តូតា បោះ​ទុន​ជាង​១០ម៉ឺន បើក​​ហាងទី៣ ខណៈ​គម្រោង​អនាគត​បើក​រហូត១២ ខណ្ឌនៅភ្នំពេញ​​

  • 2018-04-03 03:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​បើក​ហាង​ផឹក​ស៊ី រហូត​ដល់​ទៅ​២កន្លែង មិន​បាន​ប៉ុន្មាន​​ខែ​ផង ម្សិល​មិញ​នេះ តារា​សម្ដែង និង​ជា​ពិធី​ការិនី ម៉ាក សែនសូនីតា និង​គូស្នេហ៍ ដែល​​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ថៅកែ​ផលិតកម្ម​ "អង្គរ​Picture “ បាន​សម្ពោធ​បើក​សាខា​ថ្មី​១​ទៀត​ហើយ ដោយ​តាម​មហិច្ឆតា​ពួក​គេ មាន​គម្រោង​រហូត​បើក​ដល់​ទី១២ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង។

ហាង​ផឹក​ស៊ី​ជា​សាខា​ទី៣ ដែល តូតា បើក​សម្ពោធ​ម្សិល​មិញ​នេះ ក្រោម​វត្ត​មាន​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​នោះ គឺ​ស្ថិត​នៅ​​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ជិត​ផ្លូវ​ភ្លោះ​​អូរឫស្សី ដោយ​នាង​ប្រាប់​ថា បាន​បោះ​ទុនច្រើន​ជាង​ហាង​ពីរ​ផ្សេង​ទៀត​ដែល​នាងបាន​បើក​កន្លង​មក ត្បិត​អី​ទីតាំង​នោះនៅ​លើ​ផ្លូវ​ធំ ហើយ​ចំ​កណ្ដាល​ក្រុង​តែ​ម្ដង។

តូតា បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចំណាយ​​យ៉ាង​តិច​​ជាង​១០ម៉ឺន ដុល្លារ ​ក្នុង​ការ​បើក​ហាង​"ផែ​សមុទ្រ" ដែល​ជា​សាខា​ទី៣ ​នេះ ហើយ​តាម​ផែន​ការ ខ្លួន​និង​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ទៀត មាន​គម្រោង​បើក​រហូត​ដល់​ទី​១២ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង ។

តាម​ការ​វាយ​តម្លៃ ប្រសិន​បើ តូតា បើក​​សាខា ​ហាង​ "ផែ​សមុទ្រ"​របស់​នាង រហូត​ដល់​ទី១២​ទីតាំង គ្រប់​ខណ្ឌ​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ តាម​ការ​គ្រោង​ទុក​ពិតមែន​នោះ ជំនួញ​របស់​នាងត្រូវ​ប្រើ​ដើម​ទុន មិន​ក្រោយ​១លានដុល្លារ​ឡើយ។

តារា​ស្រី​ដែល​មាន​ម្ដាយ​ជា​អ្នក​លក់​មាស​រូប​នេះ​​បាន​លើក​ឡើង​ថា ជំនួញ​ដែល​ប្រើ​ដើម​ទុន​ច្រើន​សន្ធឹកសន្ធាប់​ខាង​លើ​នេះ មាន​ភាគ​ហ៊ុន​តែ​២ ប៉ុណ្ណោះ គឺ​នាង​ និងមិត្តភ័ក្ដិ​ម្នាក់​ទៀត​ដែល​ជា អ្នក​ចាំ​មើល​ផ្ទាល់​តែ​ម្ដង ចំណែក​នាង ដោយ​ជាប់​រវល់​ការងារ​សិល្បៈ មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​មើល​ផ្ទាល់​ឡើយ។

នាង​​បាន​បន្ថែម​​ថា ជំនួញ​ខាង​លើក​ក្រៅ​ពី​គោលដៅ​រក​ប្រាក់​ចំណេញ នាង​មាន​បំណង​ចង់​បង្កើត​ស្លាក​យីហោ មាន​លក្ខណៈ​ស្តង់ដារ ដែល​មាន​ភាព​ល្បីល្បាញ​មួយ ប្រចាំ​ប្រទេស​កម្ពុជា។ ទន្ទឹម​គ្នា​នោះ​ដែរ ក្រៅ​ពី​ទីតាំង​ភ្នំពេញ នាង​មាន​គម្រោង​បើក​សាខា​តាម​បណ្ដា​ខេត្ត​ជា​បន្តបន្ទាប់​ទៀត ដោយ​បច្ចុប្បន្ន​​កំពុងតែ​រៀបចំ​បើក​ទីតាំង​​​មួយ​ទៀត នៅ​ខេត្ត កំពត។

នេះ​គឺ​ជាភាព​ជោគជ័យ​ធំ​​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ពិភព​សិល្បៈ​បន្ទាប់​ពី តារា​ស្រីខាង​​លើ ទំនាក់​ទំនង ជា​មួយ ប៉ុល វិបូ ហៅ​នីត ថៅកែ​ផលិតកម្ម​"អង្គរ​Picture “ និង​ជា​បុរស ដែល​មាន​ឥទ្ធិពល​ម្នាក់។ ទោះបី​ជាពួក​គេបាន​បើកចំហជា​សាធារណៈ​នៃ​ស្នេហា​របស់​ខ្លួន​ឲ្យ​មហាជន​ដឹង​​ច្រើន​ឆ្នាំ​ហើយ​ក្ដី អ្នក​ទាំង​២​នៅ មិន​ទាន់​សម្រេច​ថ្ងៃ​ចូល​រោងជ័យ​​នៅ​ឡើយ​នោះ​ទេ៕

អត្ថបទៈ ស៊ុនហួត