ក្រ​សួង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ Public Wifi នៅ​សួន​ចំនួន​ពីរ​ក្នុង​ទី​ក្រុង​ភ្នំពេញ​

  • 2018-04-27 01:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ឲ្យ​ដឹង​ថា​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ នៃសាធារណរដ្ឋ​កូរ៉េ​បាន​ជួយ​កម្ពុជានូវគម្រោង​ Public Wifi និង​ Digital Connectivity for School ដើម្បី​ដំឡើង​នៅ​ក្នុ​ងទី​ក្រុង​ភ្នំពេញ​ចំនួន​ពីរ​កន្លែង និង​នៅ​តាម​បណ្តាខេត្ត​បីកន្លែង​ផ្សេង​ទៀត។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួួ​យ​ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ក្រ​សួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​បាន​លើក​ឡើងថា​ក្រោម​កិច្ច​សហការ​រវាង​ភាគីទាំង​ពី​រ​ សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ នៃសាធារណរដ្ឋ​កូរ៉េ​ បាន​ផ្តល់​នូវ​ជំនួយ​ឥតសំណង​គម្រោង​Public Wifi និង​ Digital Connectivity for School។​

បើ​តាម​ក្រ​សួង​ Public Wifi នឹង​ដំឡើង​នៅ​សួន​ច្បារ​សម្តេច​ហ៊ុន សែន និង​សួន​ច្បារ​មុខព្រះ​បរម​រាជវាំង​ សម្រាប់ទីក្រុង​ភ្នំពេញ។ សម្រាប់ទី​តាំង​បី​ទៀត​គឺ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​លែង ស្រុក​កំពង់លែង និង​វិទ្យាល័យ​ហ៊ុនសែនទួល​ខ្ពស់ ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង និង​នៅវិទ្យា​ល័យ​​អ៊ីវ៉ាស្រង់ ស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។

សម្រាប់​ Public Wifi នៅ​សួន​ទាំងពីរក្នុង​រាជធានី​ភ្នំពេញ​​ដែល​មាន​ល្បឿន​ 1Gps (មួយជីហ្គាប៊ីត​ក្នុង​១វិនាទី) ត្រូវបាន​ដំឡើង​រួចរាល់​ហើយ និង​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៨​ ខាង​មុខនេះ។ នេះបើ​តាម​ប្រ​ភព​ដដែល។​

បើ​តាម​របាយការណ៍​មួយរបស់​សហរដ្ឋអាមេរិក​ចេញ​ផ្សាយ​កាលពី​ដើម​ខែ​មករា ឆ្នាំ២០១៧ ឲ្យ​ដឹងថា​ក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ជិត​១៦​លាន​នាក់​មាន​ជាង​៧​លាននាក់​ប្រើ​ប្រាស់​អ៊ីនធឺណេត មាន​ជិត​៥លាននាក់​សកម្មក្នុង​បណ្តាញ​សង្គម៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី