ប្រៀបធៀប OPPO F7 និង iPhone X តម្លៃខុសគ្នាមិនតិច តែគ្រឿងក្នុង គិតគូរបាន
- 2018-04-02 06:53:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀប OPPO F7 និង iPhone X តម្លៃខុសគ្នាមិនតិច តែគ្រឿងក្នុង គិតគូរបាន
ចន្លោះមិនឃើញ
ថ្មីៗនេះ OPPO ទើបចេញ Smartphone ស៊េរីថ្មីរបស់ខ្លួន គឺ OPPO F7 ដែលមានរូបរាង និងលក្ខណៈមួយចំនួន ស្រដៀងនឹង iPhone X។ Sabay នឹងប្រៀបធៀបពីទូរសព្ទអេក្រង់ឆកតម្លៃខ្ទង់ ៣០០ដុល្លារ និងខ្ទង់ ១ ០០០ដុល្លារទាំង២ នេះ៖
១. រូបរាង
iPhone X ផ្ទៃខាងក្រោយក្រាលដោយកញ្ចក់ មានស៊ុមជាលោហធាតុ Stainless Steel ព្រមទាំងមានកាមេរ៉ាលៀនចេញមកបន្តិច ជាមួយកម្រាស់ ៧,៧មីលីម៉ែត្រ និងទម្ងន់ ១៧៤ក្រាម។
ចំណែក OPPO F7 ក៏មានខ្នងក្រោយជាកញ្ចក់ដែរ ហើយស្រោបមកដល់មុខ ជាប្រភេទ Uni-Body ប៉ុន្តែកាមេរ៉ាមិនលៀនមកច្រើនទេ ហើយក៏ឃើញមាន Sensor ស្កេនម្រាមដៃផងដែរ ជាមួយកម្រាស់ ៧,៨មីលីម៉ែត្រ និងទម្ងន់ ១៥៨ក្រាម ដែលស្រាលជាង iPhone X ទោះបីមានអេក្រង់ធំជាង។
២. អេក្រង់ និងកម្រិតបង្ហាញភាពច្បាស់
OPPO F7 មានអេក្រង់ LTPS IPS LCD មានទំហំ ៦,២៣អ៊ីញ លាតប្រហែល ៨២,៥% នៃផ្ទៃខាងមុខ ដែលជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080 ភិចស៊េល) និងដង់ស៊ីតេអេក្រង់ ៤០៥ ppi។
រីឯ iPhone X វិញ មានអេក្រង់ OLED ទំហំ ៥,៨អ៊ីញលាតប្រហែល ៨២.៩% នៃផ្ទៃខាងមុខ កម្រិតបង្ហាញក្បែរនឹង Quad HD ដែរគឺ (1125 x 2438 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 458 ppi ដែលអាចបង្ហាញកម្រិតរូបភាព បានច្បាស់ម៉ត់ជាង ព្រមទាំងមាន HDR10 ទៀតផង។
៣. កម្លាំងម៉ាស៊ីន
iPhone X ប្រើបន្ទះ Chip A11 Bionic, RAM 3GBមេម៉ូរីម៉ាស៊ីន 64 ឬ 128GB និងដំណើរការដោយ iOS 11។
OPPO F7 មានបន្ទះ Chip Helio P60, RAM 4 ឬ 6GB មេម៉ូរី 64 ឬ128GB ហើយអាចបន្ថែម microSD បានដល់ 256GB ផងដែរ។ F7 ដំណើរការដោយ Android Oreo និងប្រើប្រាស់ផ្ទៃ Interface ColorOS 5.0 ជំនាន់ចុងក្រោយ។ កម្លាំង iPhone X អាចនិយាយបានថាកប់ហើយ តែ OPPO F7 ក៏មិនណយដែរ ព្រោះ RAM ធំ Chip ជំនាន់ថ្មី និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដែលជំនួយទៅលើល្បឿន។
៤. កាមេរ៉ា
iPhone X មានកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ ១២មេហ្គាភិចស៊ែលទាំង ២គ្រាប់ កម្រិត Aperture f/1.8 និង f/2.4 ហើយមានមុខងារទប់លំនឹង OIS ទាំង ២ គ្រាប់ដូចគ្នា ជំនួយការថតវីដេអូ 4K ល្បឿន ៦០ហ្វ្រេម បានល្អ។ កាមេរ៉ាមុខមានទំហំ ៧មេហ្គាភិចស៊ែល Aperture f/2.2 ថតរូបភាពបានស្អាតល្អ និងថតព្រាលផ្ទៃខាងក្រោយផងដែរ។
កាមេរ៉ាក្រោយ OPPO F7 មានទំហំ ១៦មេហ្គាភិចស៊ែល Aperture f/1.8 និងថតវីដេអូត្រឹម Full HD ប៉ុណ្ណោះ ដែលពិបាកប្រជែងជាមួយ iPhone X។ តែបើមើលកាមេរ៉ាខាងមុខវិញ F7 ហាក់មានប្រៀបជាង ដោយប្រើ Sensor IMX576 ធំបំផុតរបស់ Sony ដែលចាប់រូបភាពក្នុងទំហំ ២៥មេហ្គាភិចស៊ែល កម្រិត Aperture f/2.0 ប្រើប្រាស់ Lens ធំ មុខងារ HDR បច្ចេកវិទ្យាចាប់មុខ ២៩៦ចំណុច និងមុខងារផ្សេងៗជាច្រើនទៀត។
៥. ថាមពលថ្ម
iPhone X មានថាមពលថ្ម ២ ៧១៦mAh អាចប្រើបានមធ្យម និងសាកថ្មបានលឿន ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។
ចំពោះ OPPO F7 វិញ មានថាមពលថ្ម ៣ ៤០០mAh ដែលធំជាងច្រើនគួរសមដែរ ហើយ OPPO ក៏បំពាក់មុខងារ AI Battery Management សម្រាប់សន្សំថ្មនៅពេលប្រើប្រាស់ផងដែរ ពីលើបច្ចេកវិទ្យាសាកថ្មលឿន។
៦. តម្លៃ
iPhone X មានតម្លៃ ១ ០៥០ដុល្លារ សម្រាប់ម៉ូដែល 64GB និង ១ ១៥០ដុល្លារ ចំពោះ 256GB ហើយបើចង់បានធានា ១ឆ្នាំពីក្រុមហ៊ុន វាមានតម្លៃដល់ ១ ២២៨ដុល្លារ និង 256GB តម្លៃដល់ ១ ៤០៨ដុល្លារឯណោះ។
ចំពោះ OPPO F7 វិញ ហាក់មានតម្លៃរាងគ្រាន់បើជាង ខ្ទង់ ៣០០ ដុល្លារប៉ុណ្ណោះ សម្រាប់ម៉ូដែល RAM4GB និងមេម៉ូរី 64GB ចំណែកម៉ូដែល RAM6GB និងមេម៉ូរី 128GB តម្លៃខ្ទង់ ៤០០ដុល្លារប៉ុណ្ណោះ៕