មកដឹងពីប្រភពចំណូល និងទ្រព្យសម្បត្តិ ប្រធានាធិបតីរុស្ស៊ី ពូទីន
- 2018-03-21 08:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រភពចំណូល និងទ្រព្យសម្បត្តិ ប្រធានាធិបតីរុស្ស៊ី ពូទីន
ចន្លោះមិនឃើញ
យោងតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន បានកើនឡើងដល់ប្រហែល ៧០ ពាន់លានដុល្លារអាមេរិក។
ប្រធានាធិបតីរុស្ស៊ី វ័យ ៦៥ ឆ្នាំរូបនេះ ត្រូវបានគេស្នើសុំឲ្យប្រកាសប្រាក់ខែប្រចាំឆ្នាំជាមធ្យម ដល់គណៈកម្មាធិការបោះឆ្នោតកណ្ដាលនៃសហព័ន្ធរុស្ស៊ី។ លោក ពូទីន បានប្រកាសថា ខ្លួនរកលុយបានចំនួន ៦៧៣ ០០០ ដុល្លារ ក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៦ ដែលបានមកពីចំណូលប្រចាំឆ្នាំចំនួន ១១២ ០០០ ដុល្លារ។
ជាមួយគ្នានេះដែរ លោកក៏បានចុះបញ្ជីទ្រព្យសកម្ម រួមទាំង គណនីធនាគារចំនួន ១៣ ដែលមានលុយសរុប ២៤១ ០០០ ដុល្លារ រួមទាំង ភាគហ៊ុន ២៣០ នៅក្នុងធនាគារ Bank Saint Petersburg , រថយន្តម៉ាក Volga ២ គ្រឿង និង ផ្ទះល្វែងទំហំ ៧៤ ម៉ែត្រការ៉េ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា ពូទីន មានទ្រព្យសម្បត្តិច្រើនជាងអ្វីដែលលោកកំពុងបង្ហាញ។ កាលពីឆ្នាំ ២០១៥ នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Hermitage Capital Management លោក Bill Browder បានគណនាឃើញថា ទ្រព្យសម្បត្តិប្រធានាធិបតីរុស្សីរូបនេះមានចំនួន ២០០ ពាន់លានដុល្លារឯណោះ។
ក្រៅពីនោះ លោក ពូទីន មានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើន ដែលមិនអាចផ្ទៀងផ្ទាត់បាន ប៉ុន្តែពាក្យចចាមអារ៉ាមបង្ហាញថា លោកបានគ្រប់គ្រងភាគហ៊ុន ចំនួន ៣៧ ភាគរយ នៃក្រុមហ៊ុនប្រេង Surgutneftegaz , ៤,៥ ភាគរយ នៃក្រុមហ៊ុនឧស្ម័នធម្មជាតិ Gazprom និង មានចំណែកភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុនទំនិញ Gunvor។
លើសពីនេះទៅទៀត គេបានសន្មតថា ពូទីន ជាម្ចាស់វិមានតម្លៃ ១ ពាន់លានដុល្លារ នៅឯសមុទ្រខ្មៅ Black Sea។ ពាក្យចចាមអារ៉ាមដទៃទៀត អះអាងថា លោកមានវិមានចំនួន ២០ កន្លែង , នាវា ៤ គ្រឿង , យន្តហោះ ៥៨ គ្រឿង និង នាឡិកាជាច្រើនគ្រឿងតម្លៃសរុបជិត ៦០០ ០០០ ដុល្លារ។
គួររំលឹកឲ្យដឹងផងដែរថា លោក វ៉្លាឌិមៀរ ពូទីន ដែលដឹកនាំប្រទេសរុស្ស៊ី ជិត ២ ទសវត្សមកហើយនោះ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ ទី១៨ មីនា ដើម្បីបន្តធ្វើជាប្រធានាធិបតីរុស្ស៊ី ២ អាណត្តិជាប់គ្នា (សរុប ៤ អាណត្តិ) ឬយ៉ាងតិច ៦ ឆ្នាំទៀត៕
ចុចអាន៖