មកស្គាល់ អាវុធនុយក្លេអ៊ែរទាំង៦ របស់រុស្ស៊ី ដែលលោក ពូទីន បង្ហាញនៅឆ្នាំ២០១៨
- 2018-04-04 08:46:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ អាវុធនុយក្លេអ៊ែរទាំង៦ របស់រុស្ស៊ី ដែលលោក ពូទីន បង្ហាញនៅឆ្នាំ២០១៨
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី វ្លាឌឺមៀ ពូទីន កាលពីដើមខែមីនា ២០១៨ បានថ្លែងប្រចាំឆ្នាំ ទៅកាន់ប្រជាជាតិរបស់លោក ព្រមទាំងបានបង្ហាញពីសព្វាវុធយុទ្ធសាស្រ្តការពារជាតិផងដែរ។ ក្នុងនោះ អ្វីដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ផង និងព្រួយបារម្ភផង ពីការថ្លែងរបស់បុរសខ្លាំងរុស្ស៊ី គឺការបង្ហាញពីអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់ទាំងលើគោក ក្នុងទឹក និងលើអាកាស ហើយអ្វីដែលពិសេសជាងនេះ គឺប្រព័ន្ធការពារដែនអាកាសដែលប្រើកាំរស្មីឡាស៊ែរ។
ខាងក្រោមនេះគឺជា អាវុធនុយក្លេអ៊ែរទំនើបចុងក្រោយទាំង៦ របស់រុស្ស៊ី៖
១- មីស៊ីលអន្តរទ្វីប Sarmat
ក្នុងការថ្លែងប្រចាំឆ្នាំ លោក ពូទីន បញ្ជាក់ថា មីស៊ីលអន្ដរទ្វីប Sarmat ត្រូវបានធ្វើទំនើបកម្ម ដោយបង្កើនចម្ងាយបាញ់គ្មានដែនកំណត់។ លោក ពូទីន ថា មីស៊ីលប្រភេទនេះ អាចបាញ់ទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយអាចហោះគេចចេញពីប្រព័ន្ធការពារមីស៊ីលរាប់សិប ដែលដំឡើងនៅរដ្ឋអាឡាស្កា របស់អាមេរិកបាន។ មីស៊ីលដែលទើបអភិវឌ្ឍថ្មីនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន២០។
២- មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង Kinzhal
Kinzhal គឺជាប្រភេទមីស៊ីលដែលបាញ់ចេញពីដែនអាកាស ដោយមានល្បឿនលឿនជាងសំឡេងចំនួន ១០ដង ហើយអាចបាញ់បានចម្ងាយរហូតដល់ ២០០០គីឡូម៉ែត្រ។ តាមវីដេអូ ដែលបានបង្ហាញក្នុងពិធីថ្លែងប្រចាំឆ្នាំនោះ មីស៊ីលប្រភេទនេះ ត្រូវបានបាញ់ចេញពីយន្តហោះចម្បាំង ហើយហោះគេចចេញពីប្រព័ន្ធការពារមីស៊ីលបានទៀត។
៣- មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង Avangard
Avangard គឺជាប្រភេទមីស៊ីលដែលអាចហោះក្នុងបរិយាកាស ដោយល្បឿនលឿនជាងសំឡេងរហូតដល់ ២០ដង។ មីស៊ីលប្រភេទនេះ កំពុងត្រូវបានអភិវឌ្ឍ ហើយមិនទាន់ត្រូវបានបាញ់សាកល្បងនៅឡើយទេ។
៤- មីស៊ីលនុយក្លេអ៊ែរដែលបាញ់ចេញពីនាវាមុជទឹក (មិនទាន់ដាក់ឈ្មោះ)
មីស៊ីលនុយក្លេអ៊ែរដែលបាញ់ចេញពីនាវាមុជទឹកនេះ ក៏ត្រូវបានលោក ពូទីន បង្ហាញក្នុងវីដេអូ នៅក្នុងពិធីថ្លែងប្រចាំឆ្នាំរបស់លោក កាលពីខែមីនា ២០១៨ កន្លងទៅផងដែរ។ មីស៊ីលប្រភេទនេះ អាចបាញ់បានចម្ងាយដោយគ្មានដែនកំណត់។
៥- កូននាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរ (Underwater Drone)
កូននាវាមុជទឹកដែលដំណើរការដោយថាមពលនុយក្លេអ៊ែរនេះ អាចមុជទឹកបានយ៉ាងជ្រៅ និងមានល្បឿនលឿនជាងនាវាមុជទឹក និងនាវាចម្បាំង ទៅទៀត។ រុស្ស៊ីបញ្ជាក់ថា កូននាវាមុជទឹកនេះ មានសមត្ថភាពវាយប្រហារក្រុមនាវាដឹកយន្តហោះរបស់សត្រូវ និងប្រព័ន្ធការពារទាំងអស់នៅលើពិភពលោក។
៦- ប្រព័ន្ធការពារដែនអាកាសដោយកាំរស្មីឡាស៊ែរ
សព្វាវុធចុងក្រោយដែលលោក ពូទីន បានបង្ហាញក្នុងពិធីថ្លែងប្រចាំឆ្នាំ គឺប្រព័ន្ធការពារដែនអាកាសដោយកាំរស្មីឡាស៊ែរ។ ប្រព័ន្ធការពារដែនអាកាសដោយកាំរស្មីឡាស៊ែរនេះ ត្រូវបានដំឡើងកាលពីឆ្នាំ២០១៧ កន្លងទៅ៕
ចុចអាន ៖
មកមើល រុស្ស៊ីបាញ់សាកល្បង មីស៊ីលអន្តរទ្វីបប្រភេទថ្មី កម្របានឃើញបំផុត (មានវីដេអូ)
សមយុទ្ធរដូវរងានៃកងកម្លាំងពិសេសរុស្ស៊ី ឃើញហើយញាក់សាច់
មកដឹងពីប្រភពចំណូល និងទ្រព្យសម្បត្តិ ប្រធានាធិបតីរុស្ស៊ី ពូទីន