​ដឹង​អត់​ថា​ ម្ចាស់​ក្លឹប​ចាស់​នៅ​​តែ​មាន​ឈ្មោះ​​ក្នុង​ក្លឹប​បឹងកេត​?

  • 2018-05-15 07:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងកេត​ទទួល​បាន​ម្ចាស់​ភាគ​ហ៊ុន​ថ្មី​សម្រាប់​ដំណើរ​ការ​ក្លឹប​​បន្ត​ទៅ​មុខ​ទៀត​ ប៉ុន្តែ​ម្ចាស់​ក្លឹប​ចាស់​គឺ​លោក​ ស៊ីវ ថា ក៏​នៅ​តែ​មាន​ឈ្មោះ​​ជា​មួយ​ក្លឹប​បឹងកេត​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក បែ មករា អ្នក​ចាត់​ការ​​ទូទៅ​។

លោក​ បែ មករា បាន​ប្រាប់​ថា ថ្វី​បើ​ម្ចាស់​ក្លឹប​ចាស់​គឺ​លោក ស៊ីវ ថា​ បាន​ដក​ខ្លួន​ចេញ​ពី​បឹងកេត​ក៏​ដោយ​ ប៉ុន្តែ​​ក្លឹប​​បឹងកេត​​ដែល​មាន​​​ម្ចាស់​ក្លឹប​ថ្មី​នៅ​តែ​គោរព​ស្រលាញ់​ និង​ដឹង​គុណ​ដល់​ម្ចាស់​ក្លឹប​ចាស់ ព្រម​ទាំង​រក្សា​ឈ្មោះ​របស់​លោក​នៅ​តែ​ជា​សមាជិក​កិត្តិយស​របស់​ក្លឹប​ដដែល។

លោក​ពន្យល់​ថា ដោយ​សារ​ក្លឹប​បឹងកេត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ និង​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​គឺ​ដោយ​សារ​លោក​ ស៊ីវ ថា ដូច្នេះ​ក្លឹប​នៅ​តែ​រក្សា​ឈ្មោះ​របស់​លោក​ជា​សមាជិក​កិត្តិយស និង​មិន​អាច​បំភ្លេច​លោក​បាន​ឡើយ។

លោក ស៊ីវ ថា និង​ភរិយា ពេល​ផ្តល់​បទ​សម្ភាសន៍​កន្លង​មក

កាល​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា​កន្លង​ទៅ​នេះ​​ លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ពឹងកេត​បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ដោយ​បាន​អរគុណ​ដល់​លោក​ប្រធាន​ក្លឹប​ចាស់​ ស៊ីវ​ ថា​ និង​លោក​ស្រី ព្រម​ទាំង​ក្រុម​គ្រួសារ​ ដែល​បាន​លះ​បង់​​កម្លាំង​កាយ​ចិត្ត​ និង​ថវិកា​យ៉ាង​ច្រើន​ដើម្បី​ដំណើរ​ការ​ក្លឹប​បឹងកេត​​ឲ្យ​មាន​ឈ្មោះ​ល្បី​ល្បាញ​រហូត​ដល់​ថ្ងៃ​នេះ។ « ពួក​យើង​នឹង​ចង​ចាំ​ទុក​មិន​មាន​ថ្ងៃ​ភ្លេច​ចំពោះ​ការ​លះ​បង់​កន្លង​មក។ សូម​គោរព​ជូន​ពរ​ ឲ្យ​លោក​ និង​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច»។

សព្វ​ថ្ងៃ​នេះ​បឹងកេត​មាន​មនុស្ស​មួយ​ក្រុម​ដែល​រួម​ដៃ​គ្នា​ដើម្បី​ដំណើរ​ការ​ និង​អភិវឌ្ឍ​ក្លឹប​បន្ត​ទៅ​មុខ​ទៀត។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​គឺ​មាន​លោក​ស្រី​ ពុទ្ធ ធីតា​​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ដែល​ចេញ​មុខ​ជា​ប្រធាន​ក្លឹប​ថ្មី​ លោក​ បែ មករា ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ក៏​មាន​ភាគ​ហ៊ុន​ដែរ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​​មាន​ភាគ​ហ៊ុន។ តាម​ការ​គ្រោង​ទុក​ ក្លឹប​នឹង​បើក​ដំណើរ​ការ​សាង​សង​កីឡដ្ឋាន​ថ្មី​ឲ្យ​រួច​រាល់​ក្នុង​រង្វង់​២​ឆ្នាំ​ខាង​មុខ​ដែល​​គ្រោង​ចំណាយ​ជាង​១​លាន​ដុល្លារ​អាមេរិក៕

បឹងកេត​ពេល​ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី