ចង់​បាន Smartwatch ថ្លៃ​ក្រោម ១០០ ដុល្លារ ៥ ម៉ូឌែល​នេះ​ល្មម​លៃលក​គ្នា​បាន

  • 2018-04-11 01:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ភាព​ពេញ​និយម​នៃ​ទីផ្សារ​នាឡិកា​ឆ្លាតវៃ​ទូទាំង​សកលលោក​បច្ចុប្បន្ន នឹក​ដល់​ឈ្មោះ Apple Watch គ្រប់​គ្នា​ប្រាកដ​ជា​ស្គាល់។ តម្លៃ​សេរ៊ី​ទាប​បំផុត​ Series 1 ចាប់​ពី​ខ្ទង់ ២០០ ដុល្លារ​ឡើង​ទៅ រហូត​សេរ៊ី​ខ្លះ​ហក់​ដល់​ខ្ទង់​ពាន់​ដុល្លារ​ក៏​មាន។ ត្រង់​ចំណុច​នេះ​អ្នក​ចង់​ភ្លក់​រសជាតិ​ប្រើ​ Smartwatch ធុន​ទាប មិន​សូវ​ចំណាយ​ច្រើន Sabay ណែនាំ​ឲ្យ​ស្គាល់ធុនទាបពេញនិយមទាំង ៥ ម៉ូឌែល។​

១.Keoker KW18 តម្លៃ ៩៩ ដុល្លារ :

ខ្សែ​ជាតិ​កៅស៊ូ រុំ​ព័ទ្ធ​ដោយ​អេក្រង់ ១,៣ អ៊ីញ រាង​តូច​ច្រឡឹង​គាំទ្រ​ការ​ដាក់​ប្រើប្រាស់​ស៊ីម​កាត និង microSD នៅ​ខាង​ក្រោយ។ ដំណើរការ​បាន​ទាំង​លើ​ឧបករណ៍ iOS និង Android មាន​មុខងារ Bluetooth, Sleep Monitor, Pedometer, Alarm Clock, SMS និង Music Player ជា​ដើម។

២.Aipker DZO9 តម្លៃ ១៣ ដុល្លារ:

ម៉ូឌែល​នេះ​ឃើញ​គេ​និយម​ច្រើន​នៅ​ទីផ្សារ​កម្ពុជា ដោយ​ប្រើ​អេក្រង់​ទំហំ ១,៥៦ អ៊ីញ កម្រិត ២៤០ x ២៤០ ភីកសែល ប្រភេទ Touchscreen។ គាំទ្រ​រន្ធ​ដោត microSD ត្រឹម​ទំហំ 16GB ហើយ​ថែម​ទាំង​មាន​កាមេរ៉ា​ទំហំ ០,៣ មេហ្គាភិចសែល​ទៀត​ផង ដោយ​មុខងារ​សំខាន់ៗ​មាន​ដូច​ ជា Message, ខល​ចេញចូល, ការ​បើក Browser, កម្មវិធី Facebook, Twitter, WhatsApp ជា​ដើម។ គាំទ្រ​ទាំង​ប្រព័ន្ធ Android និង iOS តែ​សម្រាប់​ការ​ភ្ជាប់​ទៅ Android អាច​ប្រើ​បាន​ធំ​ទូលាយ​ជាង។

៣.Yuntab Y1 តម្លៃ ២១ ដុល្លារ:

កូន​កាត់ SAMSUNG Gear ម៉ូឌែល Y1 មាន​តម្លៃ​តែ​ជាង ២០ ដុល្លារ បំពាក់​នូវ​អេក្រង់ ១,២៤ អ៊ីញ គាំទ្រ​ការ​បន្ថែម​រន្ធ​ដោត microSD ហើយ​មាន​ប្រព័ន្ធ Bluetooth ភ្ជាប់​ទៅ iOS ឬ Android។ បន្សំ​មខុងារ​ក្នុង​ម៉ាស៊ីន​មាន​ដូច​ជា​ការ​តាមដាន​សុខភាព, ម៉ាស៊ីន​គិត​លេខ, នាឡិកា និង​ក្បាល​ចាក់​ចម្រៀង។

៤.Alcatel OneTouch GO តម្លៃ ៦៥ ដុល្លារ:

រូបរាង​គួរ​ឲ្យ​ស្រលាញ់ សក្ដិសម​នឹង​យុវវ័យ​សម័យ​ទំនើប ម៉ូឌែល Alcatel មួយ​នេះ បំពាក់​នូវ​អេក្រង់ ១,២២ អ៊ីញ មាន​ប្រើ​មុខងារ​តាមដាន​សុខភាព, រាប់​ជំហាន​ដើរ, ត្រួតពិនិត្យ​ការ​ចូល​ដំណេក​និង​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់។ ដំណើរការ​ទាំង​លើ iOS និង Android តែ​លឺ​ល្ហិចល្ហៀង​ថា iOS មិន​ទាន់​ពេញលេញ​ទាំង​អស់​នៅ​ឡើយ។​

៥.Amenon តម្លៃ ២៧ ដុល្លារ:

ជា​ប្រភេទ Sports Watch ដែល​មាន​រូបរាង​ធំ ប៉ុន្តែ​សម​ល្មម​នៃ​ការ​ប្រើប្រាស់​ទាំង​លើ​ដៃ​បុរស​នារី។ បំពាក់​អេក្រង់ ១,២២ អ៊ីញ កម្រិត ២៤០ x ២៤០ ភីកសែល មាន​មុខងារ Pedometer, ថត​សំឡេង​, ក្បាល​ចាក់​ចម្រៀង, ម៉ាស៊ីន​គិត​លេខ។ ដំណើរការ​ប្រព័ន្ធ GSM ជាមួយ microSIM ហើយ​អាច​ប្រើប្រាស់​កម្មវិធី Facebook, Chrome, Twitter និង WhatsApp។ ទៀត​សោត​ក៏​បើក​ឲ្យ​មើល​ម៉ោង​សកល​និង​ប្រើ​កាមេរ៉ា​ថត​រូប​ដូច​ម៉ូឌែល​ធុន​ផ្សេង​អ៊ីចឹង​ដែរ។

បញ្ជាក់​ថា​តម្លៃ​នៃ​ប្រភេទ​នាឡិកា​ខាង​លើ​សុទ្ធ​សឹង​សម្រង់​ចេញ​ពី​គេហទំព័រ Amazon របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្នុង​ទីផ្សារ​កម្ពុជា​ម៉ូឌែល​ខ្លះ​ក៏​សង្កេត​ឃើញ​មាន​ដាក់​លក់​តាម​ហាង​ចែកចាយ​ជា​ច្រើន​កន្លែង បន្សំ​នឹង​តម្លៃ​ក៏​ប្រកៀកប្រកិត​គ្នា សម​ល្មម​នឹង​អ្នក​ចង់​ភ្លក់​រសជាតិ​ Smartwatch ធុន​ទាប​អាច​សាកល្បង​បាន។​​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ tomsguide   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី