ថ្មី! កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅខេត្តទាំង៣នេះ
- 2018-04-29 02:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី! កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅខេត្តទាំង៣នេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឯកជន កំពុងស្នើសុំរាជរដ្ឋាភិបាល ក្នុងការសិក្សាលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅ ខេត្តសៀមរាប ហើយបន្តដល់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្រុងបាវិតខេត្តស្វាយរៀង។ នេះបើតាមប្រសាសន៍របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណាការ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវរថភ្លើងប៉ោយប៉ែត-បាត់ដំបងនៅព្រឹកនេះ។
បច្ចុប្បន្នផ្លូវរថភ្លើងនៅកម្ពុជា មិនអាចរត់ក្នុងល្បឿនលឿននៅឡើយទេ ដោយសារមិនទាន់ស្របតាមស្តង់ដារអន្តរជាតិ ពោលគឺប្រវែងទទឹងត្រឹមតែ១ម៉ែត្រ។ ប្រសិនបើចង់រត់ក្នុងល្បឿនលឿនត្រូវពង្រីកឲ្យបាន ១.៤៣៥ម៉ែត្រទើបស្របតាមស្តង់ដារអន្តរជាតិ។ ដូច្នេះហើយទើបមានក្រុមហ៊ុនឯកជន ស្នើសុំសិក្សាផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប និងទៅក្រុងបាវិត ដែលមានទទឹងផ្លូវប្រវែង១.៤៣៥ម៉ែត្រ។ យ៉ាងណាក្ដី រដ្ឋាភិបាលនៅមិនទាន់ឯកភាពឡើយ។ នេះបើតាមការលើកឡើងបន្ថែមទៀតរបស់ រដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ផ្លូវរថភ្លើងនៅកម្ពុជា អាចរត់បានជាមធ្យម៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ដោយឡែកពីភ្នំពេញទៅខេត្ត ព្រះសីហនុ អាចរត់បាន៩០គីឡូម៉ែត្រក្នុង១ម៉ោង។ ទៅថ្ងៃអនាគត កម្ពុជានឹងមានផ្លូវដែកស្របតាមស្តង់ដារអន្តរជាតិ អាចរត់បានលឿនមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីនោះទេ។
រដ្ឋមន្ត្រីក្រសួងសាធារណការបញ្ជាក់ច្បាស់ៗថា ចំពោះការសិក្សាលើការសាងសង់គឺ ត្រូវមានផែនការច្បាស់លាស់ ទាំងផលប៉ះពាល់ និងកញ្ចប់ថវិកាថាតើត្រូវរកកម្ចី ឬថវិការបស់រដ្ឋាភិបាល មិនមែនចេះតែនិយាយ ឬសន្យាចោលនោះទេ។ ប្រសិនបើថា ធ្វើគឺត្រូវតែធ្វើឲ្យបាន៕
ចុចអាន៖