ពិតជាគួរឲ្យស្ដាយកីឡាករ ១២ រូបនេះ នឹងអវត្តមានក្នុង World Cup ខាងមុខ
- 2018-05-15 11:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាគួរឲ្យស្ដាយកីឡាករ ១២ រូបនេះ នឹងអវត្តមានក្នុង World Cup ខាងមុខ
ចន្លោះមិនឃើញ
ខណៈ World Cup នឹងឈានចូលមកដល់នៅរយៈពេល ១ខែទៀត កីឡាករចំនួន ១២រូបខាងក្រោម (គិតត្រឹមដើមខែឧសភានេះ) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ៖
១.Alex Oxlade-Chamberlain (អង់គ្លេស)៖ ក្នុងប្រកួត Champions League ជើងទី ១ វគ្គពាក់កណ្ដាល Champions League ចុងខែមុន កីឡាករបានរងរបួសជង្គង់។ បើតាមការប្រកាសផ្លូវការរបស់ក្លឹប Liverpool បានបញ្ជាក់ច្បាស់ថា កីឡាករនឹងមិនមានវត្តមានលេងក្នុងប្រកួតទៀតទេក្នុងរដូវកាលនេះដោយបញ្ហារបួស។ ការណ៍នេះមានន័យថា អតីតខ្សែបម្រើ Arsenal នឹងមិនបានលេងក្នុងវគ្គ UCL ផ្ដាច់ព្រ័ត្រ និង World Cup នៅរុស្ស៊ីឡើយ។
២.Jakob Johansson (ស៊ុយអែត)៖ ក្នុងប្រកួតវគ្គ Play-off ជើងទី ២ World Cup ប៉ះអ៊ីតាលី កាលពីខែវិច្ឆិកា ឆ្នាំទៅ កីឡាករបានរងរបួសជង្គង់។ កីឡាករមិនទាន់សះស្បើយពីរបួសនៅឡើយទេ។
៣.Laurent Koscielny (បារាំង)៖ កីឡាករបារាំងបានរងរបួសដាច់សរសៃពួរកែងជើង ក្នុងពេលប្រកួតប៉ះជាមួយ Atletico Madrid ក្នុងជំនួបជើងទី ២ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ។ បើតាមការចុះផ្សាយរបស់ BBC កីឡាករនឹងអវត្តមានរយៈពេល ៦ខែ។ នេះបានន័យថា ខ្សែការពារបារាំងនឹងមិនបានចូលលេង World Cup ខាងមុខនេះទេ។
៤.Mathias Corujo (អ៊ុយរុយហ្គាយ)៖ ក្នុងអំឡុងប្រកួតកាលពីដើមខែឧសភាកន្លងទៅ ខ្សែការពារស្លាបរបស់ក្លឹបអ៊ុយរុយហ្គាយ Penarol រូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងររហូតដល់ទៅឈានដល់ការវះកាត់។ រហូតដល់ទៅខែមករា ឆ្នាំ ២០១៩ ឯណោះ បានកីឡាករអាចជាពីរបួសវិញ។
៥.Youssef Msakni (ទុយណេស៊ី)៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិទុយណេស៊ីរូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលលេងឲ្យក្លឹបខ្លួន (ក្លឹបកាតា Al Dhail) កាលពីដើមខែមេសាកន្លងទៅ។
៦.Zlatan Ibrahimovic (ស៊ុយអែត)៖ ប៉ុន្មានខែចុងក្រោយនេះ កីឡាករបានប្រកាសម្ដងជាពីរដងថា ខ្លួនអាចនឹងត្រលប់មកជួយក្រុមជម្រើសជាតិខ្លួនវិញ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ស៊ុយអែតបានប្រកាសច្បាស់ថា ខ្សែប្រយុទ្ធរូបនេះ នឹងអវត្តមាន។ បើគ្មានអីប្រែប្រួលទេ នោះអតីតខ្សែប្រយុទ្ធ Manchester United រូបនេះនឹងមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតនោះទេ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ។
៧. Lars Stindl (អាល្លឺម៉ង់)៖ បើទោះជាមិនស្ថិតក្នុងចំណោមកីឡាករជួរមុខក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅពេលគ្រូបង្វឹកផ្ដល់ឱកាស ខ្សែប្រយុទ្ធ Stindl បានបង្ហាញទម្រង់បានយ៉ាងល្អក្នុងប្រកួតមិត្តភាពប៉ះអេស្ប៉ាញ និងប្រេស៊ីលកាលពីពេលកន្លងទៅ ហើយត្រូវបានមតិនៅអាល្លឺម៉ង់ជាច្រើនរំពឹង ឈ្មោះរូបគេនៅក្នុងក្រុមជម្រើសជាតិសម្រាប់កម្មវិធី World Cup ខាងមុខ។ យ៉ាងនេះក្ដី ខ្សែប្រយុទ្ធបានរងរបួសកជើងធ្ងន់ធ្ងររហូតឈានដល់ការវះកាត់កាលពីខែមេសាកន្លងទៅ។ ទាល់តែខែសីហាឯណោះ ទើបកីឡាករអាល្លឺម៉ង់សះស្បើយពីរបួសវិញ។
៨.Karim Benzema (បារាំង)៖ បន្ទាប់ពីបញ្ហាផ្លូវច្បាប់មួយចំនួននៅប្រទេសកំណើតខ្លួន គួបផ្សំនឹងមានការមិនចុះសម្រុងគ្នាជាមួយគ្រូបង្វឹកជម្រើសជាតិ Didier Deschamps ខ្សែប្រយុទ្ធ Real Madrid នឹងមិនមានឈ្មោះលេង World Cup ឡើយ បើសិនជាស្ថានភាពបែបនេះនៅតែបន្ត។
៩.Danilo Pereira (ព័រទុយហ្គាល់)៖ ខ្សែបម្រើការពាររូបនេះ បានលេងក្នុងប្រកួតជាច្រើនឲ្យ Porto ក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណា កាលពីដើមខែមេសាកន្លងទៅ កីឡាករបានរងរបួសដាច់សរសៃពួរកែងជើងធ្ងន់ធ្ងរ ហើយនឹងមិនអាចជួយក្រុមជម្រើសជាតិខ្លួននៅ World Cup ខាងមុខឡើយ។
១០.Aleksandr Kokorin (រុស្ស៊ី)៖ ខ្សែប្រយុទ្ធបានរងរបួសជង្គង់ស្ដាំធ្ងន់ធ្ងរក្នុងប្រកួត Europa League កាលពីខែមីនាកន្លងទៅ។
១១.Zouhair Feddal (ម៉ារ៉ុក)៖ ខ្សែការពារ Real Betis បានរងរបួសដាច់សរសៃពួរកែងជើង កាលពីប្រកួតប៉ះ Villarreal កាលពីខែកុម្ភៈនេះ។ រហូតដល់ទៅដើមខែកក្កដា ទើបកីឡាករអាចសះស្បើយពីរបួសវិញ។
១២. Dani Alves (ប្រេស៊ីល)៖ កាលពីពេលថ្មីៗនេះ កីឡាករបានរងរបួសជង្គង់ធ្ងន់ធ្ងរ រហូតដល់ឈានដល់ការវះកាត់។ ខ្សែការពារស្លាបត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងការប្រកួតក្នុងរយៈពេល ៦ខែទៅមុខទៀត។
បន្ថែមពីកីឡាករខាងលើ នៅមានកីឡាករបាល់ទាត់មួយចំនួនទៀតដែលអាចប្រឈមមិនបានលេងក្នុង World Cup ខាងមុខ ដោយបញ្ហារបួស ក្នុងនោះមានដូចជា អ្នកចាំទី Manuel Neuer ខ្សែការពារ Jerome Boateng ខ្សែស្លាប Serge Gnabry ខ្សែបម្រើ Emre Can និងSanti Carzola ជាដើម៕