ប្លែកធ្លាយរឿងឪពុក គីម ជុងអ៊ុន ធ្លាប់ចាប់ជំរិតតារាសម្តែងស្រីកូរ៉េខាងត្បូងល្បីឈ្មោះម្នាក់

  • 2018-04-20 02:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​កូរ៉េខាងត្បូង Choi Eun-hee គឺ​ជា​តារា​ល្បីល្បាញ​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស ក្នុង​អំឡុង​ឆ្នាំ ១៩៦០ និង ១៩៧០។

តារា​សម្ដែង​ស្រី​កូរ៉េខាងត្បូង Choi Eun-hee (ឆ្វេង) និង តារាសម្តែងស្រីអាមេរិក Marilyn Monroe (ស្តាំ)

តារា​ស្រី Choi Eun-hee បាន​កើត​នៅ​ក្នុង​ទីក្រុង Gwangju ខេត្ត Gyeonggi ក្នុង​ឆ្នាំ ១៩២៦ ហើយ​បាន​ចាប់ផ្ដើម​អាជីព​ជា​តារា​សម្ដែង​នៅ​ឆ្នាំ ១៩៤៧ ក្នុង​ខ្សែភាពយន្ត​រឿង «A New Oath»។ ក្រោយមក តារា​ស្រី​រូប​នេះ​បាន​ដើរ​តួ​ឯក​ក្នុង​រឿង «The Sun Of Night» ឆ្នាំ ១៩៤៨ និង «A Hometown in Heart» ឆ្នាំ ១៩៤៩ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ឈ្មោះ​ល្បីល្បាញ​កាន់​តែ​ខ្លាំង។

មិន​យូរ​ប៉ុន្មាន អ្នកស្រី Choi បាន​ក្លាយ​ជា​តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​បំផុត​ម្នាក់ ក្នុង​ចំណោម​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​បំផុត​ទាំង ៣ ជាមួយ​នឹង តារា​សម្ដែង​ស្រី Um Aing-ran និង Kim Ji-mi។

យ៉ាងណាមិញ អ្នកស្រី Choi បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​អន្តរជាតិ នៅ​ពេល​ដែល​បែក​ធ្លាយ​រឿងរ៉ាវ​ត្រូវ​ចាប់​ជំរិត​ដោយ អតីត​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-il ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន លោក គីម ជុងអ៊ុន នៅ​ក្នុង​ឆ្នាំ ១៩៧៨។ រយៈពេល ៦ ខែ​ក្រោយ​មក អតីត​ប្តី​អ្នក​ស្រី​ដែល​ជា​អ្នក​ដឹកនាំ និង​ផលិត​រឿង លោក Shin Sang-ok ក៏​ត្រូវ​បាន​គេ​ចាប់ជំរិត​ផង​ដែរ។

ប្តី​ប្រពន្ធ​នេះ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា «Brangelina of '70s South Korea» រហូត​ដល់​ការ​លែងលះ​គ្នា​នៅ​ឆ្នាំ ១៩៧៦។ (Brangelina គឺ​ជា​អតីត​ទំនាក់ទំនង​យ៉ាង​ល្អូកល្អិន​រវាង តារា​សម្តែង Brad Pitt និង Angelina Jolie)

​ក្នុង​អំឡុង​ពេល​នៃ​ការ​ចាប់ជំរិត​នោះ ពួកគេ​ទាំង ២ ត្រូវ​បាន​បង្ខំ​ឲ្យ​ផលិត​រឿង​នៅ​ប្រទេស​កូរ៉េខាងជើង អស់​រយៈពេល​ជិត ១០ ឆ្នាំ។ ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី Choi និង លោក Shin បាន​រត់​គេច​ខ្លួន​ពី​កណ្ដាប់​ដៃ​មេដឹកនាំ​ផ្ដាច់ការ​នោះ បន្ទាប់​ពី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​អាមេរិក នៅ​ក្នុង​ឆ្នាំ ១៩៨៦។

បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​សម្រេច ពួកគេ​បាន​ទៅ​រស់​នៅ​ក្នុង​ទីក្រុង Reston រដ្ឋ Virginia រួច​បន្ត​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក និង​បាន​វិល​ត្រលប់​មក​ប្រទេស​កំណើត​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៩។

អ្នកស្រី Choi បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​បទសម្ភាសន៍​មួយ ជាមួយ​សារព័ត៌មាន Korea Joongan Daily កាល​ពី​ឆ្នាំ ២០១៥ ថា «ខ្ញុំ​នៅ​តែ​មាន​សុបិន​អាក្រក់ អំពី​ការ​ដេញ​ប្រមាញ់​របស់​ភ្នាក់ងារ​កូរ៉េខាងជើង។ វា​ហាក់​បី​ដូច​ជា​នរណា​ម្នាក់​កំពុងតែ​តាម​ខ្ញុំ​អីចឹង។ អ្នក​ដែល​មិន​ធ្លាប់​ឆ្លងកាត់​រឿង​នេះ នឹង​មិន​យល់​ពី​អារម្មណ៍​មួយ​នេះ​ឡើយ»៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី