នេះ​ហើយ​ជីវិត ជយលាភី​លេខ​២ "ពេជ្រ​កំពុង​ច្នៃ" តស៊ូ​ខ្លាំង តាំង​ពី​រើស​អេតចាយ

  • 2018-05-22 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជយលាភី​លេខ២​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" ឆ្នាំ​២០១៧ លោក ហេ រ៉ាយ៉ត បាន​ឈាន​មក​ដល់​ចំណុច​ជោគជ័យ​មួយ​ក្នុង​ឆាក​ជីវិត ដោយ​មាន​ទាំង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន និង​ជា​តារា​ចម្រៀង​អាជីព​ថែម​ទៀត។ ប៉ុន្តែ​នៅ​ប្រមាណ​ជាង ១០​ឆ្នាំ​មុន ពេញ​ដោយ​ស្នាម​តស៊ូ​របស់ រ៉ាយ៉ត សូម្បី​តែ​ការងារ​រើស​អេតចាយ។

បក​ទៅ​អតីតកាល​នៃ​ការ​តស៊ូ ហេ រ៉ាយ៉ត បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ជីវភាព​គ្រួសារ​ក្រី​ក្រ​លំបាក​ពេក នាម​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ និង​មាន​ឪពុក​ម្ដាយ​ជា​កសិករ លោក​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ផ្សង​ព្រេង​មក​ភ្នំពេញ​នៅ​ខ្ទង់​ឆ្នាំ ២០០៦ ដោយ​មក​ស្នាក់​នៅ​ក្នុង​វត្ត​សន្សំ​កុសល។

បំណង​ពេល​នោះ គឺ​ដើម្បី​មក​ច្រៀង​តាម​ភោជនីយដ្ឋាន​នានា ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព ក៏​ដូច​កសាង​អនាគត។ ប៉ុន្តែ​រឿង​ដំបូង​ដែល​លោក​ត្រូវ​ប្រឈម​មុន​គេ​នា​ពេល​នោះ គឺ​រក​បាយ​ហូប​សិន។ ដោយ​មិន​មាន​ជម្រើស​អ្វី រ៉ាយ៉ត ក៏​បង្ខំ​ចិត្ត​ទៅ​រើស​អេតចាយ ដើម្បី​បាន​ប្រាក់​ទិញ​បាយ​ហូប។

"ខ្ញុំ​ដើរ​រើស​ប្រមាណ​២​ម៉ោង​នៅ​ទួល​ទំពូង រើស​អត់​បាន​សោះ ដោយ​សារ​យើង​មិន​ចេះ​រើស...ក្នុង​ពេល​នោះ ខ្ញុំ​សម្លឹង​ទៅ​បង​ប្អូន​អ្នក​រើស​អេតចាយ​ផ្សេង​ទៀត ឃើញ​ពួក​គាត់​ពិបាក ខ្ញុំ​ក៏​មាន​អារម្មណ៍​អាណោចអាធ័ម​ចំពោះ​ខ្លួន​ឯង ខ្ញុំ​គិត​ថា ទោះ​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ធ្វើ​ការ​នេះ​ទៀត​ដែរ គិត​ហើយ ខ្ញុំ​បោះ​ថង់​រើស​សំរាម​ចោល​តែ​ម្ដង!" ។

រ៉ាយ៉ត បាន​ទៅ​សុំ​ការងារ​ធ្វើ​ជា​អ្នក​រត់​តុ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បាន​ប្រាក់​ខែ ៥ ទៅ​៦ម៉ឺន​រៀល​ក្នុង​១​ខែ។ ក្រោយ​មក ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ធ្វើ​ជា​អ្នក​ចម្រៀង លោក​បាន​ទៅ​ហាត់​រៀន​នៅ​ក្លឹប​ប្រជានុភាព​រយៈ​ពេល​ប្រមាណ​១​ឆ្នាំ។ បន្ទាប់​ពី​ដុះ​ខាត់​សំឡេង​ឲ្យ​ប្រសើរ​ជាង​មុន​ហើយ លោក​ក៏​បាន​ទៅ​សុំ​គេ​ច្រៀង​នៅ​ភោជនីយដ្ឋាន "៧២" ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​គ។

“កាល​ណោះ ពេល​ទៅ​សុំ​គេ​ច្រៀង គេ​ថា​ហាង​គេ​មាន​អ្នក​ចម្រៀង​គ្រប់​ហើយ អត់​ត្រូវ​ការ​ទៀត​ទេ តែ​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ច្រៀង​អត់​យក​ប្រាក់​ទេ ឲ្យ​តែ​បង​ឲ្យ​ច្រៀង ហើយ​គេ​ក៏​ព្រម!"។ ចាត់​ថា សំណាង​ចាប់​ផ្ដើម​មាន​ដែរ ត្បិត​ថា​ច្រៀង​មិន​បាន​ប្រាក់ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១ រ៉ាយ៉ត ប្រាប់​ថា លោក​ទទួល​បាន​លុយ​ធីប​ពី​ភ្ញៀវ​ចំនួន ៣០០​ដុល្លារ ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

បន្ត​មក​យប់​បន្ត​បន្ទាប់ ក៏​លោក​នៅ​រក​បាន​ប្រាក់​ធីប​ច្រើន​ដែរ ហើយ​ក្រោយ​មក ដោយ​មើល​ឃើញ​ពី​សមត្ថភាព រ៉ាយ៉ត ថៅកែ​ក៏​ផ្ដល់​ថ្លៃ​ឈ្នួល​ច្រៀង​ឲ្យ ដោយ​ពេល​នោះ ទទួល​បាន​ថ្លៃ​ឈ្នួល​ពលកម្ម ១ដុល្លារ​ក្នុង​មួយ​យប់។ ច្រៀង​នៅ​ភោជនីយដ្ឋាន​ខាង​លើ​បាន​ប្រមាណ​ជា ៣-៤​ឆ្នាំ រ៉ាយ៉ត ក៏​ឈប់​ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ធ្វើ​ជា​តារា​ចម្រៀង​ច្រៀង​តាម​កម្មវិធី​នានា។

បាន​ប្រមាណ​ជា ២-៣​ឆ្នាំ ដោយ​សន្សំ​បាន​ដើម​ទុន​ខ្លះ លោក​ក៏​បាន​បង្កើត​ជា​ក្រុម​អក​កេះ​ផ្ទាល់​ខ្លួន ដើរ​លេង​នៅ​តាម​ខេត្ត​នានា។ ជាមួយ​គ្នា លោក​ក៏​បាន​ដាក់​ពាក្យ​ចូល​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នានា​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ។ មិន​​បាក់​ទឹក​ចិត្ត​ចំពោះ​បរាជ័យ​របស់​លោក នៅ​ឆ្នាំ ២០១៨​នេះ រ៉ាយ៉ត ក៏​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី "ពេជ្រ​កំពុង​ច្នៃ" របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ទៀត។

ជា​លទ្ធផល លោក​បាន​ទទួល​ជយលាភី​លេខ​២ ក្នុង​ចំណោម​បេក្ខជន​រាប់​រយ​នាក់។ ក្រោយ​ជោគជ័យ​លើ​ការ​ប្រឡង យុវជន​និយម​ច្រៀង​បទ "ឆាយ វីរៈយុទ្ធ" រូប​នេះ ទើប​តែ​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម 2B ទៀត ដែល​លោក​អះអាង​ថា បទ​ចម្រៀង​ប្រភេទ Original Song ដំបូង​របស់​លោក​ត្រៀម​នឹង​ចេញ​ឆាប់​ៗ​នេះ​ហើយ៕

រូបភាព៖ ផ្ដល់​ដោយ រ៉ាយ៉ត

អត្ថបទ៖ ទារិកា