មេ​ Apple ​ដៀម​ដាម​ចុក​ៗ​ដាក់​​មេ Facebook ទាក់ទងរឿងអាស្រូវ

  • 2018-03-29 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​​ MSNBC ​​លោក​ Tim Cook នាយក​ប្រតិបត្តិ​ Apple បាន​ឆ្លើយ​តប​ជា​ហូរហែ​នឹង​សំនួរ​ដែល​​អ្នក​សម្របសម្រួល​កម្មវិធី​ចោទសួរ​​ទាក់ទង​នឹង​រឿង​អាស្រូវ​ Facebook។

អ្នក​សម្របសម្រួល​បាន​សួរ​ថា ​លោក​ Tim Cook នឹង​ធ្វើ​បែប​ណា​ប្រសិន​បើ​ខ្លួន​លោក​ជា​ Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook។ លោក​ Tim Cook បាន​តប​ថា ៖ "ខ្ញុំ​នឹង​ធ្វើ​បែប​ណា? ​ខ្ញុំ​នឹង​មិន​អាច​​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​​នោះ​ទេ​”។

លោក​បន្ត​ថា ៖ "យើង​មិន​​ចង់​ឲ្យ​មាន​ មាតិកា​អាស​អាភាស​លើ​ App Store របស់​យើង។ យើង​មិន​ចង់​មាន​មាតិកា​ទាក់​ទង​នឹង​ការ​ស្អប់​លើ​ App Store។ យើង​មិន​ចង់​​មាន​លទ្ធភាព​រើស​ភេរវករ​លើ​ App Store។ យើង​ត្រួត​ពិនិត្យ​កម្មវិធី​មួយៗ​ដោយ​ដិត​ដល់​បំផុត ដើម្បី​មើល​ថា​កម្មវិធី​នោះ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​រៀបរាប់​ឬ​អត់"។

"តាម​ពិត​ទៅ​ យើង​អាច​រក​លុយ​បាន​ច្រើន​មហាសាល​​ប្រសិន​បើ​​យើង​យក​អតិថិជន​​ធ្វើ​ជា​ផលិតផល​របស់​ពួក​យើង"។ ប៉ុន្តែ​យើង​សម្រេច​ថា​មិន​ធ្វើ​បែប​នេះ"។ ត្រង់​ចំណុច​នេះ​លោក​ Tim Cook ​ចង់​និយាយ​ពី​​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Google និង Facebook។​​

​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ iPhone រូប​នេះ​ យល់​ថា​វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ណាស់​ នៅ​ពេល​ដែល​លោក​​មើល​អ្វី​មួយ​ ហើយ​វា​តាម​លោក​ជាប់​នៅ​​គ្រប់​វិបសាយ​ទាំង​អស់​ ដូច​ជា​ប្រព័ន្ធ​ Targeted Ads របស់​ Facebook។ លោក​ថា ៖ "យើង​នឹង​មិន​តាម​ដាន​ជីវិត​ឯកជន​របស់​អ្នក​នោះ​ទេ។ ខ្ញុំ​យល់​ថា​វា​ជា​ការ​បំពាន​សិទ្ធ​ឯកជន។ សិទ្ធ​ឯកជន​ចំពោះ​យើង​ គឺ​ស្មើ​នឹង​សិទ្ធ​មនុស្ស។ វា​ជា​សេរីភាព​ស៊ីវិល​ ហើយ​វា​ជា​ចំណុច​ប្លែក​ពី​គេ​មួយ​ចំពោះ​សហរដ្ឋអាមេរិក”។

ទាក់ទង​នឹង​វិធី​ការពារ​​ទិន្នន័យ​​សម្ងាត់​ នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ថា​វិធី​តែ​មួយ​គត់​គឺ​ Encrypt ទិន្នន័យ​ទាំង​នោះ និង​ត្រូវ​ពិចារណា​លើ​​ច្បាប់​​ទាក់​ទង​នឹង​ទិន្នន័យ​សម្ងាត់​​លើ​កម្មវិធី​ ឬ វិបសាយ​ដែល​អ្នក​ប្រើ​ ហើយ​គួរ​ណា​​ប្រើ​ប្រាស់​អ៊ីនធឺណិត​តាម​រយៈ​ Private Mode ដូច​ជា​ Incognito Window ជា​ដើម៕​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង