ចាន់ វឌ្ឍនាកា បង្ហាញ​អារម្មណ៍​ពិត​ ក្រោយ​ចេញ​ពី​ Pahang FA

  • 2018-05-09 11:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​ក្លឹប Pahang FA បញ្ចប់​កុងត្រា​នៅ​ពាក់​កណ្តាល​រដូវ​កាល​ពី​យប់​មិញ​ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ចំណាប់​ពិត​របស់​ខ្លួន​ពាក់​ព័ន្ធ​បញ្ហា​នេះ​ ក៏​ដូច​ជា​​​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​អាជីព​បាល់ទាត់​នា​ពេ​ល​ខាង​មុខ។

ចាន់ វឌ្ឍនាកា (រូបថត៖ Pahang FA)

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បាន​សរសេរ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​មុន​នេះ​បន្តិច​ថា ៖«​វា​មិន​មាន​អ្វី​ចម្លែក​ទេ​នៅ​ក្នុង​ពិភព​បាល់ទាត់​ វា​តែង​តែ​កើត​មាន​រឿង​នេះ​ តែ​អ្វី​ដែល​សប្បាយ​ចិត្ត​គឺ​ខ្ញុំ​បាន​បំពេញ​ការងារ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​រួច​ហើយ​ អ្វី​ដែល​ត្រូវ​ធ្វើ​បន្តរ​ទៀត​គឺ​មាន​តែ​ការ​មិន​បោះ​បង់​ប៉ុណ្ណោះ។ ថ្វី​បើ​ខ្ញុំ​នៅ​ទី​នេះ​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ខែ​មែន​ តែ​ទី​នេះ​ពិត​ណាស់​ជា​កន្លែង​ដែល​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​បាល់​ទាត់​បន្ថែម​ទៀត​ ជា​បទ​ពិសោធ​ថ្មី​មួយ​ទៀត​សម្រាប់​ជីវិត​ និង​វិថី​ដែល​ខ្ញុំ​ចង់​ដើរ​ ខ្ញុំ​នឹង​ដើរ​ ដើរ​ហូត​មិន​ឈប់​។ ខ្ញុំ​មិន​ចុះ​ចាញ់​ ព្រោះ​ខ្ញុំ​ចង់​ឈ្នះ​ ខ្ញុំ​ហត់​ តែ​ខ្ញុំ​ទ្រាំ។ ជា​​ចុង​ក្រោយ​​ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែ​គាំទ្រ​ និង​ លើក​ទឹក​ចិត្ត​ខ្ញុំ​ និង​ បារម្ភ​ពី​ខ្ញុំ​ អរគុណ​ខ្លាំង​ណាស់»។

ចាន់ វឌ្ឍនាកា បាន​ចុះ​កុងត្រា​មួយ​រដូវ​​កាល​ជា​មួយ​ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី Pahang FA បន្ទាប់​ពី​ចេញ​ពី​ក្លឹប​លីគ​លំដាប់​ទី​៣​របស់​ជប៉ុន​ដែល​នៅ​ទី​នោះ​មិន​បាន​​បង្ហាញ​ខ្លួន​សោះ។ យ៉ាង​ណា​សម្រាប់​ប៉ុន្មាន​ខែ​នៅ​លីគ​ម៉ាឡេស៊ី​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​លេង​ជា​ញឹក​ញាប់ និង​ជាប់​ជម្រើស​​​១១​នាក់​ដំបូង​រហូត​គិត​ចាប់​តាំង​ពី​សប្តាហ៍​ទី​១​រហូត​ដល់​សប្តាហ៍​ទី​៩។

ក្រៅ​ពី​លេង​​ក្នុង​លីគ​ ចាន់ វឌ្ឍនាកា ក៏​បាន​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​ក្នុង​ពាន​រង្វាន់ FA Cup របស់​ម៉ាឡេស៊ី​ដែល​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ដ៏​សំខាន់។ ពេល​នោះ​កីឡាករ​កម្ពុជា​រូប​នេះ​ក៏​ជា​តួ​ដ៏​សំខាន់​ម្នាក់​ជួយ​ Pahang យក​ឈ្នះ​ក្រុម​ខ្លាំង​ Johor Darul Tazim ដោយ​លទ្ធផល ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ ជាន ចាន់រ៉ា