Nokia X6 ស្រោប​ដោយ​កញ្ចក់​យ៉ាង​អេម​ ដឹង​តម្លៃ​ធានា​ចង់​បាន​ភ្លែត​

  • 2018-05-17 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​Nokia X6 ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ HMD Global ​មាន​ប្រើ​រចនាបថ​ក្បាល​ឆក​ ដែល​ជា​រចនាបថ​ដ៏​ពេញ​និយម​មួយ ដោយ​ទើប​ប្រកាស​ចេញ​ផ្លូវ​ការ​កាល​ពី​យប់​មិញ។

ប្រសិន​បើ​អ្នក​តាម​ដាន​ព័ត៌មាន​បែក​ធ្លាយ​ពី​ Nokia X6 ពី​មុន​មក​ អ្នក​នឹង​បាន​ដឹង​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​ ដោយ​សារ​ដូច​គ្នា​នឹង​លក្ខណៈ​ផ្លូវ​ការ​ដែរ។ តួ​ខ្លួន​របស់​ Nokia X6 មាន​ស្រោប​ដោយ​សារធាតុ​កញ្ចក់​ប្រមាណ​ ៩៥% ដោយ​ស៊ុម​ជុំវិញ​ផលិត​ពី​អាលុយមីញ៉ូម។

Nokia X6 ជា​ទូរសព្ទ​ធន់​មធ្យម​ ហេតុ​នេះ​មាន​ប្រើ​ត្រឹម​បន្ទះ​ឈីប​ Qualcomm Snapdragon 636, RAM ទំហំ​ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB អាច​បង្កើន​ទំហំ​បាន​តាម​មេមូរី​កាត។ បន្ថែម​ពី​នេះ​ក៏​មាន​ជម្រើស RAM ទំហំ​ ៤ GB + អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB និង RAM ៦ GB + ៦៤ GB។

អេក្រង់​មាន​ទំហំ​ ៥,៨​ អ៊ីញ​ អាច​បង្ហាញ​រូបភាព​នៅ​កម្រិត​ FHD+ (២២៨០ x ១០៨០ ភីកសែល) និង​មាន​មាត្រដ្ឋាន​ 19:9។ ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ ១៦ MP + ៥ MP ដែល​មិន​មែន​​ផលិត​ដោយ​ Zeiss នោះ​ទេ ហើយ​កាមេរ៉ា​មុខ​មាន​កម្រិត ១៦ MP។

ថាមពល​ថ្ម​មាន​ទំហំ​ ៣០៦០ mAh មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ និង ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo។

Nokia X6 មាន​តម្លៃ​ចាប់​ពី​ ២០៥ ដុល្លារ ដែល​នឹង​មាន​​ដាក់​លក់​ផ្ដាច់​មុខ​តែ​នៅ​ក្នុង​ប្រទេស​ចិន​សម្រាប់​​ពេល​បច្ចុប្បន្ន​នេះ៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង