ខ្សែ​ភ្លើង​ដ៏​វែង​ដើម្បី​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ភ្លើង​ជាប្រភពអគ្គីសនី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​មាន​ទុយយោ​ទឹក​ ភ្ជាប់​ពី​ Drone​ មក​ដល់​ដី​តែម្ដង ផ្តល់​ភាព​ងាយ​ស្រួល​មិន​ចាំ​បាច់​ត្រូវ​ច្រក​ទឹក​ចុះ​ឡើង។ ដើម្បី​ដំណើរការ​ Drone នេះ​បាន​ គឺ​ត្រូវ​មាន​ឡាន​ធំ​មួយ​ដើម្បី​ធ្វើ​ជា​កន្លែង​ ដាក់​សម្ភារៈ​ចាំបាច់​នានា​ និង​ជា​កន្លែង​ដែល​ Drone ចុះ​ចត​ផង​ដែរ។​

វា​មិន​ត្រឹម​តែ​ជា​ Drone ដែល​អាច​បាញ់​រំលាយ​ទឹក​កក​ បាន​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ពន្លត់​អគ្គីភ័យ​ លាង​សម្អាត​កញ្ចក់​ ដឹក​ជញ្ជូន​ឥវ៉ាន់​ធ្ងន់​ៗ និង​អាច​យក​មក​ស្រោច​ដំណាំ​ផង​ដែរ។​ ដូច្នេះ​ហើយ​ យើង​អាច​ប្រើ​ទឹក​ស្អាត​ក៏​បាន ទឹក​ពពុះ​សាប៊ូ​ក៏​បាន ស្រេច​​តាម​ស្ថានភាពជាក់​ស្ដែង។

បើ​និយាយ​ពី​សុវត្ថិភាព​វិញ Drone នេះ​គឺ​ពិតជាអស្ចារ្យណាស់ ​​ដោយ​វា​ផ្ដាច់​បង្គំ​ម៉ូទ័រ​ស្លាបចក្រ​ទាំង​ ៣៦ ​ចេញ​ពី​គ្នា​ទាំង​អស់​តែ​ម្ដង។ ដូច្នេះ​ហើយ ពេល​ម៉ូទ័រ​ណា​គាំង​លែង​ដំណើរ​ការ​ Drone នេះ​នៅ​តែ​អាច​ចុះ​ចត ដោយ​សុវត្ថិភាព។ មួយ​វិញ​ទៀត ប្រសិន​បើ​ម៉ាស៊ីន​ភ្លើង​លែង​ដំណើរ​ការ អ្នក​មិន​ចាំ​បាច់​បារម្ភ​ថា Drone នឹង​ធ្លាក់​មក​ឡើយ ព្រោះ Drone នោះ​ក៏​មាន​ថ្ម​បម្រុង អាចឲ្យចុះចតបាន ​សម្រាប់​ពេល​ហេតុការណ៍​ នោះ​កើត​ឡើងផងដែរ។

និយាយ​រួម​មក Drone នេះ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​ ហើយ​សម្រាប់​ប្រទេស​កម្ពុជា វា​ជា​រឿង​ចាំ​បាច់​មួយ​ ដែល​អង្គភាព​ពន្លត់​អគ្គីភ័យ​គួរ​តែ​មាន Drone ប្រភេទ​នេះ ព្រោះ​វា​អាច​ជួយ​គ្រប់​គ្រង​ស្ថានការណ៍​បាន​ទាន់​ពេល និង​មិន​បាច់​ឲ្យ​អ្នក​ពន្លត់​អគ្គីភ័យ​ត្រូវ​ផ្សង​គ្រោះថ្នាក់​ច្រើន​ផង៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម