មកស្គាល់​កន្លែង​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ ដំបូងបង្អស់ នៅ​ខេត្តកំពត

  • 2018-03-29 02:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​ទៅខេត្តកំពត នៅពេល​នឹកចង់ញុំា​នំបញ្ចុក​ រមែងនឹកដល់​នំបញ្ចុក​ទឹកម្ហិច នៅស្រុក​ទឹកឈូ មិនខាន។ នំបញ្ចុក​ខ្មែរ​បែប​បូរាណ​នេះ មានតម្លៃ​ធូរថ្លៃ និង​​ល្បីល្បាញ​ថា ឆ្ងាញ់គ្រប់គ្នា។ ដូច្នេះ ក្រុមការងារផ្លូវទៅស្រុក សូមណែនាំ​កន្លែង​លក់​នំបញ្ចុក​ទឹកម្ហិច​មួយ​កន្លែង ដែលផ្ដើម​លក់​ដំបូង​គេ​ នៅខេត្ត​កំពត។

ចុចអាន៖ រូបថត ៥សន្លឹក បង្ហាញ​ពី​ដំណើរការ​ផលិត​នំប៉័ង ដ៏ល្បីមួយកន្លែង នៅខេត្តកំពត

១. អ្នក​ស្រី ឌុច ណែត អាយុ​៥០​ឆ្នាំ អ្នក​លក់​នំ​បញ្ចុក​ទឹក​ម្ហិច​ នៅ​ភូមិ​ព្រៃ​ស្ពឺ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។ អ្នក​ស្រី​បាន​ចាប់​ផ្ដើម​ប្រកប​របរ​នេះ​មុន​គេ​បង្អស់​នៅ​ឆ្នាំ​ ២០០៣​។  

២. ​ដូច​ការ​ធ្វើ​នំ​បញ្ចុក​ផ្សេង​ៗ​ទៀត​ដែរ គេ​ត្រូវ​យក​អង្ករ​ទៅ​ត្រាំ​ទឹក​មួយ​រយៈ ហើយ​កិន​ឱ្យ​ម៉ត់​ ចម្រោះ​ទឹក​ឱ្យ​ស្ងួត។ បន្ទាប់​មក​គេ​យក​ម្សៅ​អង្ករ​នោះ ទៅ​ច្របល់​ជា​ដុំ​ៗ ហើយ​យក​ទៅ​ស្ងោរ​។ ម្សៅ​អង្ករ​ដែល​ស្ងោរ​រួច ​ត្រូវ​យក​ទៅ​កិន​ម្តង​ទៀត មុន​នឹង​ពូត​វា​ជា​ដុំ​តូច​ៗ ​ដាក់​ចូល​ទៅ​ក្នុង​ប៉ែន​នំ​បញ្ចុក​។ នៅ​ក្នុង​រូប​នេះ  ប្តី​អ្នក​ស្រី ឌុច ណែត កំពុង​ញីម្សៅ​អង្ករ​​ដាក់​ចូល​ប៉ែន​។  

៣. ប្ដី​អ្នក​ស្រី ឌុច ណែត កំពុង​អង្គុយ​លើ​ដង​ឈើ ដើម្បី​សង្កត់​ប៉ែន​ បង្ហូរ​ម្សៅ​ ចូល​ទៅ​ក្នុង​ឆ្នាំង​ទឹក​ដែល​ដាំ​ពុះ​។ សសៃ​ម្សៅ​ដែល​ហូរ​ចេញ​តាម​រន្ធ​ប៉ែន ធ្លាក់​ដល់​ទឹក​ក្តៅ​ ឆ្អិន​ក្លាយ​ជា​នំ​ប​ញ្ចុក​។ បន្ទាប់​មក គាត់​ក៏​ប្រើ​កញ្ច្រែង​មាន​ដៃ ដួស​យក​សសៃ​នំ​បញ្ចុក​នេះ​ ទៅ​លាង​សម្អាត​នឹង​ទឹក​ត្រជាក់ ហើយ​យក​ទៅ​ឱ្យ​អ្នក​ស្រី ឌុច ណែត ចាប់​ជា​ចង្វាយ​លក់​ភ្លាមៗ។  

៤. នំ​បញ្ចុក​ទឹក​ម្ហិច ជា​នំ​បញ្ចុក​ដែល​មាន​ទឹក​សម្ល​ធ្វើ​ពី​ត្រី​សមុទ្រ​។ គេ​ស្ងោរ​ត្រី​សមុទ្រ​ទាំង​នោះ ដោយ​បេះ​យក​តែ​សាច់​ ហើយ​បង់​ស្ករ ប៊ី​ចេង និង បង់​ស្លឹក​ខ្ទឹម​តែ​ប៉ុណ្ណោះ​។ នៅ​ក្នុង​រូប​នេះ អ្នក​ជិត​ខាង​ម្នាក់ កំពុង​ជួយ​បេះ​សាច់​ត្រី ដើម្បី​ឱ្យ​អ្នក​ស្រី ឌុច ណែត យក​ទៅ​ស្ងោរ​ធ្វើ​ជា​ទឹក​សម្ល​នំ​បញ្ចុក​។  

៥. អ្នក​ស្រី ឌុច ណែត កំពុង​ដួស​ទឹក​សម្ល លាយ​នឹង​នំ​បញ្ចុក​លក់​ឱ្យ​ភ្ញៀវ។ តម្លៃ​នំ​បញ្ចុក​ទឹក​ម្ហិច​នេះ ប្រែ​ប្រួល​ពី​តម្លៃ ​២០០​រៀល​ក្នុង​មួយ​ចាន នៅ​ឆ្នាំ​២០០៣​ មក​ដល់ ២០០០​ ក្នុង​មួយ​ចាន នៅ​ដើម​ឆ្នាំ ២០១៨​។ តម្លៃ​នេះ អាច​នឹង​ឡើង​ដល់ ២ ៥០០​រៀល​ ក្នុង​មួយ​ចាន នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​។ ការ​ដំឡើង​ថ្លៃ​នំ​បញ្ចុក​នេះ​ ធ្វើ​ឡើង​តាម​ការ​ស្នើរ​បស់​អតិ​ថិជន​៕

   

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក