James សារភាព​ត្រង់​ៗ​ថា បានខឹង ក្រោយ​ Bayern ចាញ់ Real យប់​មិញ

  • 2018-04-26 12:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​សារភាព​ថា​​ខឹង ក្រោយ​ Bayern Munich ចាញ់ Real Madrid ២-១ ក្នុង​ជំនួប​ជើង​ទី ១ Champions League យប់​មិញ។

កីឡាករ​កូឡុំប៊ី បាន​និយាយ​ថា៖ "ខ្ញុំ​ខឹង​ណាស់ ព្រោះ Bayern លេង​បាន​ល្អ​មែន​ទែន។ Real Madrid មាន​ឱកាស​ធំៗ​ ២​ដង ហើយ​ពួក​គេ​ស៊ុត​ចូល​បាន​សម្រេច។ យើង​វិញ មាន​ឱកាស​ដល់​ទៅ ៤ ទៅ ៥​ដង​ទៅ​ហើយ តែ​ធ្វើ​មិន​បាន​ជោគជ័យ។ តែ​ណ្ហើយ នេះ​ហើយ​បាល់ទាត់។ ឥឡូវ​យើង​ត្រូវ​ប្រុងប្រៀប​សម្រាប់​ជំនួប​ជើង​ទី ២ ខាង​មុខ​នៅ កីឡដ្ឋាន Bernabeu"។

ដោយ​ឡែក​ពេល​អ្នក​សារព័ត៌មាន​សួរ​ទាក់ទិន​នឹង​អនាគត​ខ្លួន អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ Monaco រូប​នេះ បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ចម្លើយ ដោយ​បាន​ថ្លែង​ថា៖ "គ្មាន​នរណា​ដឹង​ពី​រឿង​ដែល​នឹង​ត្រូវ​កើត​ឡើយ​នា​ពេល​អនាគត​នោះ​ឡើយ"។

ក្នុងប្រកួតយប់មិញ ខ្សែ​ការពារស្លាបវ័យក្មេង Joshua Kimmich បានរក​បានមួយគ្រាប់នៅនាទី ២៨ ជួយ Bayern នាំមុខ។ ទោះជាយ៉ាងណា មួយគ្រាប់​របស់ Marcelo (នាទី ៤៤) និង មួយគ្រាប់​ទៀត​របស់ខ្សែបម្រើអេស្ប៉ាញ Marco Asensio (នាទី ៥៧) ជួយ Real Madrid ធ្វើបានសម្រេចក្នុងការវាយបកឈ្នះក្លឹបយក្សអាល្លឺម៉ង់ នៅកីឡដ្ឋាន Allianz Areana។

Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ Bayern Munich នៅ​ជំនួប​ជើង​ទី ២ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី ២ ឧសភា ខាង​មុខ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី