មុននឹង​សម្រេច​ចិត្តចំណាកស្រុក ស្រ្តីគួរ​ដឹង​ពី​ចំណុច​ទាំងនេះ (មានវីដេអូ)

  • 2018-04-05 04:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការអន្តរជាតិ​ទេសន្តប្រវេសន៍​(IOM) ប្រ​ចាំកម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផលិត​វីដេអូ​អប់​រំ​មួយ​ស្តី​អំពី​ចំណាក​ស្រុក​ដោយ​ជោគជ័យ​ ក្នុង​គោល​បំណង​អប់រំ​ស្រ្តី​កម្ពុជា​ឲ្យ​ចេះ​ស្វែង​រក​ព័ត៌​មាន​ឲ្យបាន​ល្អិន​ល្អន់​មុន​នឹង​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស។

(តួសម្តែង​ក្នុងវីដេអូអប់រំ «ចំណាកស្រុកដោយជោគជ័យ»/រូបភាព៖ IOM)

វីដេអូ​មាន​រយៈពេល​ជិត​៨​នាទី មាន​​និយាយពី​ការ​លើក​កម្ពស់​ចំណេះ​ដឹង​អំពី​ហានិភ័យ​​ នៃ​ការ​ចំណាក​ស្រុក​​តាម​រយៈ​ការ​រៀបការ​ទៅ​ប្រទេស​ចិន។ វីដេអូ​ក៏និយាយ​ពី​ការ​ចំណាក​ស្រុក​ដោយ​ភាព​វៃ​ឆ្លាត របៀប​នៃ​ការរៀបចំ​ឯកសារ​ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្រ្តី​ អាចជួបប្រទះ​នៅ​ពេល​ធ្វើចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។

អង្គការ​ដដែល​សរសេរ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ម្សិល​មិញ​ដែរថា ស្រ្តី​មួយចំនួនបាន​ទៅ​រស់​នៅ​ប្រ​ទេស​ចិន​ដោយ​សុខសប្បាយ តែមាន​ខ្លះទៀត​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរសដែលខ្លួនមិនពេញចិត្ត។ ស្រ្តីទាំងនោះ​អាច​ប្រឈមនឹង​ការ​រំលោភបំពាន​ផ្លូវ​ភេទ និង​បង្ខំឲ្យ​ធ្វើការ​ជា​ដើម។ ចំណែ​ក​ឯកសារ​របស់​ស្រ្តីទាំងនោះទៀតសោតក៏ត្រូវបានគេ​ដកហូត ដែលត្រង់ចំណុចនេះ​ធ្វើឲ្យ​ស្រ្តីទាំងនេះបាត់​បង់នូវសិទ្ធិជាមូល​ដ្ឋាន​មួយ​ចំនួន​ផងដែរ។​

បើ​តាម​វីដេអូ​ដដែល ស្រ្តីដែល​ចង់​ចំណាកស្រុក​ទៅ​ប្រ​ទេស​ចិន​ត្រូវ​ស្វែង​រក​ព័ត៌​មាន​ពីអាជ្ញាធរមូល​ដ្ឋាន អង្គការ​ពាក់ព័ន្ធ ជា​ពិសេស​គឺលេខ​ទូរស័ព្ធ​អ្នកដែលអាចផ្តល់ជំនួយ​នៅពេល​មាន​ការ​ចាំបាច់​ ជាពិសេស​គឺ លេខ​ទំនាក់ទំនង​របស់​ស្ថាន​ទូតខ្មែរ​ប្រចាំប្រទេស​ចិន។

វីដេអូនេះ​នឹង​ចាក់​ផ្សាយ​តាមស្ថានីយ​ទូ​រទស្សន៍​មួយ​ចំនួន​ក្នុង​ខែមេសានេះ​ និង​មាន​ផ្សាយជា​សំឡេង​តាម​វិទ្យុ​មួយ​ចំនួន​ទៀត​ផង​ដែរ៕

ចុចទស្សនាវីដេអូ៖

អត្ថបទ៖ ទូច សុខា