ឆ្នាំ​នេះ Oppo F7 នៅ​ខ្មែរ អាច​លក់​ដាច់​ខ្លាំង​មិន​ធ្លាប់​មាន ដូច​ប្រទេស​ផ្សេងៗ​ក្បែរ​ខាង

  • 2018-05-10 10:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo ទើប​តែ​ប្រកាស​លើ​ផេក​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​ថា ថា​នឹង​នាំ​យក​ទូរសព្ទ Oppo F7 128 GB (6GB RAM) មក​ទីផ្សារ​ស្រុក​ខ្មែរ ឆាប់​នេះ​ៗ ក្នុង​តម្លៃ ៤២៩ ដុល្លារ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី Smartphone ស៊េរី​ថ្មី​ក្បាល​ឆក Oppo F7 64GB ត្រូវ​ក្រុមហ៊ុន​ដាក់​លក់​ផ្លូវ​ការ​នៅ​ទីផ្សារ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ មេសា មក ខណៈ​ដែល​ការ​លក់​ថ្ងៃ​ដំបូង​នោះ ត្រូវ​ក្រុមហ៊ុន Oppo ប្រចាំ​នៅ​កម្ពុជា អះអាង​ថា លក់​ដាច់​លើស​ការ​រំពឹង​ទុក មិន​ធ្លាប់​មាន​ពី​មុន​នៅ​ទីផ្សារ​កម្ពុជា។

ក្រុមហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​មនុស្ស​ដល់​ទៅ​រាប់​រយ​រាប់​ពាន​នាក់ សម្រុក​មក​ទទួល​យក F7 ដែល​បាន​កុម្ម៉ង់​ទុក និង​មក​ទិញ​ក្ដៅៗ​តាម​ហាង​ទូរសព្ទ​នានា​ទូទាំង​ភ្នំពេញ និង​តាម​ខេត្ត នៅ​ថ្ងៃ​លក់​ដំបូង​ រហូត​ដល់​ហាង​ខ្លះ​ដាច់​ស្ដុក​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​បាន​​បង្ហើប​ត្រឹម​ថា សន្ទុះ​លក់ F7 កើន​ឡើង​ខ្លាំង​លើស​សន្ទុះ​លក់​ស៊េរី​មុន F5 ប៉ុណ្ណោះ តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​តួលេខ​ឡើយ។

បញ្ជាក់​ថា ការ​លក់ F7 ថ្ងៃ​ដំបូង កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ក្នុង​នោះ មាន ហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា។

នៅ​កម្ពុជា F7 64GB (4GB RAM) មាន​តម្លៃ ៣២៩ ដុល្លារ ដោយ​មាន​ជម្រើស ៣ ពណ៌ គឺ ក្រហម ​(Solar Red) ប្រាក់ (Moonlight Silver) និង​ពេជ្រ​ខ្មៅ (Diamond Black)។

សូម​មើល​លក្ខណៈ​សម្បត្តិ​របស់ F7៖

  • អេក្រង់ Super Full Screen (Notch Screen)៖ អេក្រង់​ប្រភេទ IPS LCD ទំហំ ៦,២៣ អ៊ីញ លាត​ ៨២,៥% នៃ​ផ្ទៃ​ខាង​មុខ ជា​អេក្រង់​ទ្រវែង​មាន​វិមាត្រ 19:9 Ratio មាន​កម្រិត​បង្ហាញ Full HD+ (2280 x 1080) និង​ដង់ស៊ីតេ​អេក្រង់ 405 ppi។
  • កាមេរ៉ា​មុខ​ទំហំ 25MP ធំ​ជាង​គេ​បង្អស់​នា​ពេល​បច្ចុប្បន្ន និង​មាន​បំពាក់​បច្ចេកវិទ្យា AI Beauty 2.0 ​ដែល​ពិភព​លោក​ទទួល​ស្គាល់​ថា ជា​បច្ចេកវិទ្យា​ថត​រូប Selife កាន់​តែ​ស្អាត​បំផុត​ថែម​មួយ​កម្រិត​ថែម​ទៀត។ វា​អាច​ចាប់​យក​ចំណុច​សម្គាល់​សំខាន់ៗ (focus point) លើ​ផ្ទៃ​មុខ​រហូត​ដល់​ទៅ ២៩៦ ចំណុច និង​អាច​សម្គាល់​ភេទ អាយុ សម្បុរ​ស្បែក​ទៀត​ផង។
  • Sensor៖ HDR 576 របស់ Sony ដែល​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ថត​រូប​ស្រស់​ស្អាត​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ ឬ​កុង​ពន្លឺ​ក៏​ដោយ។
  • កម្លាំង​ថ្ម 3400mAh៖ ទំហំ​ថ្ម​មធ្យម ហើយ​មាន​មុខងារ AI Battery Management ដែល​អាច​សំចៃ​ថ្ម មិន​ថា​ពេល​ប្រើប្រាស់ ឬ​ទុក​ចោល។
  • គ្រឿង​ក្នុង៖ ប្រើ Chip Helio P60, RAM 4GBឬ 6GB ទំហំ​ម៉ាស៊ីន 64GB ឬ 128GB ហើយ​អាច​បន្ថែម microSD បាន​ដល់ 256GB និង​ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.0 ដូច Android 8.1៕

ដោយ៖ សុផាត