កំហុស ៧ យ៉ាង​ធ្វើ​ឲ្យ​កាមេរ៉ា DSLR ស្រក​ថ្ម​លឿនដូច​ទឹក

  • 2018-05-08 02:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើប្រាស់​កាមេរ៉ា DSLR មួយ​ចំនួន​ធំ ច្រើន​រអ៊ូ​ថា​ម៉ាស៊ីន​របស់​ខ្លួន​មាន​ថាមពល​ថ្ម​តូច ថត​មិន​បាន​យូរ ឬ​ទុក​ចោល​ក៏​ស្រក​ថ្ម ប៉ុន្តែ​បញ្ហា​ទាំង​នេះ​រមែង​កើត​ឡើង​ដោយ​សារ​កំហុស​ឆ្គង​​របស់​អ្នក​ផ្ទាល់​។ Sabay ណែនាំ ៧ ចំណុច ដែល​ម្ចាស់ DSLR ត្រូវ​ស្វែងយល់​និង​សិក្សា​អនុវត្ត​ជា​បន្ទាន់។

១.ការ​ទម្លាប់​ប្រើ ​អេក្រង់ LCD:

កំហុស​ធំ​បំផុត​របស់​អ្នក​កាន់​កាមេរ៉ា​ថត​រូប គឺ​ទម្លាប់​ប្រើប្រាស់​តែ​អេក្រង់ LCD ជា​ជាង​ការ​ថត​តាម​រយៈ Viewfinder។ ពុំ​មាន​អ្វី​ប្លែក​នោះ​ទេ ការ​ប្រើ​អេក្រង់ LCD ពិត​ជា​ត្រូវ​ទាមទារ​ថាមពល​ច្រើន ដោយ​សារ​ការ​កម្រិត​នៃ​ការ​ជះ​ពន្លឺ​ចេញ​មក។

២.Zoom ឥតឈប់ឈរ:

ត្រូវ​ចាំ​ថា​ទម្លាប់​ប្តូរ​ទីតាំង​ដើរ​ថ្មើរ​ជើង ប្រសើរ​ជាង​ប្រើ​មុខងារ Zoom ចេញ​ពី​កាមេរ៉ា ដោយ​កត្តា​មួយ​ក្រៅ​ពី​ជួយ​ឲ្យ​អ្នក​ថត​ឆាប់​ឡើង​ដៃ ទៀត​សោត​ក៏​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន។ រាល់​ពេល​នៃ​ការ Zoom ដំណើរការ​លែន​នឹង​ចាប់​ផ្តើម​ទាញ​យក​ថាមពល។

៣.បើក​ Flash ដំណើរការ​ស្វ័យប្រវត្តិ (Automatic):

បើ​ថត​នៅ​ពេល​រាត្រី ការ​បើក Flash តាម​កាលៈទេសៈ​ខ្លះ​ក៏​អាច​ថា​អំណោយផល​ជាង​ប្រើ ISO ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ថ្ងៃ បើ​អ្នក​ភ្លេច​បិទ​ដំណើរការ​នៃ Flash ក្រៅ​ពី​ថត​ធ្វើ​ឲ្យ​ខូច​គុណភាព​រូប មួយ​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ចុះ​ថយ​លឿន។​

៤.មុខងារ​ដែល​មិន​ចាំ​បាច់​ប្រើ ប៉ុន្តែ​ដំណើរការ:

មុខងារ​ខ្លះ​ដូច​ជា Image Stabilization ប្រសិន​អ្នក​មាន​ដង Tripod នោះ​មិន​គួរ​បើក​ឲ្យ​ដំណើរការ​ឡើយ ហើយ​សំឡេង Beep ក៏​ដូច​គ្នា នៅ​ពេល​ថត​ឬ​ដំណើរការ​ចុច​លើ​អេក្រង់ ចាំ​បាច់​ត្រូវ​បិទ ក៏​ដូច​ជា​មុខងារ Wi-Fi អ្នក​គួរ​ទម្លាប់​បើក​តែ​ពេល​ត្រូវ​ការ​ប្រើប្រាស់​បាន​ហើយ។​

៥.ទុក​កាមេរ៉ា​ចោល​ក្នុង Record Mode:

ត្រឹម​ការ​ថត​រូប​សន្លឹក​ធម្មតា​មិន​ជា​ស៊ី​ថ្ម​ខ្លាំង​នោះ​ទេ លើកលែង​តែ​ការ​ថត​វីដេអូ ហើយ​អ្វី​ដែល​កាន់​តែ​បង្ក​បញ្ហា គឺ​អ្នក​រមែង​ច្រឡំ​ទុក​កាមេរ៉ា​ចោល​ក្នុង​សភាព​ Record Mode ដោយ​មិន​ដឹង​ខ្លួន។

៦.អ្នក​ភ្លេច​ដំណើរការ Power Saving Mode:

ការ​បើក​ដំណើរការ Power Saving Mode ជា​រឿង​ដែល​ម្ចាស់​កាមេរ៉ា​គ្រប់​រូប​ត្រូវ​អនុវត្ត​ជា​ចាំ​បាច់ ព្រោះ​មុខងារ​នេះ​អាច​ជួយ​បិទ​កាមេរ៉ា​ដោយ​ខ្លួន​ឯង អំឡុង​ពេល​អ្នក​ទុក​ចោល​មិន​ថត ក៏​ដូច​ជា​ផ្អាក​ចោល​មុខងារ​មិន​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត។

៧.ការ​ថត​រូប​ក្នុង​ទម្រង់​ឯកសារ RAW:

មិន​ខុស​ពី​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​រូបភាព​ទម្រង់ RAW អាច​ផ្តល់​នូវ​សាច់​រូប​ល្អ មិន​ងាយ​បែក ប៉ុន្តែ​ក៏​ផ្អែក​តាម​កាលៈទេសៈ ឧបមា​ថា​អ្នក​ធ្វើ​ដំណើរកម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ ម្ល៉ោះ​គួរ​ប្តូរ​មក​ប្រើ​ត្រឹម JPEG អី​បាន​ហើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ កៅ រក្សា