៥ ចំណុច ល្មម​អា​ច​លួង​ចិត្ត​អ្នក​គាំទ្រ​ ហ៊ាន​ចាយ​លុយ​ទិញ U12 Plus

  • 2018-05-25 03:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ល្ហិចល្ហៀង​ថា​រង​បរាជ័យ​លើ​ទីផ្សារ​នាំ​ចេញ​ស្មាតហ្វូន ក៏​ក្រុមហ៊ុន​តៃវ៉ាន់ HTC នៅ​តែ​មិន​រុញរា ហើយ​បន្ត​លួង​ចិត្ត​អ្នក​គាំទ្រ​តាម​រយៈ​ការ​ប្រកាស​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មី​ម៉ូឌែល U12 Plus កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ Sabay លើក​យក​ចំណុច​ខ្លាំង​ទាំង ៥ របស់​ស្មាតហ្វូន​តម្លៃ ៧៩៩ ដុល្លារ មក​ចែកជូន​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង។

១.HTC Edge Sense 2:

វិវត្ត​បន្ត​ពី​ Edge Sense ជំនាន់​ដំបូង​មាន​ប្រើ​លើ​ HTC U11 កាល​ពី​ឆ្នាំ​ទៅ ក្រឡេក​មក​ឆ្នាំ ២០១៨ ការ​អាប់ដែត​ឡើង​ដល់ Edge Sense 2 បាន​ផ្តល់​ឲ្យ​អ្នក​ប្រើ​អាច​កាន់ U12 Plus ត្រឹម​ដៃ​ម្ខាង ហើយ​ចុច​ប្រើ​ជាមួយ​ការ​ប្រើ​មេដៃ ឆ្លង​កាត់​ការ​ច្របាច់​គែម​សង​ខាង​នៃ​តួ​ម៉ាស៊ីន។ អ្នក​ក៏​អាច​កែប្រែ​បន្ថែម​លើ​មុខងារ Edge Launcher ដើម្បី​កំណត់​ពី​ចំនួន​ Shortcut ឬ​ប៊ូតុង​ដែល​ជំនួយ​ក្នុង​ការ​ប្រើ​កាន់​តែ​រហ័ស​និង​ងាយស្រួល។

បន្ថែម​ពី​នេះ​ជុំវិញ​ការ​ថត​រូប Portrait ឧបករណ៍​អ្នក​ Lock ជាប់​នៅ​ទីតាំង​ឬ Subject ណា​មួយ ថ្វី​បើ​ចៃដន្យ​ស្មាតហ្វូន​ត្រូវ​បង្វិល​មក​ផ្តេក​វិញ​ក៏​ដោយ​ក្តី។ បន្សំ​ពី​នេះ​ក៏​មាន​ការ​អភិវឌ្ឍ​បន្ថែម​នូវ​មុខងារ​ឆ្លាតវៃ​និង​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ទៀត ក្នុង​ប្រព័ន្ធ Software ត្រៀម​ដាក់​ឲ្យ Update នៅ​ថ្ងៃ​បន្ទាប់។

២.កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ:

ឡើង​កូដ​ដល់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ ខ្ពស់​ជាង U11 ដែល​មាន​ត្រឹម​មួយ​គ្រាប់​ទំហំ 12MP។ សម្រាប់ U12 Plus ត្រូវ​បាន​ក្រុមហ៊ុន HTC បន្ថែម​កាមេរ៉ា​ភ្លោះ​ទំហំ 12MP+16MP អាច​ផលិត​រូបភាព​បាន​ច្បាស់​ល្អ ទទួល​បាន ១០៣ ពិន្ទុ​ផ្នែក​ថត​រូប​សន្លឹក​ពី​ក្រុម​ការងារ DxOMark ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ដាច់​គេ​ខាង​ផ្នែក​ស្មាតហ្វូន​ប្រើ​កាមេរ៉ា​ពីរ​គ្រាប់។

លែន​មួយ​គ្រាប់​ទំហំ 12MP គាំទ្រ​មុខងារ​ទប់​លំនឹង​រូបភាព​ OIS មាន Aperture ធំ​ដល់​ទំហំ f/1.75 និង​មួយ​គ្រាប់​ទៀត 16MP ​ប្រភេទ Optical Zoom កម្រិត 2X មាន Aperture f/2.6។ ជំនួយ​ពី​មុខងារ HDR Boost 2 អាច​ជួយ​ឲ្យ​ស្មាតហ្វូន​ HTC ម៉ូឌែល​នេះ អាច​ធ្វើ​បាន​ល្អ​នៅ​ទីតាំង​ងងឹត ពោល​គឺ​បង្កើន​កម្រិត​រូបភាព​ច្បាស់​ដិត​ជាង​មុន និង​កាត់​បន្ថយ​គ្រាប់ Noise ឲ្យ​សល់​តិច​មែនទែន។

ផ្នែក​កាមេរ៉ា​មុខ​និង​ក្រោយ​អាច​ថត​រូប​បែប​ព្រាល Bokeh Effects ទាំង​ប្រភេទ Auto និង Manual Modeដែល​ខាង​មុខ​ភ្លោះ​ 8MP ព្រម​គ្នា មាន Aperture f/2.0។ ចំពោះ​ការ​ថត​វីដេអូ​អាច​ចាប់​ដល់​កម្រិត 4K នៅ​លក្ខខណ្ឌ 30 ទៅ 60fps ខណៈ 1080p នៅ​លក្ខខណ្ឌ 30,60 ដល់ 240fps ខណៈ​ឆ្លង​កាត់​មខុងារ Sonic Zoom ក៏​អនុញ្ញាត​ឲ្យ Background នៃ​វីដេអូ​មាន​សភាព​ព្រាល អម​ការ Focus ខ្លាំង​លើ Subject។

៣.តួ​ខ្លួន​រចនា​ថ្មី:

បំពាក់​អេក្រង់​កោង​ទាំង​ផ្នែក​ខាង​មុខ​និង​ក្រោយ អម​ផ្ទៃ​គែម​នៅ​សល់​ផ្នែក​ខាង​លើ​តិច​បំផុត ពោល​គឺ​អេក្រង់​ ៦ អ៊ីញ ប្រភេទ Super LCD6 មាន​មាត្រដ្ឋាន ១៨:៩។ បច្ចុប្បន្ន​មាន​លក់​ត្រឹម​ជំនាន់​ពណ៌​ខៀវ ខ្មៅ (Ceramic Black) ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ក៏​កំពុង​ត្រៀម​ចេញ​លក់​ពណ៌​ក្រហម​ថ្មី​ (Flame Red) បន្ថែម​ទៀត​ក្នុង​ថ្ងៃ​អនាគត។

ប៊ូតុង​ជាប់​តួ​ម៉ាស៊ីន​ជា​ប្រភេទ Edge Sense ខុស​ពី Physical ដែល​ផ្តល់​បទពិសោធន៍​ថ្មី​សម្រាប់​អ្នក​ប្រើ​នៅ​ពេល​សង្កត់ អាច​ទទួល​រំញ័រ​ចេញ​មក​វិញ។ គាំទ្រ​មុខងារ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP68 អាច​ច្រមុជ​ទឹក​នៅ​ជម្រៅ ១,៥ ម៉ែត្រ ក្នុង​រយៈ​ពេល ៣០ វិនាទី​បាន​យ៉ាង​ឡូយ។

៤.សំឡេង​និង​មុខងារ Always On:

ផ្តល់​ឲ្យ​ការ​ហៅ​ចេញ​ទទួល​សំឡេង​ច្បាស់​ជាង​មុន ដោយ U12 Plus មាន​រន្ធ Microphones ដល់​ទៅ ៤ បន្សំ​មុខងារ Always On ដែល​រាល់​ពេល​អ្នក​ប្រើ​លើក​កាន់​ទូរសព្ទ ម៉ាស៊ីន​នឹង​បើក​ដំណើរការ​ដោយ​ខ្លួន​ឯង។

គាំទ្រ​បន្ថែម​នូវ​មុខងារ​ឆ្លាតវៃ Google Assistant និង Amazon Alexa មក​ពី​នាយ ងាយ​ស្រួល​ដើរ​តួ​ជា​ជំនួយ​ការ​ឆ្លាតវៃ​បាន​ច្រើន​ជម្រើស។ U12 Plus ក៏​មាន​ឧបករណ៍​បំពង​សំឡេង (Speaker) ដល់​ទៅ ២ គ្រាប់​មួយ​នៅ​ផ្នែក​ខាង​ក្រោម​និង​ខាង​លើ​នៃ​ឧបករណ៍ ជា​ជំនួយ​ការ​ដល់​កាស HTC Usonic ដែល​មាន​មុខងារ​ទប់​សំឡេង​រំខាន​ពី​ខាង​ក្រៅ ដោយ​កាស​ថ្មី​នេះ​ប្រើ​រន្ធ​ដោត USB Type-C បែប​នេះ​ទូរសព្ទ​ពុំ​បាន​រចនា​រន្ធ​ដោត​ទំហំ ៣,៥ ម.ម មក​ជាមួយ​ឡើយ។

៥.កម្លាំង​ម៉ាស៊ីន​ខ្ពស់​ផុត​លេខ:

ទាំង​ដែល​ស្ថិត​ក្នុង​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ​ឡើង​ទៅ U12 Plus របស់​ក្រុមហ៊ុន​តៃវ៉ាន់​ឆ្នាំ​នេះ បាន​វិវត្ត​កម្លាំង​ម៉ាស៊ីន​ឡើង​ដល់​ជំនាន់​ខ្ពស់​មិន​ចាញ់​គូ​ប្រជែង​ដទៃ។ បំពាក់​ឈីប Qualcomm Snapdragon 845 មក​ជាមួយ RAM 6GB អម​អង្គ​ផ្ទុក​ទំហំ 64GB/128GB ដំណើរការ​លើ Android 8.0 Oreo មាន​កម្រិត​បង្ហាញ​អេក្រង់ ២ ៨៨០ x ១ ៤៤០ ភីកសែល មាន​ដង់ស៊ីតេ​អេក្រង់ ៥៣៧ppi និង​ថាមពល​ថ្ម​ធំ ៣ ៥០០mAh។ ក្នុង​ប្រអប់​មាន​ដុំ​សាក​ថ្ម​រហ័ស Quick Charge 3 ឥត​គិត​ថ្លៃ ប៉ុន្តែ​អ្នក​ក៏​អាច​បន្ថែម​ល្បឿន​នេះ​បាន តាម​រយៈ​ការ​ទិញ​ពី​ខាង​ក្រៅ​នូវ​ដុំ​សាក​ជំនាន់​ថ្មី Quick Charge 4។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ កៅ រក្សា