John Cena ជិត​ឈាន​ដល់​ចំណុច​ថ្មី​មួយ​ក្នុង​​ភាព​ជា​តារា​សម្ដែង​បន្ទាប់​ពី​បញ្ចេញ​រឿង​ថ្មី

  • 2018-04-09 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​កំប្លែង "Blockers” គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​និង​ត្រឹម​ត្រូវ​សម្រាប់​ អតីត​តារា​ប្រចាំ​កីឡាកាស WWE ដែល​មាន​ទឹក​ចិត្ត​មុះ​មុត​ក្នុង​ការ​ប្រឡូក​ចូល​វិស័យ​សម្ដែង​ និង​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​ទស្សនិកជន​សើច​ក្អាកក្អាយ។

​John Cena ធ្លាប់​សម្ដែង​ជា​តួ​រង​ជា​ច្រើន​ដង​ក្នុង​រឿង​បែប​កំប្លែង លក្ខណៈ R-Rated (១៨​ឆ្នាំ​ឡើង​)​ ដូច​ជា​នៅ​ក្នុង​រឿង "Trainwrek” និង "Sisters” ជា​ដើម ប៉ុន្តែ​នៅ​ក្នុង​រឿង​ថ្មី​ "Blocker” នេះ​កត់​សម្គាល់​ឃើញ​ថា តារា​កីឡាកាស​រូប​នេះ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​មិន​ធម្មតា​ដែរ។

ភាព​យន្ត​របស់​ផលិត​កម្ម Universal film នេះ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​សុក្រ ដែល​និយាយ​អំពី​ឪពុក​ម្ដាយ​ ៣គ្រួសារ​ខិត​ខំ​យ៉ាង​ណា​ ហាម​ឃាត់​កូន​ស្រី​ខ្លួន​កុំ​ឲ្យ​បាត់​បង់​ព្រហ្មចារី​នៅ​ក្នុង​ថ្ងៃ​ Prom Night។ ក្នុង​នោះ​ក៏​មាន​ឈុត​ឆាក​មិន​សមរម្យ​ និង​អាក្រាត​កាយ​ខ្លះ ប៉ុន្តែ​វា​គឺ​សុទ្ធ​តែ​ល្អ​សើច​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ចំពោះ​ការ​សម្ដែង​នៅ​ក្នុង​រឿង​នេះ John ត្រូវ​គេ​ចាប់​អារម្មណ៍​ថា លោក​ក៏​មាន​សមត្ថភាព​សម្ដែង​មិន​ចាញ់ The Rock ប៉ុន្មាន​ទេ។

ដោយ​សារ​អ្នក​ទាំង​ពីរ​មាន​ប្រភព​ដើម​ពី​កីឡាកាស​ដូច​គ្នា The Rock ពិត​ជា​ទទួល​បាន​ភាព​​ជោគជ័យ​ក្នុង​អាជីព​ជា​អ្នក​សម្ដែង​ខ្លាំង​នឹក​ស្មាន​មិន​ដល់។ ដូច្នេះ​ហើយ​ភាព​ជោគជ័យ​របស់ John Cena ក្នុង​រឿង "Blockers” នេះ​អាច​ជា​ឱកាស​​ល្អ​សម្រាប់​លោក ប្រែ​ក្លាយ​ជា​តារា​ហូលីវូដ​ដ៏​ពូកែ​និង​រក​ចំណូល​បាន​ច្រើន​ម្នាក់។

គូស​បញ្ជាក់​ដែរ​ថា "Blockers” រក​ចំណូល​បាន ២១,៤​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​ដំបូង​ ដែល​ជា​ចំនួន​ទឹក​ប្រាក់​មួយ​ល្អ​បំផុត​សម្រាប់​រឿង​នេះ៕

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ