តោះ​! មក​ដឹង​ពី​របៀប​រក​ប្រាក់​ចំណូល​របស់​ Facebook

  • 2018-04-19 02:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ ៤០ ៦៥៣ ០០០ ០០០ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧។ ហើយ​ចំណូល​ធំ​បំផុត​របស់​ Facebook បាន​ពី​ការ​ផ្សព្វផ្សាយ​ ដែល​នាំ​ចំណូល​បាន​ប្រមាណ​ ៣៩ ៩៤២ ០០០ ០០០ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧។

Google ក៏​ជា​ក្រុមហ៊ុន​យក្ស​រក​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ផ្សព្វផ្សាយ​បង្ហាញ​ពាណិជ្ជកម្ម​ផ្អែក​លើ​ Keyword បាន​ស្រាវជ្រាវ​។ រីឯ​តម្លៃ​របស់​ Facebook គឺ​ការ​ផ្សព្វផ្សាយ​ចំ​គោលដៅ​ (Targeted advertising)។

ការ​ផ្សព្វផ្សាយ​ចំ​គោលដៅ​

អ្នក​ផ្សព្វផ្សាយ​អាច​ប្រើ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​ប្រព័ន្ធ​របស់​ Facebook សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​ ដោយ​អាច​អង្កន់​តាម​ប្រភេទ​អ្នក​ប្រើប្រាស់​ទៅ​តាម​គោលដៅ​ ដូចជា​បណ្ដុំ​មនុស្ស​មាន​ប្រាក់​ចំណូល​ណា​មួយ​, សាសនា​ និង​ចំណាត់​ក្រុម​ជាច្រើន​ទៀត​។ ឧទាហរណ៍​ សេវាកម្ម​ Dynamic Ads របស់​ Facebook អាច​ឲ្យ​អ្នក​មាន​បំណង​ផ្សព្វផ្សាយ​ Upload ប្រភេទ​ផលិតផល​របស់​ពួកគេ​ ហើយ​កំណត់​គោលដៅ​អតិថិជន​នៅ​កម្រិត​ប្រាក់​ចំណូល​ណា​មួយ​។

វីដេអូ​ និង​សារ

បើ​តាម​ក្រុមហ៊ុន​ ចំនួន​មើល​ Facebook Live ប្រចាំថ្ងៃ​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ ៤ ដង​កាល​ពី​ឆ្នាំ​មុន​។ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ផលិត​ Content ជាច្រើន​ ដើម្បី​ផ្សព្វផ្សាយ​វីដេអូ​ឲ្យ​បាន​កាន់​តែ​ឆ្ងាយ​។

អ្នក​ក៏​បាន​ឃើញ​ដែរ​លើ​សេវាកម្ម​ សារ​អេឡិចត្រូនិក​ (Messager) មាន​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​មួយ​ចំនួន​។ បើ​តាម​លោក​ Mark Zuckerberg មុខងារ​ Direct chat របស់​សេវាកម្ម​នេះ​អាច​ឲ្យ​អតិថិជន​ផ្ញើ​សារ​ជជែក​ផ្ទាល់​នឹង​ម្ចាស់​ពាណិជ្ជកម្ម​ ជា​លទ្ធផល​បាន​ឃើញ​មាន​សារ​ឆ្លើយឆ្លង​គ្នា​ប្រមាណ​ ២ ពាន់​លាន​ ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧។ ហើយ​ការ​ទិញ​យក​កម្មវិធី​ WhatsApp ឆ្នាំ​ ២០១៤ ក្នុង​តម្លៃ​ប្រមាណ​ ២១.៨ ពាន់​លាន​ដុល្លារ​ ជា​ផ្នែក​មួយ​ជំរុញ​វិសាលភាព​សេវាកម្ម​របស់​ខ្លួន​។

នៅ​មាន​បច្ចេកវិទ្យា​ជាច្រើន​ដែល​បាន​បំពាក់​លើ​ Facebook ដូចជា​ Virtual reality និង​ការ​នាំ​អ៊ីនធឺណិត​ទៅ​កាន់​មនុស្ស​រាប់​ពាន់​លាន​អ្នក​ ដែល​មិន​ទាន់​បាន​ Online។ នេះ​សុទ្ធ​ជា​មធ្យោបាយ​ពន្លា​ចេញ​ជា​ប្រាក់​ចំណូល​ មាន​ន័យ​ថា​អ៊ីនធឺណិត​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ​ កំណើន​ប្រើប្រាស់​ និង​ប្រាក់​ចំណូល​ក៏​ឡើង​កប់​ដែរ​។

រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ Cambridge Analytica

Cambridge Analytica ដែល​បាន​បង្ហាញ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ប្រមាណ​ ៨៧ លាន​នាក់​ទៅ​កាន់​ក្រុម​ Hackers ត្រូវ​បាន​លាត​ត្រដាង​នៅ​ខែ​ ០៣ ឆ្នាំ​ ២០១៨។ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង​របស់​ Facebook។

លោក Mark Zuckerberg លើក​ឡើង​ថា​ ក្រុមហ៊ុន​កំពុង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ និង​បង្កើន​ការ​វិនិយោគ​លើ​ផ្នែក​សុវត្ថិភាព​នៅ​ពី​លើ​ការ​វិនិយោគ​ផ្សេងៗ​ទៀត​ ដែល​នេះ​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​។

ប្រាក់​ចំណូល​របស់​ Facebook បាន​ពី​ទីផ្សារ​ធំ​បំផុត​ពីរ​ អាមេរិក​ខាងជើង​ និង​អឺរ៉ុប​ ត្រូវ​រំពឹង​ថា​នឹង​ប៉ះពាល់​ ពាក់ព័ន្ធ​នឹង​បញ្ហា​ជាមួយ​ Cambridge Analytica។ កាល​ឆ្នាំ​ ២០១៧ ក្រុម​ហ៊ុន​ Facebook រក​បាន​ជា​មធ្យម​ ៨៤.៤១ ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ក្នុង​អាមេរិក​ខាងជើង​ និង​ ២៧.២៦ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់​ៗ​ក្នុង​អឺរ៉ុប​។ ខណៈ​នៅ​អាស៊ី​រក​បាន​ប្រមាណ​ ៧.៦១​ ដុល្លារ​ពី​អ្នក​ប្រើប្រាស់​ម្នាក់ៗ​ដែរ​។

ការ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ Facebook ពី​ទីផ្សារ​ធំ​បំផុត​ទាំង​ពីរ​អាច​មាន​ពីរ​ផ្លូវ​។ ទី​មួយ​ ការ​ព្រួយ​បារម្ភ​របស់​អ្នក​វិនិយោគ​អាច​ដក​ពាណិជ្ជកម្ម​ខ្លួន​ចេញ​ពី​គម្រោង​របស់​ Facebook។ ទី​ពីរ​ ប្រាក់ចំណូល​របស់​បណ្ដាញ​សង្គម​អាច​ប៉ះ​ទង្គិច​ខ្លាំង​នៅ​អឺរ៉ុប​ ដោយសារ​បទបញ្ញត្តិ​ថ្មី ដែល​តម្រូវ​ឲ្យ​ Facebook ទទួល​បាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​លុះត្រាតែ​មាន​ការ​យល់ព្រម​ ហើយ​លទ្ធផល​អាច​នឹង​ធ្លាក់​ចុះ​ ៧% នៃ​ប្រាក់ចំណូល​របស់​ខ្លួន​។

ដំណឹង​ល្អ​សម្រាប់​វិនិយោគិន​ Facebook ដោយ​ក្រុមហ៊ុន​កំពុង​ដើរ​ចូល​ទីផ្សារ​ថ្មី​ ដូចជា​ អាហ្វ្រិក​ និង​អាស៊ី​ ត្បិត​ប្រាក់​ចំណូល​ប្រហែល​ជា​មិន​ច្រើន​ខ្លាំង​ តែ​នេះ​ក៏​ជា​ជំហាន​មួយ​ពង្រីក​សក្ដានុពល​របស់​ក្រុមហ៊ុន​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Investopedia   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី