ឧកបរណ៍​​ជំនួយ​ចាំ​បាច់​គួរ​មាន​ សម្រាប់​អ្នក​​ចូលចិត្ត​ជិះ​កង់

  • 2018-04-18 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង់​មាន​ការ​ប្រើប្រាស់​ច្រើន ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ល្បឿន​យឺត​មួយ ដែល​និយម​ប្រើ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចម្ងាយ​ជិត​ៗ ទៅ​សាលារៀន ឬ​ទៅ​ធ្វើការ​ជាដើម​។ មធ្យោបាយ​នេះ មាន​អត្ថប្រយោជន៍​ច្រើន ដូចជា​ចំណាយ​ថវិកា​តិច ជួយ​ដល់​សុខភាព និង​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ​។ 

ក្រៅ​ពី​មួក​សុវត្ថិភាព អ្នក​ក៏​គួរ​មាន​ឧបករណ៍​ជំនួយ​បន្ថែម​ផង​ដែរ សម្រាប់​ផ្ដល់​សុវត្ថិភាព និង​ភាព​ងាយស្រួល​។ 

ចង្កៀង​មុខ​

នេះ​ជួយ​អ្នក​មើល​ឃើញ​ឧបសគ្គ​ខាងមុខ ក៏​ដូចជា​ឲ្យ​ដំណឹង​ដល់​អ្នក​បើក​បរ​បញ្ច្រាស​ទិសដៅ​គ្នា​ផង​ដែរ ពេល​អ្នក​ជិះ​ពេល​យប់​។ 

ភ្ជាប់​ទូរសព្ទ​

នេះ​ជួយ​អ្នក​ដាក់​ទូរសព្ទ​នៅ​មុខ ខណៈ​ធ្វើ​ដំណើរ ដោយ​អ្នក​អាច​ងាយស្រួល​មើល​ផែនទី ប្រើ GPS ងាយស្រួល​ដឹង​ពី​គោលដៅ​។ 

កណ្ដឹង​

នេះ​ជួយ​អ្នក​ផ្ដល់​ដំណឹង ពេល​អ្នក​វ៉ា ឬ​ជិះ​កាត់​អ្នក​ដំណើរ​ផ្សេង​ទៀត បម្រុង​ឆ្លង​កាត់​មុខ​អ្នក​។ 

ស្រោម​ដៃ​មាន​សញ្ញា​ឆ្វេង​ស្ដាំ​

នេះ​ជួយ​អ្នក​ពេល​ចង់​បត់​ឆ្លង​ផ្លូវ ផ្ដល់​ដំណឹង​អ្នក​បើកបរ​ផ្សេង​ទៀត នៅ​ពី​ក្រោយ ឬ​ពី​មុខ​អ្នក ដែល​ល្អ​ពេល​អ្នក​ជិះ​ពេល​យប់ ព្រោះ​វិធី​លើក​ដៃ​ឲ្យ​សញ្ញា ពេល​យប់​អ្នក​បើកបរ​ផ្សេង​ទៀត ពិបាក​នឹង​សម្គាល់​ណាស់​។ 

កាបូប​ស្ពាយ​

នេះ​ជួយ​អ្នក​រក្សាទុក​ឥវ៉ាន់​ចាំ​បាច់​នានា ដែល​ពិបាក​ដាក់​ជាប់​នឹង​ខ្លួន ឬ​ក្នុង​ហោប៉ាវ ដូចជា​កាបូប​លុយ កូន​សោ ឬ​ពោះវៀន​កង់​។ 

រទេះ​តូច​ភ្ជាប់​ពី​ក្រោយ​កង់​

នេះ​ជួយ​អ្នក​ងាយស្រួល​យក​ឥវ៉ាន់ ធ្ងន់​ល្មម ដូចជា​ធុង​ទឹកកក ចំណី​អាហារ ភេសជ្ជៈ​នានា ឬ​របស់​របរ​ផ្សេង​ទៀត ដោយ​អ្នក​អាច​យក​ទៅ​ទទួល​ទាន​នៅ​ជាយ​ក្រុង​ៗ បង្ក​ភាព​សប្បាយ​រីករាយ​ជា​មួយ​មិត្តភក្ដិ ពេល​ដល់​គោលដៅ​សម្រាក​។ 

ខ្សែ​ភ្ជាប់​សម្រាប់​លើក​កង់​

នេះ​ជួយ​អ្នក​ងាយស្រួល លើក​កង់​បម្លាស់ទី ដូចជា​លើក​ឡើង​ជណ្ដើរ​ជាដើម​។ 

ខ្សែ​ភ្ជាប់​ដាក់​ភេសជ្ជៈ​

ពិត​ណាស់​កំឡុង​ពេល​ជិះ​កង់ ការ​ស្រេក​ទឹក ជៀស​មិន​ផុត​ទេ​។ នេះ​ជួយ​អ្នក​ងាយស្រួល​ដាក់​ភេសជ្ជៈ​ប៉ុន្មាន​ដប ដក​ផឹក​បំបាត់​ការ​ស្រែក​ទឹក កំឡុង​ពេល​ជិះ​កង់​។ 

កូនសោ​មុខ​ច្រើន​

នេះ​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ល្មមៗ​បាន ពេល​កង់​ដំណើរការ​ខុស​ប្រក្រតី ក្នុង​ពេល​ធ្វើ​ដំណើរ​ដូចជា បែកកង់ ឬ​ធ្លាក់​ច្រវ៉ាក់​ជាដើម​។ ដោយ​មាន​កូនសោ​ជំនួយ​ អ្នក​អាច​ផ្លាស់ប្ដូរ​ពោះវៀន​កង់​ភ្លាមៗ បន្ត​ដំណើរ​ទៅ​មុខ​បាន​លឿន​រហ័ស​។

លែង​ភ្លើង​ពណ៌ (អំពូល​)

នេះ​ជួយ​អ្នក​លេចធ្លោ ពេល​ធ្វើ​ដំណើរ​ពេល​យប់ បង្កើន​ការ​ចាប់​អារម្មណ៍ ក៏​ជា​វិធី​សុវត្ថិភាព​មួយ​ដែរ បង្កើន​កម្រិត​មើល​ឃើញ ពី​អ្នក​បើកបរ​ផ្សេង​ទៀត​។ 

កម្មវិធី​តាមដាន​ដំណើរ​អ្នក​

នេះ​ជួយ​អ្នក​មាន​របាយការណ៍​ទាក់ទង​នឹង​ល្បឿន ពេលវេលា ចម្ងាយ ក៏​ដូចជា​ចំនួន​កាឡូរី​បាន​ដុត​បំផ្លាញ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម