ZTE ធ្ងន់​ក​ពេលនេះ ផ្អាក​សង្វាក់ផលិត​​កម្ម​ទាំង​ស្រុង​ ក្រោយ​​ត្រូវ​ទណ្ឌកម្ម​អាមេរិក​

  • 2018-05-10 04:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ធំ​បំផុត​ទី ២ របស់​ប្រទេស​ចិន ZTE បាន​ផ្អាក​រាល់​ផលិត​កម្ម​របស់​ខ្លួន​ទាំង​អស់​ក្រោយ​ពេល​មាន​ការ​ផ្ដាច់​ពាណិជ្ជកម្មពី​អាមេរិក លើ​សង្គ្រាម​ផ្នែក​សេដ្ឋកិច្ច​របស់​មហា​អំណាច​ទាំង​ពីរ។

ក្រោយ​ពេល​ដែល​ក្រុមហ៊ុន ដែល​មាន​ស្នាក់​ការ​ធំ​នៅ​ទី​ក្រុង Shenzhen ប្រទេស​ចិន​នេះ​ បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ប្រទេសអ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង​រួច​មក សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ ZTE មិន​ឲ្យ​នាំ​ចេញ​ផលិត​ផល​ខ្លួន​ទៅ​ក្រៅ​ដល់​ទៅ ៧​ ឆ្នាំ ឯណោះ ប៉ុន្ដែ​លើក​នេះ​ដោយ​សារ​មាន​សង្គ្រាម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​ផ្ទាល់​តែ​ម្ដង ក្រុមហ៊ុន ZTE មិន​អាច​ទទួល​បាន​ការ​ផ្គត់​ផ្គង់​គ្រឿង​បង្គំ​នានា​ ដែល​ចេញ​ពី​អាមេរិក​នោះ​ទេ ដូច​ជា Semiconductor របស់ Qualcomm និង Optical Chip របស់ Lumentum Holding។

ដោយ​សារ​តែ​ហេតុ​ផល​នេះ ក្រុមហ៊ុន ZTE សឹង​តែ​អស់​ផលិត​ផល​លក់​តែ​ម្ដង។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន ការ​លក់​របស់ ZTE លើ​គេហទំព័រ Tmall Alibaba ត្រូវ​ផ្អាក ហើយ​ក្រុមហ៊ុន​ទូរសព្ទ Telstra របស់​ប្រទេស​អូស្ដ្រាលី បាន​ដក​ផលិត​ផល​ក្រុមហ៊ុន​នចេញ​ពី​គេហទំព័រ​ខ្លួន​តែ​ម្ដង។

អ្នក​វិភាគ​មក​ពី​ CICC លោក Huang Leping បាន​និយាយ​ថា៖ " ពេល​នេះ ZTE មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ទាំង​ផ្នែក​ផលិត និង​ផ្នែក​លក់​ត្រូវ​បាន​ជាប់​គាំង​ទាំង​អស់ តែ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ​ (R&D) របស់​ក្រុមហ៊ុន​នៅ​ដំណើរ​ការ​ដដែល​ទេ " ។

សូម​បញ្ជាក់​ថា មិន​មែន​តែ ZTE តែ​ម្នាក់​ឯង​ទេ ដែល​ទទួល​រង​ការ​ហាមប្រាម​នេះ សូម្បី​តែ​ក្រុមហ៊ុន​ផលិតផល​អេឡិចត្រូនិក​លេខ ១ របស់​ចិន Huawei ក៏​ត្រូវ​រង​ទណ្ឌកម្ម​នេះ​ដូច​គ្នា​ដែរ។

ក្រុមហ៊ុន ZTE ថា​នឹង​រក​វិធី​ត​តាំង​តាម​ផ្លូវ​ច្បាប់ និង​សុំ​ឲ្យ​មាន​ការ​ដក​បម្រាម​នេះ​ដោយ​អាជ្ញាធរ​របស់​អាមេរិក​ផ្ទាល់។ គេ​ក៏​សង្ឃឹម​ទៅ​លើ​ថ្នាក់​ដឹកនាំ​ក្រុង ប៉េកាំង ឲ្យ​ជួយ​ស្វះ​ស្វែង​រក​វិធី​ដោះ​ស្រាយ​ដែរ តែ​ដោយ​សារ​តែ​ភាព​តានតឹង​រវាង អាមេរិក និង​ចិន មិន​ទាន់​មាន​សភាព​ស្ងប់​នៅ​ឡើយ​ទេ​នោះ វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់ ZTE ក្នុង​ការ​រង់ចាំ​ការ​អន្តរាគមន៍​នេះ៕

ចុចអាន៖

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី